កម្ពុជា​ចាប់​ផ្ដើម​ដំណើរ​ការ​សាកល្បង​រថភ្លើង​ដឹក​អ្នក​ដំណើរ​ឡើង​វិញ

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) លើក​ឡើង​ថា ប្រសិនបើ​អ្នក​ដំណើរ​នៅ​តែ​បន្ត​គាំទ្រ​ការ​ធ្វើ​ដំណើរ​ដោយ​រថភ្លើង​ដូច​ថ្ងៃ​ចាប់​ផ្ដើម​សាកល្បង ពួកគេ​នឹង​ពិចារណា​អោយ​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​នេះ​មាន​ដំណើរការ​ទៀងទាត់​ឡើង​វិញ។

នៅ​ថ្ងៃ​ទី​១ នៃ​ការ​ចាប់​ផ្ដើម​ដំណើរការ​សាកល្បង​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា មាន​អ្នក​ធ្វើ​ដំណើរ​ទាំង​ខ្មែរ និង​បរទេស​ជាង ២០០​នាក់។

​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​៩ ខែ​មេសា រថភ្លើង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ស្ថានីយ​នៅ​ភ្នំពេញ ​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ កំពត និង​ខេត្ត​ព្រះសីហនុ។ រថភ្លើង​បាន​ទៅ​ដល់​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង ៣​រសៀល គឺ​ប្រើ​រយៈពេល ៨​ម៉ោង ក្នុង​ល្បឿន​ពី ៣៥ ទៅ ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ថ្ងៃ​ទី​១ នៃ​ការ​រត់​សាកល្បង មាន​រថភ្លើង​មួយ​ខ្សែ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​បន្ទាប់ នឹង​មាន​រថភ្លើង​ពីរ​ខ្សែ​រត់​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ ដែល​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ម៉ោង ៧​ព្រឹក។

ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ទិត្យ សំអឿន ឲ្យ​ដឹង​ថា រថភ្លើង​រត់​ថ្ងៃ​នេះ​មាន ៥​ទូ ក្នុង​មួយ​ខ្សែ ដែល​អាច​ផ្ទុក​មនុស្ស​ពី ៣០​នាក់ ទៅ ៧០​នាក់។ លោក​ថា ពេល​រថភ្លើង​ទៅ​ដល់​ស្ថានីយ​មួយៗ អ្នក​ដំណើរ​មាន​ចុះ មាន​ឡើង៖ «នៅ​ថ្ងៃ​នេះ​អត់​មាន​បញ្ហា​អី​ទេ ភ្ញៀវ​ដែល​ជិះ​រថភ្លើង​គាត់​បាន​ឃើញ​ទេសភាព​តាម​ដង​ផ្លូវ»

​ដំណើរការ​សាកល្បង​នេះ ធ្វើ​ឡើង​តែ​រយៈពេល ៨​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា។ ថ្លៃ​សំបុត្រ​សម្រាប់​អ្នក​ជិះ​រថភ្លើង​ពី​ភ្នំពេញ ទៅ​តាកែវ មាន​តម្លៃ ៣​ដុល្លារ ភ្នំពេញ-កំពត ៥​ដុល្លារ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មាន​តម្លៃ ៦​ដុល្លារ។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ជា​អ្នក​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​នេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារី (John Guiry) ផ្ដល់​បទសម្ភាសន៍​មក​វិទ្យុ​អាស៊ីសេរី ក្រោយ​រថភ្លើង​ចេញ​ដំណើរ​ថា ប្រសិនបើ​អតិថិជន​នៅ​តែ​បន្ត​គាំទ្រ​ដូច​ពេល​ចាប់​ផ្ដើម​នេះ ក្រុមហ៊ុន​នឹង​ពិចារណា​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​នៅ​ថ្ងៃ​នេះ អ្វីៗ​គឺ​ចាប់​ផ្ដើម​ដូច​ការ​គ្រោង​ទុក​ដែល​យើង​បាន​សម្រេច​ធ្វើ​ឲ្យ​ចេញ​ជា ​រូបរាង​តាំង​ពី ៦​ខែ​មុន ដើម្បី​រួម​ចំណែក​បញ្ចៀស​នូវ​ការ​កក​ស្ទះ​ចរាចរណ៍​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ហើយ​គម្រោង​នេះ​កំពុង​ទទួល​បាន​ការ គាំទ្រ​ពី​ពលរដ្ឋ​ជា​ច្រើន។ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ទទួល​បាន​ការ​គាំទ្រ​ដូច​ពេល​ចាប់​ផ្ដើម​នេះ យើង​អាច​នឹង​ពិចារណា​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ក្រោយ​ទៀត ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា ថ្ងៃ​នេះ​យើង​លក់​សំបុត្រ​អស់»

ក្នុង​រថភ្លើង​មួយ​ដំណើរ​ទូ​​ខ្លះ​មាន​ម៉ាស៊ីន​ត្រជាក់ ទូ​ខ្លះ​មាន​កង្ហារ ក្នុង​មួយ​ទូៗ មាន​កៅអី​ពីរ​ជួរ និង​បំពាក់​ទូរទស្សន៍​ឲ្យ​អ្នក​ដំណើរ​ទស្សនា​កម្សាន្ត។ តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​មក​វិទ្យុ​អាស៊ីសេរី អ្នក​ដំណើរ​ទាំង​នោះ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែក​នេះ។

អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ម្នាក់ កញ្ញា ដា រ៉ានី  និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ដែល​កញ្ញា​ធ្វើ​ដំណើរ​តាម​រថភ្លើង៖ «តាំង​ពី​តូច ​មក​អត់​ដែល​ជិះ​រថភ្លើង ហើយ​អត់​ឃើញ​រថភ្លើង​ អ៊ីចឹង​ខ្ញុំ​ចង់​ជិះ​រថភ្លើង ចង់​ដឹង​ថា រថភ្លើង​ស្រុក​យើង​យ៉ាង​ម៉េច​វិញ»

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក លី បូរិន ឲ្យ​ដឹង​ថា រថភ្លើង​ដឹក​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ផ្អាក​កាល​ពី​ឆ្នាំ​២០០៩ ព្រោះ​ស្ថានភាព​ផ្លូវ​ដែក​មាន​សភាព​ទ្រុឌទ្រោម។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​នៅ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ ប៉ុន្តែ​សល់​ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ (ប៉ោយប៉ែត) មិន​ទាន់​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ៖ «ប៉ុន្តែ​នៅ​បញ្ហា​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ប៉ះពាល់ ហើយ​ដោះស្រាយ​បណ្ដើរ​ធ្វើ​បណ្ដើរ»

​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​នេះ​ដែរ បង្ក​ឲ្យ​មាន​ប៉ះពាល់​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​រាប់​រយ​គ្រួសារ រហូត​ធ្វើ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដក​ខ្លួន​ចេញ​ពី​គម្រោង​នេះ។

ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង ត្រូវ​គេ​រំពឹង​ថា ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារី ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​គាំទ្រ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។