ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​សមាធិ​ជា​វិធី​ល្អ​បំផុត​សម្រាប់​ការ​សម្រាល​នូវ​ការ​ឈឺ​ខ្នង

ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​សមាធិ​ជា​វិធី​ល្អ​បំផុត​សម្រាប់​ការ​សម្រាល​នូវ​ការ​ឈឺ​ខ្នង

អ្នក​ជំងឺ​ម្នាក់​ដែល​ជា​ពី​ការ​វះកាត់​ដូរ​ចង្កេះ​កាន់​ស្លឹក​ផ្កា​ម្យ៉ាង​ នៅ​ពេល​នាង​អនុវត្ត​សមាធិ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​រីករាលដាល​ជំងឺ បាន​ដាស់​តឿន​ដល់​វេជ្ជបណ្ឌិត​ទាំងឡាយ​ថា ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​មាន​ជាតិ​ញៀន​ច្រើន​ពេក​ អាច​នាំ​ទៅ​រក​ការ​ញៀនថ្នាំ​ និង​ការ​ស្លាប់​ដោយ​ការ​ប្រើប្រាស់​លើស​កំណត់។
វ៉ាស៊ីនតោន—

មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​រីករាលដាល​ជំងឺ ​(The Centers for Disease Control) បាន​ដាស់​តឿន​ដល់​វេជ្ជបណ្ឌិត​ទាំងឡាយ​ថា ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​មាន​ជាតិ​ញៀន​ច្រើន​ពេក​ អាច​នាំ​ទៅ​រក​ការ​ញៀនថ្នាំ​ និង​ការ​ស្លាប់​ដោយ​ការ​ប្រើប្រាស់​លើស​កំណត់។ ស្ថាប័ន​សុខាភិបាល​នេះ​បាន​ស្នើ​សុំ​ឲ្យ​វេជ្ជបណ្ឌិត​ និង​អ្នក​ជំងឺ​ទាំង​ឡាយ​ពិចារណា​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ​ និង​ស្វែងរក​វិធី​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​រីករាលដាល​ជំងឺ​ ឬ CDC និយាយ​ថា​ ការ​ចេញ​វេជ្ជបញ្ជា​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ជាតិ​ញៀន​នៅ​សហរដ្ឋ​អាមេរិក​ បាន​បណ្តាល​ឲ្យ​ករណី​ញៀន​ថ្នាំ​បំបាត់​ភាព​ឈឺចាប់​ និង​ការ​ស្លាប់​ដោយសារ​ប្រើប្រាស់​ហួស​កម្រិត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

CDC​ កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​វេជ្ជបណ្ឌិត​ និង​អ្នក​ជំងឺ​ស្វែងរក​វិធី​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ នៅ​វិទ្យាស្ថាន​ក្រុម​ស្រាវជ្រាវ​សុខភាព​ (Group Health Research Institute) នៅ​ទីក្រុង​ Seattle​ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ឥទ្ធិពល​នៃ​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺចាប់។ លោក​ Daniel Cherkin​ ជា​អ្នក​ដឹកនាំ​ស្រាវជ្រាវ​ម្នាក់​ដែរ។

«ការ​យល់​ដឹង​ថ្មីៗ​ដែល​សំខាន់​បំផុត​មួយ​នៃ​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ និង​ការ​ឈឺ​ចង្កេះ​រ៉ាំរ៉ៃ​ គឺ​ថា​កត្តា​ចិត្តសាស្រ្ត​មាន​តួនាទី​សំខាន់​ណាស់»។

មនុស្ស​៣០០​នាក់​ដែល​ឈឺ​ចង្កេះ​រ៉ាំរ៉ៃ​ បាន​ស្ម័គ្រចិត្ត​ក្នុង​ការ​ស្រាវជ្រាវ​នេះ។ លោក​ Cherkin​ និយាយ​ថា​ មួយ​ភាគបី​នៃ​អ្នក​ចូលរួម​ទាំង​នេះ​ បាន​ចូលរួម​ក្នុង​វិធី​ព្យាបាល​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​គិត។

«ការ​ព្យាបាល​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​គិត​នេះ សង្កត់​ធ្ងន់​លើ​ការ​ជួយ​ឲ្យ​មនុស្ស​សិក្សា​អំពី​របៀប​ផ្លាស់​ប្តូរ​គំនិតចំពោះ​ការ​ឈឺចាប់​របស់​ពួកគាត់​ និង​ជួយ​លើក​ទឹក​ចិត្ត​ពួកគាត់​ឲ្យ​មាន​សកម្មភាព​ជាក់ស្តែង​ដែល​នាំ​ឲ្យ​មាន​ការ​គ្រប់គ្រង​ការ​ឈឺចាប់​បាន​ល្អ​ជាង​មុន»។

​នេះ​ជា​ការ​អនុវត្ត​ការ​ប្រើប្រាស់​ចិត្ត​គំនិត​មួយ​បែប​ទៀត ដែល​យក​ចេញ​ពីការ​ធ្វើ​សមាធិ​ និង​ការ​ហាត់​យូហ្គា (yoga)។

«ការ​ប្រើប្រាស់​ចិត្ត​គំនិត​អាច​ជួយ​មនុស្ស​ឲ្យ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ បង្កើន​ការ​យល់​ដឹង​នៃ​ការ​ឈឺ​ចាប់​របស់​ពួកគេ​ និង​អាច​ទទួល​យក​ការ​ឈឺ​ចាប់​ជាង​មុន​ ហើយ​ប្រមូល​ស្មារតី​ និង​ថាមពល​របស់​ពួកគេ​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​គ្រប់គ្រង​វា»។

អ្នក​ផ្សេងៗ​ទៀត​ ធ្វើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ប្រចាំ​របស់​ពួកគេ។ ក្រុម​ដែល​ប្រើប្រាស់​ចិត្ត​គំនិត​ មាន​ការ​កាត់​បន្ថយ​ការ​ឈឺចាប់​ខ្លាំង​ជាង​គេ​ និង​យូរ​ជាង​គេ។

«ផល​ប្រយោជន៍​នៃ​ការ​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ការ​រីក​ចម្រើន​នៃ​មុខងារ​អាច​មាន​ប្រសិទ្ធិភាព​រហូត​ដល់​មួយ​ឆ្នាំ​ពេញ។ នេះ​មិនមែន​ជា​ករណី​ទូទៅ​ក្នុង​ចំណោម​ការ​ព្យាបាល​ការ​ឈឺចាប់​រ៉ាំរ៉ៃ​ទេ»។

លោក Cherkin និយាយ​ថា​ លោក​រំពឹង​ថា​ ការ​ព្យាបាល​ដោយ​ចិត្ត​គំនិត​ និង​វិធី​ព្យាបាល​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​គិត​អាច​ជួយ​អ្នក​ជំងឺ​ដែល​មាន​ការ​ឈឺចាប់​រ៉ាំរ៉ៃ​ប្រភេទ​ផ្សេងៗ​ទៀត។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹតិ្តប័ត្រ JAMA ដែល​ជា​ព្រឹត្តិប័ត្រ​ស្រាវជ្រាវ​របស់​សមាគម​វេជ្ជសាស្រ្ត​អាមេរិក​ (the Journal of the American Medical Association)៕

ប្រែសម្រួលដោយ វិញ សុជាតា