ពេលណា​ដែល​មិនគួរ​ដុសធ្មេញ​ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​សឹក​លឿន​ជាង​ប្រក្រតី?​

តើ​ពេលណា​ដែល​មិនគួរ​ដុសធ្មេញ? គឺជា​រឿង​ជិត​ខ្លួន​ដែល​មនុស្ស​ជាច្រើន​មើលរំលង​មកជា​យូរហើយ ហើយ​ការ​ដុសធ្មេញ​ដែល​ត្រឹមត្រូវ​តាម​វិធី​មែនទែន​នោះ មនុស្សជាច្រើន​ក៏​អាច​នៅ​មិនទាន់​យល់បាន​ច្បាស់​ប៉ុន្មាន​ដែរ ទើប​ធ្វើឱ្យ​កើតជា​សំណួរ​ថា តើក្នុង​មួយថ្ងៃ យើង​គួរ​ដុសធ្មេញ​ប៉ុន្មាន​ដង​ទើប​ល្អ ហើយ​មាន​អំឡុង​ពេលណា​ដែលមិនគួរ​ដុសធ្មេញ​ដែរឬទេ?

    ពេលណា​ដែល​មិនគួរ​ដុសធ្មេញ?
ជា​មូលដ្ឋាន យើង​គួរ​ដុសធ្មេញ​ក្នុង​មួយថ្ងៃ2ដង​យ៉ាងតិច​បំផុត តែ​អ្នកខ្លះ​នៅ​លួច​ថែមឱ្យ​ច្រើនជាង​នោះ​ទៅទៀត ដោយ​ដុសធ្មេញក្រោយ​ពេលបាយ ដើម្បី​ភាព​ស្អាត​របស់​ប្រអប់​មាត់​ទៀតផង ដែល​នេះ​វា​មិនមែនជា​វិធីដុសធ្មេញ​ដែល​ត្រឹមត្រូវ​នោះទេ បើ​ដូច្នេះ​យើងនាំគ្នា​មក​មើល​ល្អ​ជាង​ថា តើ​ពេលណា​ដែលយើង​មិនគួរ​ដុសធ្មេញ​នោះ?

   – ដុសធ្មេញ​មុន​ទទួលទាន​អាហារភ្លាមៗ
ក្នុងករណីនេះ មានន័យថា ដុសធ្មេញហើយ​ទៅ​ទទួលទាន​អាហារ​ភ្លាម​តែម្តង ដូចជា ក្រោយ​ភ្ញាក់​ពី​ដំណេក ការងារ​ប្រចាំថ្ងៃរបស់​យើង​គ្រប់គ្នា​គឺ ងូតទឹក និង​ដុសធ្មេញបន្ទាប់មក​ក៏​ទៅ​ទទួលទាន​អាហារ​ពេលព្រឹកតែម្តង គឺ​ចំណុច​នេះឯង​ដែល​គួរតែ​ផ្លាស់ប្តូរដោយ​ទន្តពេទ្យ​ជំនាញ​បានឱ្យ​ហេតុផល​អំពីរឿងនេះ​ថា បើ​យើង​ទទួលទាន​អាហារ ឬ​ញ៉ាំទឹក​ក្រោយពេល​ដុសធ្មេញ​ហើយថ្មីៗ អាហារនិង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ចូលទៅ​នោះ នឹង​ចូលទៅ​លាង​ជម្រះ​​ភ្លូ​អ័​រ​រ៉ា​យ​ដែល​ស្រោបលើ​ធ្មេញ​ចេញ​អស់ ធ្វើឱ្យ​យើង​បាត់បង់​ឱកាសដែលមាន​ភ្លូ​អ័​រ​រ៉ា​យ​នៅ​ការពារ​ធ្មេញ​អស់រលីងហើយនឹង​ប្រថុយប្រថាន​នឹង​ជំងឺ​ធ្មេញ​ពុកខ្លាំង​ទៀតផង។

តែបើ​សិន​ជាមាន​អារម្មណ៍​ថា មិន​ទម្លាប់ និង​មិនសូវ​អូ​ខេ​ជាមួយនឹង​ការ​បៀម​អាចម៍ធ្មេញ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​នោះ ឡា​រ៉ែ​នសូម​ណែនាំ​ឱ្យ​ខ្ពុរមាត់​ដោយ​ទឹកស្អាត​ប្រមាណជា1-2កែវ​មុន​សិន​ក៏បាន​ដែរ វិធី​នេះ​អាចធ្វើឱ្យមាន​អារម្មណ៍​ថា សប្បាយចិត្ត​ច្រើនឡើង​បាន។

 – ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​ហើយ​ភ្លាម
ដោយសារតែ​ការ​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ភ្លាម ជាពិសេស​អាហារ ឬភេសជ្ជៈ​ដែលមាន​ជាតិ​អាស៊ីត​ខ្ពស់ ដូចជា ទឹកក្រូច ទឹកខ្មេះ ទឹក​ផ្លែឈើ​ស៊ី​ត្រាស់ ឬ​សូ​ដាជាដើម​នោះ ភាពជា​អាស៊ីត​របស់​អាហារ​នឹងធ្វើឱ្យ​សម្បក​ស្រោប​ធ្មេញ​របស់​យើង​ទន់​នៅពេល​ដុសធ្មេញ​ក៏​ស្មើនឹង​ការបើកឱកាស​ឱ្យធ្មេញ​កាន់តែ​ងាយ​សឹក​ខ្លាំង​ឡើង។

ដូច្នេះ ក្រោយពេល​ទទួលទាន​អាហារ​រួចអ្នក​មិនគួរ​ដុសធ្មេញភ្លាមៗនោះទេ តែ​គួរ​ទុកឱ្យ​សារធាតុ​ដែលមាន​នៅក្នុង​ទឹកមាត់​កាត់បន្ថយ​ភាពជា​អាស៊ីត​របស់​អាហារ​ដែល​បានញ៉ាំ​ចូលទៅ​នោះ​ប្រមាណ​ជា30-60នាទី​ជាមុន​សិន បន្ទាប់ពីនោះ​សឹម​ដុស​សម្អាត​ធ្មេញប្រសើរ​ជាង។

យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​កើតជំងឺ​រលាក​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ​វិញ ទន្តពេទ្យនឹង​ណែនាំ​ឱ្យ​ដុសធ្មេញ​ញឹកញាប់​ជា​ករណីពិសេស ដូច្នេះ​ក៏​គួរតែ​ដុសធ្មេញ​ដោយ​ក្តី​ប្រយ័​ត្ន​ប្រយែង ដោយ​ប្រើ​ច្រាស​ដែលមាន​សរសៃទន់ៗ ដើម្បី​ការពារ​ការបំផ្លាញ​ស្រទាប់ស្រោប​ធ្មេញ​ពី​សរសៃ​ច្រាស​ដុសធ្មេញរឹងៗហ្នឹងឯង។

    ពេលវេលា​ដែល​ល្អ​បំផុត​របស់​ការ​ដុសធ្មេញ គឺ​នៅពេលណា?
បានដឹង​ទាំងអស់គ្នា​ហើយ​ថា មិនគួរ​ដុសធ្មេញ​នៅពេល​ណាខ្លះ? លើក​នេះ​យើង​នាំគ្នា​មក​ពិសោធ​មើលថា ដែល​យើង​នាំគ្នា​ដុសធ្មេញ​រាល់ថ្ងៃនេះ តើ​យើង​បាន​ដុស​សម្អាតធ្មេញ​នៅពេលដែល​ល្អ​បំផុត​ដែរឬទេ?

ជា​ប្រក្រតី ការ​ដុសធ្មេញ2ដង​ក្នុង​មួយថ្ងៃព្រឹក និង​ល្ងាច គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់អ្នក​ដែលមាន​អញ្ចាញ និង​ធ្មេញ​ល្អ​ប្រក្រតីនោះ ដោយ​ត្រូវ​អាស្រ័យ​លើ​ជំនាញ និង​ការបាន​ប្រើ​ច្រាស​ដុសធ្មេញ​ដែល​ត្រឹមត្រូវ​ផងដែរតែ​ជា​ចម្បង​វិញ អំឡុង​ពេលដែល​ល្អ​បំផុតក្នុងការ​ដុសធ្មេញ​នោះ​គឺ ៖

   – ដុសធ្មេញ​មុន​ចូល​គេង
ក្នុងពេលដែល​យើង​គេង​លក់ ក្រពេញទឹកមាត់​របស់​យើង​នឹង​បញ្ចេញ​ទឹកមាត់​មកតិច មានន័យថា អំណាច​ក្នុងការ​លាងជម្រះជាតិ​អាស៊ីត និង​អតិសុខុមប្រាណ​ខាងក្នុង​ប្រអប់​មាត់​ក៏​នឹង​ថយចុះ​ដែរ ហើយ​ជា​ប្រក្រតីយើង​គេង​លក់​យ៉ាងតិច​ប្រមាណ​ជា6-8ម៉ោង។ ដូច្នេះ​បើ​បណ្តោយ​ឱ្យមាន​កម្ទេច​អាហារ​នៅសេសសល់​ក្នុង​ប្រអប់មាត់​នោះ ឱកាស​ដែលកម្ទេច​អាហារ​ទាំងនោះ​នឹង​បង្ក​ខ្លួន​ជា​អតិសុខុម​ប្រាណ និង​មេរោគ​បាក់តេរី​មក​ហក់លោត​លេង​នៅ​ពាសពេញ​ធ្មេញ​របស់​យើង​ក៏នឹង​យូរអង្វែង​ឡើង ហើយ​ថែមទាំង​ប្រថុយប្រថាន​នឹង​ការពុក​ធ្មេញ​ខ្លាំង​ឡើង​យ៉ាង​មើលឃើញច្បាស់​តែម្តង​ទៀតផង។

ដូច្នេះ​ទើប​ការ​ដុសធ្មេញ​ក្នុង​ពេលមុន​ចូលគេង​គឺជា​ការសម្អាត​ប្រអប់មាត់​ឱ្យ​ស្អាត ប្រាសចាក​កម្ទេច​អាហារ​បង្ក​អតិសុខុមប្រាណ និងបាក់តេរី រួមទាំង​ជាការ​ជំរុញ​ការធ្វើការងាររបស់​អញ្ចាញធ្មេញ ជាពិសេស​បើ​ដុសធ្មេញដោយ​ថ្នាំដុសធ្មេញ​ដែល​ផ្សំ​ដោយ​ភ្លូ​អ័​រ​រ៉ា​យផង​នោះ សារធាតុ​ភ្លូ​អ័​រ​រ៉ា​យ​នឹងមាន​ពេលវេលាការពារ​ធ្មេញ និង​ចាត់ការ​ជាមួយ​អតិសុខុមប្រាណ​ដែល​នៅ​សេសសល់​កាន់តែ​យូរ​ឡើងផងដែរ។

 – ដុសធ្មេញ​ក្រោយ​ពេលបាយ​ព្រឹក30នាទី
ដូចដែល​បាន​ប្រាប់​ទៅហើយ​ថា យើង​មិនគួរ​ដុសធ្មេញ​មុន​ទទួលទាន​អាហារ ឬ​សូម្បីតែញ៉ាំ​ទឹក​ភ្លាម​នោះទេ ប៉ុន្តែ​គួរ​ទទួលទាន​អាហារពេលព្រឹក​ជាមុន បន្ទាប់ពីនោះ30នាទី​មកទៀតសឹម​ដុសធ្មេញ  ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​ភ្លូ​អ័​ររ៉ា​យ​ពី​ថ្នាំដុសធ្មេញ​ដែល​យើង​ប្រើ​ដុសធ្មេញនោះបាន​ការពារ​ធ្មេញ​របស់​យើង​ថែមទៀត។ ក្រៅពីនេះ​ការ​ដុសធ្មេញ​ក្រោយ​អាហារ​ពេលព្រឹក​កន្លងផុតទៅ​ប្រហែល 30នាទី​នោះ ថែមទាំង​ជាការ​សម្អាត​ប្រអប់មាត់​ឱ្យមាន​កម្ទេចអាហារ​នៅ​សេសសល់​តិច​បំផុត​ទៀតផង។

យ៉ាងណាក៏ដោយ​កុំភ្លេចថា គ្រប់ពេលដែល​យើង​ដុសធ្មេញ​គឺមាន​ន័យ​ស្មើនឹង​ស្រទាប់​ស្រោប​ធ្មេញ​កំពុង​ត្រូវបាន​ខាំ​កម្ទេច​ម្តងបន្តិចៗហើយ​ទោះ​ជាមាន​សុខភាព​ធ្មេញ​ដែលរឹងមាំ​ល្អ​ក៏ដោយ  ដូច្នេះ​ក្រៅពី​ត្រូវ​ដុសធ្មេញឱ្យ​ត្រូវ​ពេលវេលា​ហើយ​នោះ យើង​ក៏​គួរតែដុសធ្មេញ​ដោយ​ច្រាស់​ដុសធ្មេញ​ដែលមានសរសៃទន់ៗ និង​ដុស​សម្អាត​ធ្មេញ​ឱ្យ​សព្វពេញ​ក្នុង​មាត់​ផងដែរ៕

ប្រភព៖ lareine

  • ពេលណា​ដែល​មិនគួរ​ដុសធ្មេញ​ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​សឹក​លឿន​ជាង​ប្រក្រតី?​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: