រដ្ឋាភិបាល​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សាងសង់​ផ្សារ​ស្ទឹងត្រែង​ឡើង​វិញ

អភិបាល​ខែត្រ​ស្ទឹងត្រែង ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សាងសង់​ផ្សារ​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់​អាជីវករ។ ការ​លើក​ឡើង​នេះ​ក្នុង​ជំនួប​ចំពោះ​មុខ​ជាមួយ​ក្រុម​អាជីវករ​ជាង ១​ពាន់​នាក់​ដែល​រងគ្រោះ​អគ្គីភ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា នៅ​បរិវេណ​វត្ត​លើ​ក្រុង​ស្ទឹងត្រែង។ ទន្ទឹម​នឹង​នេះ អភិបាល​ខែត្រ​ស្ទឹងត្រែង សន្យា​ថា នឹង​យក​ចិត្ត​ទុក​ដាក់​សម្រាល​ទុក​លំបាក​ដល់​អាជីវករ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នេះ។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ប្ដេជ្ញា​ថា នឹង​រក​មធ្យោបាយ​សម្រួល​ការ​លំបាក​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​អគ្គិភ័យ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខែត្រ​បាន​រៀបចំ​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​រក​មូលហេតុ​ករណី​នោះ និង​អន្តរាគមន៍​ទៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ឲ្យ​បន្ធូរបន្ថយ​ការ​ប្រាក់​ពន្យារ​ពេល​បង្វិល​ប្រាក់​សង និង​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ក្នុង​អត្រា​ការ​ប្រាក់​ទាប។

​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ថ្លែង​ចំពោះ​មុខ​ក្រុម​អាជីវករ​ជាង ១​ពាន់​នាក់​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ថា ប្រមុខ​រដ្ឋាភិបាល​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ពិនិត្យ​លទ្ធភាព​សាងសង់​ផ្សារ​ថ្មី​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ការ​អូស​បន្លាយ​ពេល​លក់​ដូរ។

លោក​បន្ត​ថា អាជ្ញាធរ​បាន​ជ្រើសរើស​ទីតាំង​លក់ដូរ​បណ្ដោះអាសន្ន ជូន​អាជីវករ​ដោយ​មិន​គិត​ថ្លៃ​សេវា​ភាស៊ី ថ្លៃ​ពន្ធ និង​ថ្លៃ​ការពារ។ លោក​បន្ថែម​ថា អាជ្ញាធរ​ខែត្រ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ លក់​ដូរ​នៅ​ទីតាំង​ថ្មី៖ «កសាង​ផ្សារ​នេះ​ជូន​បងប្អូន​ដោយ​កងកម្លាំង​វិស្វកម្ម​កងទ័ព​ដោយ​ឆាប់​បំផុត»

ទាក់ទិន​ករណី​នេះ តំណាង​អាជីវករ លោក សុខ វាសនា ឲ្យ​ដឹង​ថា ក្រុម​អាជីវករ​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ឆន្ទៈ​របស់​អាជីវក​មាន​ជាអាទិ៍ សម្រួល​ការ​លក់​ដូរ​លើ​សួន​ច្បារ​សាធារណៈ និង​បេនឡាន​ចាស់ ពន្លឿន​ការ​សាងសង់​ផ្សារ​ឲ្យ​បាន​ឆាប់ មាន​ទំហំ​ដូច​ទីតាំង​ចាស់។

លោក​ថា ក្រុម​អាជីវករ​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​រក​ឫស​គល់​នៃ​មូលហេតុ​ករណី​នេះ ខណៈ​ពួកគេ​កំពុង​រង់ចាំ​លទ្ធផល​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ជំនាញ។ លោក​សង្កត់​ធ្ងន់​ថា ក្រុម​អាជីវករ​ក៏​ទាមទារ​ឲ្យ​ម្ចាស់​ភាស៊ី​ផ្សារ​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ករណី​នេះ៖ «សំណូមពរ​ក្រុម​អាជីវករ​ទាំង​អស់​ឲ្យ​អាជ្ញាធរ​ខែត្រ រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​សង់​តាម​ទំហំ​ដែល​គាត់​មាន​ឧបមា​ថា គាត់​មាន​ពីរ​ម៉ែត្រ គឺ​ត្រូវ​តែ​ពីរ​ម៉ែត្រ ហើយ​ធ្វើ​នៅ​កន្លែង​ដដែល។ ជៀសវាង​យើង​សង់​ជា​រួម ហើយ​យើង​ចាប់​ឆ្នោត»

ទោះ​យ៉ាង​ណា អ្នក​នាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ពី​ការ​សាងសង់​ផ្សារ​ថ្មី​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ករណី​នេះ​សិន ព្រមទាំង​សិក្សា​ពី​ប្លង់​ដើម្បី​ស្រង់​ទិន្នន័យ​អាជីវករ​ទាំង​អស់។

លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​បាន​សម្រេច​សង់​ផ្សារ​នៅ​ទីតាំង​ចាស់​ដើម្បី​បំពេញ​តម្រូវការ​ថ្នាក់​មូលដ្ឋាន និង​ដើម្បី​កាន់​បន្ថយ​ការ​អូស​បន្លាយ​ពេល​លក់​ដូរ៖ «មីក្រូ​ហិរញ្ញវត្ថុ​គាត់​ទទួល​យក​សំណើ​ពី​អភិបាល​ខែត្រ ដើម្បី​ទៅ​ប្រជុំ​សម្រេច។ ដើម្បី​មាន​មូលដ្ឋាន​ទៀត គាត់​ឲ្យ​អាជីវករ​ម្នាក់ៗ​ហ្នឹង​ធ្វើ​សំណើ​សុំ​ពន្យារ។ សុំ​ពន្យារ​បង់​រំលោះ​ហ្នឹង។ អ៊ីចឹង​ធ្វើ​សំណើ​សុំ​ឯកសារ​ពី​ពលរដ្ឋ​របស់​គាត់​ទៅ​ប្រជុំ​សុំ​គោលការណ៍​ពី​កណ្ដាល​របស់​គាត់»

​អាជីវករ​ម្នាក់​ទៀត​ឈ្មោះ អៀ រតនា សំណូមពរ​ឲ្យ​អាជ្ញាធរ​ខែត្រ​ចាត់​ចំណាត់​ថ្នាក់​ទីតាំង​លក់ដូរ​នៅ​ទីតាំង​ថ្មី ដើម្បី​ធានា​សុវត្ថិភាព​ដល់​ក្រុម​អាជីវករ​លក់​គ្រឿង​អលង្ការ។ លោក​បារម្ភ​ថា ទីតាំង​លក់ដូរ​អាច​អូស​បន្លាយ​ពេល​យូរ បើ​ការ​សង់​ផ្សារ​ថ្មី​មាន​ភាព​យឺតយ៉ាវ៖ «លក់​ផ្លាក់​ទៀត​ឲ្យ​មូល​តែមួយ​កន្លែង។ ខ្ញុំ​មិន​អាច​ទទួល​បាន លក់​ជាមួយ​ចាប់ហួយ លក់​ជាមួយ​គ្រឿង​ក្រអូប​បាន​ទេ»

​អាជ្ញាធរ​ខែត្រ​បាន​បង្កើត​ក្រុម​ការងារ​ចំនួន​បី ដូចជា​ស៊ើបអង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ បង្កើត​ក្រុម​ការងារ​ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ និង​បង្កើត​ក្រុម​ការងារ​សំអាត​ទីតាំង​ដែល​ឆេះ។ កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​មេសា អគ្គីភ័យ​ឆាបឆេះ​ផ្សារ​ស្ទឹងត្រែង ១.២២០​តូប ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​អស់​រាប់​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។