សម្ដេច​ក្រុមព្រះ​ព្រមាន​ក្រុម​លោក ញឹក ប៊ុនឆៃ រឿង​ឆាឆៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​អាច​ឲ្យ​សមាជិក​បក្ស​របស់​ព្រះអង្គ តតាំង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផង​ដែរ ចំពោះ​លោក ញឹក ប៊ុនឆៃ ដែល​ព្រះអង្គ​អះអាង​ថា បាន​ឆាឆៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ចំណែក​លោក ញឹក ប៊ុនឆៃ ឆ្លើយ​តប​ថា លោក​មិន​ដែល​ទៅ​ឆាឆៅ​សម្ដេច​ក្រុមព្រះ​​នោះ​ទេ ហើយ​ករណី​ដកហូត​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ គឺ​ជា​រឿង​បុគ្គល។

ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បាន​ថ្លែង​សារ​នយោបាយ​ជា​ច្រើន​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ព្រះអង្គ​ជាង ១.៦០០​នាក់ នៅ​ទីស្នាក់ការ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា។ ព្រះអង្គ​ឆ្លៀត​បញ្ចេញ​សារ​ព្រមាន​លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​ជា​ដៃគូ​នយោបាយ​ចាស់​វស្សា​ក្នុង​បក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ចែក​ផ្លូវ​គ្នា​កាល​ពី​ដើម​ឆ្នាំ​២០១៦ ទាក់ទង​នឹង​ការ​ឈ្នានីស​ព្រះអង្គ។

សម្ដេច​ក្រុមព្រះ​ថ្លែង​ថា កន្លង​ទៅ​ព្រះអង្គ​មិន​ដែល​ធ្វើ​បាប ឬ​បណ្ដេញ​អ្នក​នយោបាយ​ណា​ម្នាក់​ចេញ​ពី​បក្ស​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្រុម​លោក ញឹក ប៊ុនឆៃ ដែល​ទើប​បង្កើត​បក្ស​ថ្មី បាន​ធ្វើ​បាប​ព្រះអង្គ និង​អ្នក​រាជា​និយម​ជា​ច្រើន​ទៀត​ដែល​ដង្ហែ​តាម​ព្រះអង្គ។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា ចាប់​ពី​ពេល​នេះ​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​តបត​ចំពោះ​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស និង​សកម្មភាព​ដទៃ​ទៀត៖ «អត់​រវល់​ទេ ចាប់​ពី​ថ្ងៃ​នេះ​ទៅ! អ្ហែង​ដុត​អញ​ដុត​វិញ! អ៊ីចឹង​បាន​អ្នកម្នាង​ចេះ​តែ​អន់​ចិត្ត​ថា ដោយសារ​សម្ដេច​តា ត្រូវ​ជា​ឪពុក​ឲ្យ​ឈ្មោះ​សម្ដេច​ក្រុមព្រះ បាន​ជា​ស្លូត​ដូច​ព្រះ​អ៊ីចឹង។ ឥឡូវ​អ្នកម្នាង​អត់​មាន​ងារ​មាន​អី​នឹង​គេ​ទេ បាន​តែ​ប្រាប់​ឲ្យ​ហើយ អ្ហែង​ដុត អញ​ដុត​វិញ! បើ​ខ្មែរ​នៅ​នេះ​អត់​ហ៊ាន​ទៅ​យក​អា​ខ្មែរ​យួន​នៅ​ទន្លេសាប​ច្រើន​ណាស់ ផ្ដាំ​គ្នា​ឲ្យ​ហើយ​ថ្ងៃ​នេះ»

ឆ្លើយ​តប​នឹង​សារ​ព្រមាន​នេះ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ទើប​បង្កើត​ថ្មី គឺ​លោក ញឹក ប៊ុនឆៃ ថា​លោក​សព្វថ្ងៃ​ខិតខំ​ធ្វើ​ការងារ​ក្នុង​គណបក្ស​ទើប​បង្កើត​ថ្មី ហើយ​លោក​មិន​ដែល​ទៅ​ធ្វើ​ទុក្ខបុកម្នេញ​អ្វី​លើ​សម្ដេច​ក្រុមព្រះ​នោះ​ទេ។ ចំពោះ​ការ​ចោទ​ថា មាន​ករណី​បំផ្លាញ ឬ​ដក​ហូត​ស្លាក​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិន នោះ លោក​ប្រាប់​ថា វា​ជា​រឿង​បុគ្គល​ដែល​ចេញ​លុយ​ធ្វើ​ស្លាក៖ «ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​រឿង​គណបក្ស​ទេ វា​ជា​រឿង​បុគ្គល​ដែល​គេ​ចេញ​លុយ​ធ្វើ​ស្លាក​ដាក់​មុខ​ផ្ទះ​របស់​គេ។ អ៊ីចឹង​ហើយ​ម្ចាស់​លុយ​ម្ចាស់​អី​គេ​ហ្នឹង​គេ​មាន​សិទ្ធិ ព្រោះ​មិន​មែន​ជា​លុយ​របស់​សម្ដេច​ក្រុមព្រះ​ដែល​យក​ទៅ​ឲ្យ​លើក​ស្លាក​ទេ»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ប្ដឹងផ្ដល់​ហែកហួរ​គ្នា​រវាង​លោក ញឹក ប៊ុនឆៃ និង​សម្ដេច​ក្រុម​ព្រះ មិន​បាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។ លោក​ថា ការ​បញ្ចេញ​សារ​ព្រមាន ឬ​ប្ដឹង​ផ្ដល់​គ្នា​គ្មាន​ចំណេញ​អ្វី​ក្រៅ​ពី​ឲ្យ​អ្នក​នយោបាយ​ដទៃ និង​សាធារណៈ​មើល​ងាយ ហើយ​បរិហារកេរ្តិ៍​ចំពោះ​បុគ្គល​ដែល​បាន​ប្ដឹង​គ្នា​នេះ​ទៅ​វិញ​ទេ៖ «តើ ​ថ្ងៃ​ណា​ទៅ​ដែល​អ្នក​នយោបាយ​ខ្មែរ​បញ្ឈប់​នូវ​ការ​ហែកហួរ​គ្នា ហើយ​យក​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ មក​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អ៊ីចឹង​ទេ អ្វី​ដែល​គួរ​អត់​ឱន​ឲ្យ​គ្នា និង​អ្វី​ដែល​គួរ​ដោះ​ស្រាយ​នោះ គួរ​តែ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ ហើយ​វិល​មក​រួបរួម​គ្នា ដោយ​ធ្វើ​នយោបាយ​យ៉ាង​ណា ដើម្បី​ជាតិ និង​មាតុភូមិ​របស់​យើង»

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ដែល​ជា​អ្នក​នយោបាយ​មាន​និន្នាការ​រាជា​និយម បាន​ដាក់​ពាក្យ​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដណ្ដើម​គ្រប់គ្រង​កេរ​មតក​គ្នា​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ ដូចជា​ទីស្នាក់ការ​នៅ​តាម​ខេត្ត និង​ស្លាក​គណបក្ស​ជាដើម បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បែកបាក់​គ្នា​ជា​ថ្មី​ម្ដង​ទៀត​កាល​ដើម​ឆ្នាំ​២០១៦។

ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក អ៊ុក ខុត ឲ្យ​ដឹង​ថា ស្លាក​សញ្ញា​គណបក្ស​ចំនួន ១៤ ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក ញឹក ប៊ុនឆៃ ដក​ហូត​យក​ទៅ​ធ្វើ​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​លុប​ឈ្មោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចោល ដាក់​ជំនួស​មក​វិញ​នូវ​ឈ្មោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ លោក​ថា ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ១៤៦ នៅ​ទូទាំង​ខេត្ត​ប្រឈម​នឹង​ការ​បាត់បង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។