សម្តេច​តេជោ​ថា​ នឹង​សាងសង់​ផ្សារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ឆាប់​បំផុត

សម្តេច​តេជោ​ថា​ នឹង​សាងសង់​ផ្សារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ឆាប់​បំផុត



ស្ទឹងត្រែង ​៖ ​នៅ​ក្នុង​សារ​លិខិត​​​នៅ​លើ​ផេក​ សម្ដេច​តេជោ​បាន​​​ចូលរួម​ចែករំលែក​នូវ​ការ​លំបាក​ដល់​បងប្អូន​ដែល​ជួបប្រទះ​រងគ្រោះ​ ដោយសារ​ភ្លើង​ឆេះ​ផ្សារ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាទី​ស្រឡាញ់។ សម្ដេច​តេជោ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ធ្វើការ​រៀបចំ​សម្រួល​ការងារ​សម្រាប់​បងប្អូន​ក្នុង​ដំណាក់កាល​ដំបូង។

ក្នុង​សារ​លិខិត​បន្ត​ថា ​នៅ​ម៉ោង​៥​ក្បែរ​ភ្លឺ​ សម្ដេច​តេជោ​បាន​បញ្ជា​ឲ្យ​នាយ​ឧត្ដមសេនីយ៍​ខ្វាន់ ស៊ាម​ អគ្គបញ្ជាការ​រង​កងទ័ព ​និង​ជា​មេបញ្ជាការ​កង​វិស្វកម្ម​បញ្ជូន​កម្លាំង​ចុះ​សិក្សា​សម្រាប់​សាងសង់​ឡើងវិញ។ សម្ដេច​តេជោ​បាន​ធានា​ចំពោះ​បងប្អូន​ថា សម្ដេច​ នឹង​ចលនា​គ្នា​ដើម្បី​កសាង​ផ្សារ​នេះ​ឡើងវិញ​ជូន​បងប្អូន ​ដោយ​កង​វិស្វកម្ម​កងទ័ព​នៅ​ពេល​ឆាប់​បំផុត។

ក្រោម​ការ​បញ្ជា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​មេសា​នេះ លោក​ម៉ុម សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង បាន​បើក​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរ​ និង​អាជីវករ ដើម្បី​រក​ដំណោះស្រាយ​រៀបចំ​កន្លែង​លក់ដូរ​ដំណាក់កាល​ដំបូង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ លោក​សូម​ចែករំលែក​នូវ​ការ​លំបាក​របស់​បងប្អូន​អាជីវករ​ ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ។ លោក​នឹង​រៀបចំ​កន្លែង​លក់ដូរ ជូន​បងប្អូន​អាជីវករ​ទៅ​តាម​សំណើ។ លោក​​នឹង​រៀបចំ​គណៈកម្មការ និង​ឲ្យ​បង​ប្អូន​ជ្រើសរើស​តំណាង​អាជីវករ​៣​រូប ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​កន្លែង​លក់ដូរ ដំណាក់កាល​ដំបូង និង​សំណូមពរ​ក្នុង​ការ​រៀបចំ​សាងសង់​ផ្សារ​ថ្មី ទៅ​តាម​ចំនួន​តូប ​ដែល​មាន​ចំនួន​១.២២០​តូប ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ក្នុង​ការរៀបចំ​កន្លែង​លក់ដូរ​ថ្មី​នេះ សូម​បងប្អូន​អាជីវករ​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើរ ហើយ​នៅ​ក្នុង​ដំណាក់កាល ​ដែល​អាជីវករ​ជួប​កា​លំបាក​នេះ លោក​មិន​ឲ្យ​មានការ​បង់ពន្ធ យក​ភាស៊ី​ពី​បងប្អូន​ឡើយ បើ​សិន​ជា​មាន​អ្នក​ទារ ត្រូវ​រាយការណ៍​ជូន​លោក។ ដោយឡែក​អ្នក​ ដែល​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ក្នុង​ផ្សារ​ខេត្ត​ស្ទឹងត្រែង​លោក​នឹង​ស្នើ​ដល់​ធនាគារ​ក្នុង​ខេត្ត ពន្យារ​ការ​បង់​ប្រាក់ បញ្ចុះ​ការប្រាក់ និង​អ្នក​ដែល​ត្រូវ​ខ្ចី​ប្រាក់ បង់​ការ​ក្នុង​កម្រិត​ទាប។ លោក​បន្ត​ថា​ក្រោយ​ពី​សាងសង់​តូប​រួចរាល់​គ្រប់​ចំនួន​១.២២០​តូប អ្នក​ដែល​មាន​តូប​មួយ​ មាន​តូប​២​តូប​៣​ និង​ប្រគល់​ជូន​បងប្អូន​អាជីវករ​វិញ​គ្រប់​ចំនួន។

លោក​សុខ គា​តំណាង​អាជីវករ​បាន​លើក​ឡើង​ថា ​ពួកគាត់​សូមឲ្យ​អាជ្ញាធរ​រៀបចំ​កន្លែង​លក់ដូរ​នៅ​ជិត​ផ្សារ ហើយ​បើ​ឲ្យ​ពួកគាត់​ចាកចេញ​ឆ្ងាយ​នោះ គាត់​មិន​ទៅ​ទេ ព្រោះ​ផ្សារ​នេះ​ពួកគាត់​បាន​រកស៊ី​២០​ឆ្នាំ​៣០​ឆ្នាំ​ហើយ ហើយ​ពួកគាត់​បាន​សំណូមពរ​សុំ​លក់​នៅ​សួនច្បារ​ខាងមុខ​ផ្សារ​ធំ និង​នៅ​កន្លែង​បេឡា​មាត់ទន្លេ ទម្រាំ​ផ្សារ​សាងសង់​រួចរាល់។ ក្រៅពីនោះ​តំណាង​អាជីវករ​បាន សុំ​ស្នើ​សាងសង់​តូប​ទៅតាម​តូប​ចាស់​របស់​ពួកគាត់។

តំណាង​អាជីវករ​បាន​បន្ត​ថា ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ ពួកគាត់​បាន​ទិញ​ឥវ៉ាន់​សម្រាប់​លក់​ថ្ងៃ​ចូលឆ្នាំ​ ហើយ​ត្រូវ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​អគ្គិភ័យ​បាន​លេប​ត្របាក់​ស្ទើរ​អស់ពី​ខ្លួន និង​អ្នកខ្លះ​ត្រូវ​ជំពាក់​ធនាគារ​ថែមទៀត។ ក្នុង​ករណី​ឆេះ​ផ្សារ​នេះ ក្រុម​អាជីវករ​បាន​និយាយ​ថា ​ហាក់​បី​ដូច​មិន​ប្រក្រតី ​ដោយសារ​ចរន្ត​ភ្លើង​ក្នុង​ផ្សារ​នៅ​ពេល​យប់​បាន​បិទ​អស់​ហើយ សូម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​ទៅលើ​អ្នក​វិនិយោគ​ផ្សារ​ និង​ក្រុម​សន្តិសុខ ​ដែល​យាម​ផ្សារ​នេះ​ បណ្ដាល​ឲ្យ​ឆេះ​បាត់បង់​ទ្រព្យសម្បត្តិ ពួកគាត់​អស់​ជាច្រើន​ម៉ឺន​ដុល្លារ​ពួកគាត់​មាន​គម្រោង​និង​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ ក្នុង​ករណី​ខាង​លើ​នេះ។

ក្រុម​អាជីវករ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ បាន​ឃើញ​នៅ​សារ​លិខិត​ក្នុង​ផេក​សម្ដេច​តេជោ​ថា ​នឹង​សាងសង់​ផ្សារ​ថ្មី​ឡើងវិញ នៅ​ក្នុង​ពេល​ឆាប់​បំផុត, ពួកគាត់​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង និង​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ ដែល​បាន​គិតគូរ​ដល់​ពួកគាត់​ និង​សូម​គាំទ្រ​សម្ដេច​ធ្វើ​ការ​ដឹកនាំ​នាវា​កម្ពុជា ​ជា​រៀង​រហូត៕
សម្តេច​តេជោ​ថា​ នឹង​សាងសង់​ផ្សារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ឆាប់​បំផុត