ការពារអាការឈឺក្បាល ដោយសារការខឹង

ការក្រោធខឹង នៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធ​ខឹងនោះវា​រលាយបាត់ទៅវិញ ជាមួយនឹងខ្យល់ដង្ហើម តែបើការក្រោធខឹង បង្កឱ្យកើតអារម្មណ៍គ្រោតគ្រាត​តានតឹងប្រមូល​សន្សំ​នៅក្នុងគំនិត​​មិនឈប់ឈរនោះ វានឹងបង្កឱ្យកើតបច្ច័យប្រថុយនឹងអាការឈឺក្បាលបាន។

តាមរយៈការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញការជនជាតិអាមេរិក ទៅលើមនុស្សពេញវ័យចំនួនជាង 4, 200នាក់ បាន​រក​​ឃើញថា ភាពខឹងក្រេវក្រោធជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូន នៃភាពថុញថប់តានតឹងចេញមកច្រើនជ្រុលពេក នាំឱ្យ​បេះដូង​ដើរ​​កាន់​តែ​លឿនឡើង សម្ពាធឈាមស្ទុះឡើងខ្ពស់ ហើយរាងកាយក៏នឹងមានប្រតិកម្មតបស្នង ដូចជា កើតអាការឈឺក្បាល​ជា​ដើម ដូច្នេះ​​ហើយ​ទើបលោកវេជ្ជបណ្ឌិត រ៉ូប៊ើត នីខូលសុន អ្នកជំនាញការផ្នែកគ្រួសារ និងសង្គមរបស់មហាវិទ្យាល័យ សេនត៍ លុយស៍ មាន​​​​ដំបូន្មានក្នុង​ការការពារអាការឈឺក្បាលដូចខាងក្រោមនេះ៖

  1. រម្ងាប់កំហឹងភ្លាមៗ

ចូរដកដង្ហើមចេញចូលវែងៗ 3ដង នឹងជួយបំបាត់ភាពតានតឹងធុញថប់បាន។

  1. រម្ងាប់ភាពក្រេវក្រោធ ខឹងគុំគួន

ចូរផ្លាស់ប្តូរទីកន្លែងភ្លាម បើអាចទៅរួច ចូរប្រើការគិតដោយការសាងការស្រមៃថា អ្នកកំពុងតែរត់ឡើងហត់ដង្ហក់។

  1. និយាយមិនចេញ ប្រាប់មិនកើត

ឧបមាថា អ្នកកំពុងតែខឹងលោកប្រធានរបស់អ្នក ហើយអ្នកមិនអាចនិយាយចេញមកតាមការគិតបាន តែអ្នក​អាច​និយាយ​ឱ្យ​អ្នកឯទៀតស្តាប់បាន ដូចជា សង្សារ ឬមិត្តជិតស្និទ្ធ មនុស្សក្នុងគ្រួសារ នោះវានឹងជួយរំលាយអារម្មណ៍អវិជ្ជមាននោះ​បាន។

  1. កុំគិតច្រើន

ចូរសួរខ្លួនឯងថា ហេតុអីបានអ្នកខឹង? អ្នកណាធ្វើឱ្យខឹង? មានមូលហេតុមកពីស្ថានការណ៍ណាមួយ ឬក៏អត់? ទាំង​អស់​​​នេះ ការគិតសាចុះសាឡើងច្រើនដង នឹងជួយឱ្យខួរក្បាលរបស់អ្នកភ្លឺថ្លាឡើង។

  1. គិតតែរឿងដដែលៗ

កុំរវល់តែគិតវិលវល់ក្នុងរឿងចាស់ដដែលៗ ដែលអ្នកមិនអាចគ្រប់គ្រងវាបាន ដែលអាចធ្វើបាននោះគឺ អ្នកគួរផ្លាស់​ប្តូរ​​​​ខ្លួន​ឯង មិនមែនផ្លាស់ប្តូរអ្នកដទៃទេ ហើយអ្នកគួរចៀសវាងការគិតដែលជាពណ៌ស ឬពណ៌ខ្មៅ ព្រោះរឿងមួយ​ចំនួនអាចមាន​ល្អ​អាក្រក់លាយ​ឡំ​ចូលគ្នា រហូតក្លាយជាពណ៌ប្រផេះបាន។ ចូរអ្នកគិតដល់មនុស្ស និងរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងមាន​សេច​ក្តី​សុខ​វិញ ក៏អាច​ជួយ​បានដែរ។

  1. យកឈ្នះភាពគុំគួន

អ្នកគួររៀនយល់ដឹងពីការអត់ទោស ទោះជាវាពិបាកខ្លាំងក្លាយ៉ាងណាក៏ដោយ តែក៏វាជាវិធីដែលល្អបំផុត ដើម្បីឱ្យអ្នក​អាច​យកឈ្នះការក្រេវក្រោធ ដែលនឹងកើតឡើងនៅពេលអនាគតបាន៕

ប្រភព៖ tomnerb

  • ការពារអាការឈឺក្បាល ដោយសារការខឹង已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: