ចាប់​មនុស្ស​មិន​ទាន់ ទៅ​ទាន់សត្វ​​អណ្តើក​៦​កា​រ៉ុ​ង​

ខេត្តកំពង់ឆ្នាំង ៖ ទំនិញគេចពន្ធ​មួយ​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ រួម​ជាមួយ​អណ្តើ​ក​តំកល់​៦​កា​រ៉ុ​ង​តូច​ ត្រូវ​ជន​មិន​ស្គាល់មុខ​​ទម្លាក់​ចោល ស្ថិត​ចុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​សាខា​គយ​ខេត្ត​កំពង់​ឆាំ្ន​ងប្រដេញ​ស្ទាក់​ចាប់ កាលពី​វេ​ល​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា ២០១៦ នេះ ។

លោក ជុន ថា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្ត​ឱ្យ​ដឹង មន្ត្រី​សាខា​គយ​ខេត្ត បាន​ទូរ​សព្ទ័​សុំ​កិច្ចសហការ​ជាមួយ​នគរបាល ព្រោះ​មាន​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0715 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ស្នាក់​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ​នៅ​ចំណុច​ភូមិ​ទួល​ក្រាំង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ឱ្យ​ត្រួតពិនិត្យ​ឡើយ ។

ពេល​នោះ​កម្លាំង​នគរបាល​បាន​សហ​គា្នធ្វើការ​ដេញ​តាម តែ​មិន​ទាន់​បាត់ដាន ពេល​ចូល​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ លុះ​នៅ​ម៉ោង​១១​ព្រឹក ទើប​ឃើញ​ទំនិញ​ខាងលើ ត្រូវ​​យក​ទម្លាក់​ចោល​នៅ​ចុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ទើប​សមត្ថកិច្ច​យក​រថយន្ត​ទៅ​ដឹក​ទំនិញ​​មក​កាន់​ស្នាក់​ការ​គយ​នៅ​ទួល​ក្រាំង មាន​​សត្វ​អណ្តើក​តំកល់​៦​កា​រ៉ុ​ង​តូច ​ទម្ងន់​ជិត​១០០​គីឡូ (​អណ្តើក​១​ក្បាល ទម្ងន់​ជាង​៦​គីឡូ​ឡើង​ទៅ​) ត្រូវ​​ដឹក​យក​ទៅ​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដើម្បី​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ។

តាម​ការ​រៀបរាប់​របស់​ព្រូ​រថយន្ត​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​អឿ​ន សំណាង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង​ឱ្យ​ដឹង​ថា ទំនិញគេច​ពន្ធ​ទាំងនេះ បាន​ដឹក​ចេញពី​ប៉ោយ​ប៉ែ​ត្រ យក​ទៅ​រាជធានី​ភ្នំពេញ ។ ចំណែក​រូបគេ ទើបតែ​ចូល​ធ្វើ​ព្រូ​រថយន្ត​ខាងលើ​បាន​៧​ថ្ងៃ​ប៉ុណ្ណោះ ។