គណបក្ស​យុវជន​ខ្មែរ​ធ្វើ​សមាជ​ជា​លើកដំបូង​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១ ​ខែមេសា​ខាងមុខ​

គណបក្ស​យុវជន​ខ្មែរ​ធ្វើ​សមាជ​ជា​លើកដំបូង​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១ ​ខែមេសា​ខាងមុខ​



ភ្នំពេញ ៖ គណបក្ស​យុវជន​ខ្មែរ ដែល​មាន​លោក ពេជ្រ ស្រស់ ជា​ប្រធាន គ្រោង​នឹង​ធ្វើ​សមាជ​ជា​លើកដំបូង​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែមេសា ឆ្នាំ​២០១៦ ខាងមុខ ដើម្បី​អនុម័ត​នូវ​របៀបវារៈ​មួយ​ចំនួន ហើយ​ក្នុង​នោះ ក៏​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន និង​អនុម័ត​លក្ខន្តិកៈ​របស់​គណបក្ស​បង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នោះ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​ខ្មែរ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែមេសា ឆ្នាំ​២០១៦ ថា សមាជ​របស់​លោក​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែមេសា ឆ្នាំ​២០១៦ ខាងមុខ នៅ​ក្បែរ​ស្ពាន​ជើង​ឡង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ លោក​បញ្ជាក់ថា មូល​ហេតុដែល​គណបក្ស​យុវជន​ខ្មែរ​ទៅ​រៀបចំ​សមាជ​នៅ​ទីនោះ ដោយសារ​តែ​គោលដៅ​របស់​គណបក្ស គឺ​ធ្វើ​នៅ​ខេត្ត​ត្បូងឃ្មុំ ដូច្នេះ​ទើប​រៀបចំ​នៅ​ទីនោះ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់ៗ​និយាយ​តៗ​គ្នា​ឲ្យ​ស្គាល់​គណបក្ស​យុវជន​ខ្មែរ ហើយ​បញ្ហា​មួយទៀត គឺ​ដើម្បី​ការ​ចំណាយ​តិច​។

លោក ពេជ្រ ស្រស់ បញ្ជាក់​ទៀត​ថា “​សមាជ​នេះ​ទី​១ គឺ​យើង​ជ្រើសរើស​ប្រធាន អនុប្រធាន អគ្គលេខាធិការ ហើយ​ទី​២ ដើម្បី​ផ្តល់​សារ​នយោបាយ​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​បានជា​ក់លាក់ បន្ថែម​ទៀត​លើ​បញ្ហា​វិស័យ​កសិកម្ម ដូចជា​ប្រជាពលរដ្ឋ​ខ្លះ​មិនសូវ​យល់ ហើយ​ដូចជា​ថា នៅពេល​គណបក្ស​យុវជន​ខ្មែរ​ជាប់ឆ្នោត ឬ​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា យើង​នឹង​ផ្តល់នូវ​តំលៃ​ទីផ្សារ​កសិកម្ម ឬ​ទាមទារ​តម្លៃ​កសិកម្ម​ឲ្យ​ខ្ពស់​ជាង​ទីផ្សារ​បច្ចុប្បន្ន ដែល​អាច​និយាយ​បានថា គុន​និង​២ ឬ​បូក​១​កន្លះ​ជាដើម ដើម្បី​ឲ្យ​គាត់​ទប់ទល់​ការ​ចំណាយ​របស់​គាត់ ហើយ​មួយទៀត​យើង​នឹង​ឈានទៅរក​ការផ្តល់​តំលៃ​មុន​ការដាំ​កសិកម្ម​ទាំងអស់​។ បាន​ន័យថា មុននឹង​ការធ្វើ​ស្រូវ ឬ​ដាំពោត សណ្តែក គឺ​យើង​ប្រកាស​តម្លៃ​មុន ដូច្នេះ​គាត់​អាច​គិត​ថា តើ​គួរ​ធ្វើ​កសិកម្ម​ណាមួយ ដែល​ផ្តល់​ផលចំណេញ​ដល់​គាត់​”​។
សូម​បញ្ជាក់​ថា គណបក្ស​យុវជន​កម្ពុជា​ត្រូវបាន​ប្រកាស​បើក​កាលពី​ព្រឹក​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដែល​មាន​ស្ថាបនិក​ឈ្មោះ លោក ពេជ្រ ស្រស់ ធ្លាប់ជា​អ្នកនយោបាយ និង​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

គោលនយោបាយ​របស់​គ​ណ​បក្ស​យុវជន​កម្ពុ​ជា​មាន​៥ ចំណុច គឺ ទី​១, ព្រឹង​ការអប់រំ និង​សុខាភិបាល​ឲ្យ​មាន​ប្រសើរ​ឡើង​។ លោក​មិនបាន​ចោទ​គណបក្ស​ណា ឬ​អ្នកនយោបាយ​ណាមួយ​ថា មិន​បានធ្វើ​កិច្ចការ​ខាង​លើនេះ​ទេ តែ​មានតែ​គោលនយោបាយ ប៉ុន្តែ​មិនទាន់​មាន​ឆន្ទៈ​ធ្វើ​ការងារ​នេះ​ឲ្យ​ប្រសើរ​ឡើង​នោះទេ​។

ទី​២, លើក​កម្ពស់​យុវជន​គ្រប់​កិច្ចការ​ក្នុង​សង្គមជាតិ និង​ធានា​ឲ្យ​មាន​យុវជន​មានការ​ងារ​ធ្វើ មាន​ប្រាក់ខែ​សមរម្យ​តាម​សមត្ថភាព ហើយ​ចំពោះ​យុវជន​ក្រីក្រ បើ​ចង់​សិក្សា​បន្ត​នឹងត្រូវ​ផ្តល់ប្រាក់​កម្ចី​ដោយ​មិន​យកការប្រាក់​។ លោក​បញ្ជាក់ថា ចំណុច​នេះ គណបក្ស​ណា បុគ្គល​ណា ក៏​អាចនិយាយ​បាន​ដែរ ប៉ុន្តែ​អាស្រ័យ​លើ​ឆន្ទៈ និង​សកម្មភាព​ជំរុញ​ឲ្យ​ដល់​គោលដៅ។

ទី​៣, ស្វែ​រក​ទីផ្សា និង​កំណត់​តម្លៃ​ទីផ្សារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​លក់ដូរ ហើយ​នេះ​មិនមែនជា​គោលការណ៍​ចំឡែក​ទេ គណបក្ស​ណា​ក៏​កំណត់​បានដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​មាន​ស្ថាប័ន​ណាមួយ​អាច​កំណត់​តម្លៃ​ទីផ្សារ​បានទេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​លក់​ផលិតផល​បាន​ដោយ​ស្រួល​។ លោក​បញ្ជាក់​ថា មក​ដល់​ពេលនេះ មិន​ទាន់មាន​ជំហាន​ណាមួយ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធាត់​តាមរយៈ​ការ​លក់​ផលិតផល​របស់​ខ្លួន​នោះ​ទេ គឺ​មានតែ​ពាក្យ​ត្អូញត្អែ​អំពី​ការ​លក់ដូ​តែប៉ុណ្ណោះ។

ទី​៤, ដោយ​មើល​ឃើញ​ពី​អត្រា​នៃ​យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ​ច្រើន គណបក្ស​យុវជន​កម្ពុជា នឹង​ជំរុញ​លើ​បញ្ហា​នេះ​ជា​អាទិភាព (​ប្រសិនបើ​បាន​ជាប់ឆ្នោត​) ដើម្បី​ឲ្យ​យុវជន​ស្វែងរក​ការងារ​ធ្វើ​។ ក្នុង​នោះ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​២៥ ដល់​៤៥ ឆ្នាំ បើ​គ្មាន​ការងារ​ធ្វើ​រយៈពេល​៣ ខែ នឹង​ផ្តល់​សង្គ្រោះ​បឋម​ចំនួន​១៦ ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ជួយ​ស្វែងរក​ការងារ​ធ្វើ​សមតា​ម​ទីផ្សារ​។ ទី​៥, រៀបចំ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​និយាម​សមរម្យ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។

គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​ស្នើសុំ​បង្កើត​គណបក្ស​នេះ​។ មួយរយៈ​ចុងក្រោយ​នេះ មាន​គណបក្សនយោបាយ​ថ្មីៗ​ចំនួន​១១ ត្រូវបាន​បង្កើត​ឡើងជា​បន្តបន្ទាប់ ដែល​រួមមាន ទី​១, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (​មាន​លោក ម៉ម សុ​ណង់​ដូ ជា​ប្រធាន​) ទី​២, គណបក្ស​អំណាច​ខ្មែរ (​មាន​លោក សួន សេរី​រដ្ឋា ជា​ប្រធាន​) ទី​៣, គណបក្ស​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​មាន​លោក យេ​ង វីរៈ ជា​ប្រធាន​) ទី​៤, គណបក្ស​ខ្មែរ​សាមគ្គី (​មាន​លោកស្រី ឡាក់ សុភាព ជា​ប្រធាន​) ទី​៥, គណបក្ស​យុត្តិធម៌​ជាតិខ្មែរ (​មាន​លោក ហ៊ាង រិទ្ធី ជា​ប្រធាន​) ទី​៦, គណបក្ស​កម្ពុជា​សេរីភាព (​មាន​លោក ជា ចំរើន ជា​ប្រធាន​) ទី​៧, គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា (​មាន​លោក ប្លា​ង សី​ន ជា​ប្រធាន​) ទី​៨, គណបក្ស​យុវជន​កម្ពុជា (​មាន​លោក ពេជ្រ ស្រស់ ជា​ប្រធាន​) ទី​៩, គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​) ទី​១០, គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ (​មាន​លោក ញ៉ែម វណ្ណ​ថន ជា​ប្រធាន​) និង​ទី​១១, គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ (​មាន​លោក អ៊ុក ស៊ុយ ជា​ប្រធាន​)៕