ប្រជាពលរដ្ឋ ​ប្រគល់​ទូក​បុរាណ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​ នៅ​កសិណ​អង្គរវត្ត​

ប្រជាពលរដ្ឋ ​ប្រគល់​ទូក​បុរាណ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​ នៅ​កសិណ​អង្គរវត្ត​



សៀមរាប​ ៖ ​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ទូក​បុរាណ ​ដែល​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់​ប្រទះ​ឃើញ​កប់​នៅក្នុង​ដី​ជម្រៅ​ជាង​៧​ម៉ែត្រ នៅ​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុង​អង្គរធំ ហើយ​បច្ចុ​ប្ប​ន្ន​នេះ ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា ​ទទួល​យក​មក​រក្សាទុក​ក្នុង​កសិណ​អង្គរវត្ត​ហើយ នា​រសៀល​ថ្ងៃទី​០៨​ ខែមេសា ឆ្នាំ២០១៦​​។​

ទូក​បុរាណ​នេះ​ មាន​ប្រវែង​១២,៨៣​ម៉ែត្រ ជា​ប្រភេទ​ទូក​ឃ្លោង ​ត្រូវ​បាន​គេ​សន្និដ្ឋាន​បឋម​ថា ​ធ្វើ​ពី​ដើម​គគីរ​ និង​ជា​ប្រភេទ​ទូក​ ដែល​ធ្វើ​ពី​ដើមឈើ​តែមួយ​ដើម​គត់​។ អ្នកជំនាញ​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា វា​ត្រូវ​បាន​គេ​ធ្វើឡើង​ក្នុង​សម័យ​កាលណា​មាន​អាយុ​ប៉ុន្មាន​នៅឡើយ ​គេ​គ្រាន់តែ​ដឹង​ថា ​ទូក​ប្រភេទ​នេះ​ជា​ទូក​កម្រ​ ដែល​អ្នកស្រាវជ្រាវ​មិន​ងាយ​បាន​ប្រទះឃើញ​។

លោក​សាស្ត្រាចារ្យ​Azedine BESCH

AOUCH​ លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​ ដែល​បាន​ទៅ​ពិនិត្យមើល​ទូក​នៅ​ទីតាំង​រក​ឃើញ​ផ្ទាល់​បាន​បញ្ជាក់​ថា ​យោង​តាម​កំណក​ដី​ ដែល​កប់​ពីលើ​ទូក​មាន​ជម្រៅ​បែបនេះ វា​បញ្ជាក់​ប្រាប់​ថា ​ទូក​នេះ​មាន​អាយុកាល​យូរ​មក​ហើយ​។​ ទូក​នេះ​ ជា​ប្រភេទ​ទូក​ ដែល​គេ​លែង​ប្រទះ​ឃើញ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​ដែរ​។ នេះ​ពិតជា​សំណាង​ណាស់​ ដែល​យើង​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ ​ដែល​ជា​បេតិកភណ្ឌ​ដ៏​មានតម្លៃ​បែបនេះ​។ លោក​សាស្ត្រាចារ្យ​បន្ថែម​ថា​ លោក​នឹង​យក​បំណែក​តូច​នៃ​ទូក​នេះ​ទៅ​ធ្វើ​ការវិភាគ​តាម​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ ដើម្បី​កំណត់​កាលបរិច្ឆេទ​ជា​ក់​លាក់​នៃ​ទូក​នេះ​។​

លោក​ ហង់ ពៅ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ ​ដែល​ថា​ គេ​បាន​ប្រទះឃើញ​ទូក​បុរាណ​នៅក្នុង​ការដ្ឋាន​បូម​ខ្សាច់​មក ​លោក​បាន​បញ្ជូន​ក្រុមការងារ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ភូមិ​-ឃុំ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​តាំងពី​ថ្ងៃទី​១៧​ ខែមីនា ឆ្នាំ២០១៦​មក​ម្ល៉េះ​ តែ​រក​មិនឃើញ​ដោយសារ​ម្ចាស់​ការដ្ឋាន​មិន​ព្រម​សហការ​ជាមួយ​។​ប៉ុន្តែ​ដោយ​ក្រុមការងារ​នៅតែ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ភូមិ-​ឃុំ ​និង​ព្យាយាម​ពន្យល់​ម្ចាស់​ការដ្ឋាន​ឲ្យ​បាន​យល់​អំពី​តម្លៃ​នៃ​បេតិកភណ្ឌ និង​ច្បាប់​នៃ​ការគ្រប់គ្រង​នេះ​ជាច្រើនលើក​ច្រើនសា​ទើប​នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែមេសា​នេះ​ គាត់​ព្រម​សហការ​ជាមួយ​ ហើយ​កាយ​យក​ទូក​ ដែល​កប់​ទៅ​ក្នុង​ភក់​នោះ​ឡើង​មក​វិញ​។​

លោក ​គឹម ឆន មេឃុំ​លាងដៃ​បាន​លើក​ឡើង​ថា ​លោក​បាន​ទទួល​ដំណឹង​នៃ​ការ​ឃើញ​ទូក​បុរាណ​នេះ​ជាង​ពីរ​សប្ដាហ៍​មក​ហើយ ​ព្រមទាំង​បាន​បញ្ជូន​ក្រុម​ប្រឹក្សាឃុំ​ទៅតាម​ដាន​ទៀត​ផង​។ តែ​ក្រោយ​មក ម្ចាស់​ការដ្ឋាន​បែរជា​និយាយ​ថា ​មិនបាន​ឃើញ​ទូក​បុរាណ​នោះ​ទៅវិញ​ប្រហែលជា​ដោយសារតែ​គាត់​បារម្ភ​ពី​ការ​បិទ​ការដ្ឋាន​បូម​ខ្សាច់​របស់​គាត់​ទើប​គាត់​ព្យាយាម​លាក់​ពី​ពួក​យើង​។ ​ប៉ុន្តែ​ដោយ​ក្រុម​ការងារ​ចេះតែ​តាមដាន​ជាប្រចាំ​ និង​ពន្យល់​គាត់​សព្វគ្រប់​ទើប​គាត់​ព្រម​បង្ហាញ​ការពិត​ដល់​ពួក​យើង​។

អ្នកស្រី សំ យិន រស់នៅ​ភូមិ​ប្រដាក ​និង​ជា​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់ ​ដែល​បាន​ប្រទះឃើញ​ទូក​បុរាណ​នេះ​រៀប​រាប់​ថា ​អ្នកស្រី​បាន​ប្រទះឃើញ​ទូក​នេះ​មែន​តាំងតែ​ពី​ជាង​១០​ថ្ងៃមុន ​តែ​អ្នកស្រី​បាន​ឲ្យ​គេ​ពន្លិ​ច​ទៅវិញ​។ អ្នកស្រី​បញ្ជាក់​ថា ​ការដែល​អ្នកស្រី​ចេះតែ​លាក់​នោះ​គឺ​ដោយសារ​អ្នកស្រី​បាន​យល់សប្តិ​ឃើញ​ម្ចាស់​ទូក​គេ​មក​ប្រាប់​ថា ​ត្រូវ​រៀបចំ​ទូក​ជា​តំណាង​ឲ្យ​គេ​ ព្រមទាំង​រៀបចំ​បាយសី​លេងភ្លេង​ជូន​គេ​ទើប​អាច​យក​ទូក​ចេញ​បាន​។​ ឥឡូវនេះ​ អ្នកស្រី​បាន​រៀបចំ​ទូក​តំណាង ​ដែល​ធ្វើ​ពី​ដើម​ខ្លែង​គង់​ប្រវែង​២​ចំអាម​កន្លះ ​និង​រៀបចំ​បាយសី​១២​ថ្នាក់​ បាន​រួចរាល់ ​ហើយ​ទើប​អ្នកស្រី​សម្រេច​ប្រាប់​ដល់​អាជ្ញាធរ​នៅ​ពេល​នេះ​។​

សូម​បញ្ជាក់​ថា ​ក្នុង​ពិធី​ទទួល​ទូក​បុរាណ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ម្ចាស់​ការ​ដ្ឋា​ន​ក្នុង​ការ​រៀបចំ​បាយសី ​និង​ធ្វើ​ពិធី​ដំឡើង​នៅ​ថ្ងៃទី​១៣ ​ខែមេសា​ខាងមុខ​ ព្រមទាំង​ឧបត្ថម្ភ​ដល់​កម្ម​ករ​ទាំង​២៥​នាក់ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ផ្តល់​កិច្ចសហការ​ជ្រោមជ្រែង​នាំ​យក​ទូក​មក​រក្សាទុក​នៅ​កសិណ​អង្គរវត្ត​ ដែល​នេះ​ជា​គំរូ​ល្អ​មួយ​ក្នុង​កិច្ចសហការ​ល្អ​លើ​ការងារ​អភិរក្ស​បេតិកភណ្ឌ​ដូនតា​ខ្មែរ​៕

ប្រជាពលរដ្ឋ ​ប្រគល់​ទូក​បុរាណ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​ នៅ​កសិណ​អង្គរវត្ត​

ប្រជាពលរដ្ឋ ​ប្រគល់​ទូក​បុរាណ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​ នៅ​កសិណ​អង្គរវត្ត​

ប្រជាពលរដ្ឋ ​ប្រគល់​ទូក​បុរាណ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​ នៅ​កសិណ​អង្គរវត្ត​