សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

6 Videos


​ឈរលើ​វិថី​សិល្បៈ​អស់​រយៈកាល​ជាង ១០ ឆ្នាំ តារាចម្រៀង​សំនៀង​ស្អក យក់ ឋិត​រដ្ឋា បាន​អង្រួន​ពិភព​សិល្បៈ​មិន​ស្ទើរ​ទេ ។ អ្នកនាង យក់ ឋិត​រដ្ឋា គឺជា​តារាចម្រៀង​ស្រី​ម្នាក់​ពោរពេញ​ដោយ​ទេពកោសល្យ និង ទឹកដម​សំឡេង​ពិ​រោះ​ក្រអួន​ក្រអៅ ដែល​ប្រិយមិត្ត​បាន​ស្តាប់​សំនៀង​របស់​នាង​ហើយ តែងតែ​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ព្រោះថា​សឹងតែ​គ្រប់​បទ​ចម្រៀង​ដែល​នាង​បាន​ច្រៀង គឺ​សុទ្ធសឹង​មាន​បង្កប់​នូវ​អត្ថន័យ​អប់រំ​មួយចំនួន​ដល់​សង្គម​តួយ៉ាង​ដូចជា​បទ​«​បាតដៃ​អ្នក​ម៉ែ​» «​បេះដូង​ឪ​ម៉ែ​» ជាដើម ។​

​ខាងក្រោម​នេះ​ជា​សមិទ្ធផល​ដែល​តារាចម្រៀង​សំនៀង​ស្អក យក់ ឋិត​រដ្ឋា បាន​សាង​ឡើងលើ​វិថី​សិល្បៈ និង ចំនួន​ផលិតកម្ម​ល្បីៗ​ដែល​អ្នកនាង​បាន​ចូល​ច្រៀង ចាប់តាំងពី​ចូលប្រឡូក​អាជីព​នេះ​រហូតដល់​បច្ចុប្បន្ន ។​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

-​ឆ្នាំ ២០០០ ជា​ឆ្នាំ​ចាប់ផ្តើម​នៃ​ជីវិត​សិល្បៈ គឺ​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​
​អ្នកនាង យក់ ឋិត​រដ្ឋា ចាប់ផ្តើម​ចូល​អុកឡុក​ឆាក​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ២០០០ ដោយ​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ។ អ្នកនាង​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​ដោយ​សារបាន​ច្រៀង​ក្នុង​ក្រុម EV Band ជាមួយ​តារាចម្រៀង​ប្រុស​ស្រី​ប៉ុន្មាន​រូប​ទៀត ហើយ​កាលណោះ​បទ​ដែល​ល្បី​ខ្លាំង​របស់​នាង​មានដូចជា បទ​«​យើង​ជា​យុវវ័យ​» បទ​«​តើ​ឱ្យ​អូន​ក្បត់​បង​ម្តេចទៅ​» បទ​«​ភ្លៀង​ធ្លាក់​សូរ​រណ្តំ​» ជាដើម ។

-​ឆ្នាំ ២០០២ ច្រៀង​នៅ​ផលិតកម្ម KH Production
​ក្រោយពី​ចាកចេញ​ពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ និង ក្រុម EV Band ត្រូវបាន​ចែក​ជើង​គ្នា អ្នកនាង យក់ ឋិត​រដ្ឋា បាន​ឈាន​ជើង​ចូល​សាង​ភាពល្បីល្បាញ​ម្តងទៀត​នៅ​ផលិក​ម្ម KH ។ ជ្រក​ក្នុង​ទ្រនំ KH យក់ ឋិត​រដ្ឋា បានធ្វើឱ្យ​ផលិតកម្ម​មួយ​នេះ​វាយលុក​លើ​ទីផ្សារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដោយសារតែ​បទ​ចម្រៀង​របស់​អ្នកនាង​មាន​ភាពល្បីល្បាញ និង មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន មានដូចជា​បទ​«I miss you like crazy» បទ​«​បេះដូង​ប​ញ្ជ្រា​ស់ទិស​គ្នា​» បទ​«​អ្នកផ្សេង​មិន​ដូច​បង​» ជាដើម ។​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

-​ឆ្នាំ ២០០៣ ច្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​
​នៅ​ឆ្នាំ ២០០៣ អ្នកនាង​បាន​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម​សាន់​ដេ ដែលជា​ផលិតកម្ម​ជួរមុខ​មួយ​នៅក្នុង​ប្រទេស ។ បើទោះជា​អ្នកនាង យក់ ឋិត​រដ្ឋា ចាក​ចេញពី​ផលិក​ម្ម KH ទៅ​ច្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​ក្តី ក៏​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​អ្នកនាង​នៅតែ​ឈរ​លំដាប់​ជួរមុខ​ដដែល ។ បទ​ចម្រៀង​ជាច្រើន​ដែល​អ្នកនាង​ធ្វើឱ្យ​មហាជន​ភ្លេច​នាង​មិនបាន ហើយ​បទ​ទាំងនោះ​សុទ្ធសឹងតែ​ពិ​រោះ​រណ្តំ​ចិត្ត និង បាន​អង្រួន​អារម្មណ៍​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ផងដែរ ។​

-​ឆ្នាំ ២០០៤ ច្រៀង​នៅ​ផលិតកម្ម SSB
​នៅក្នុង​ឆ្នាំនេះ​ជា​ឆ្នាំ​មាស​របស់​តារាចម្រៀង​សំនៀង​ស្អក យក់ ឋិត​រដ្ឋា ព្រោះ​ភាពល្បីល្បាញ​របស់​អ្នកនាង​បាន​ឈានដល់​កម្រិត​កំពូល ខ្ពស់​លើស​តារាចម្រៀង​ក្នុងស្រុក​ជាច្រើន រាប់ទាំង​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ផងដែរ ។ កំលុង​ឆ្នាំនេះ​ស្នាដៃ​ដ៏​លេចធ្លោ​មួយ​គឺ​ងារ​ជា​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស ហើយ​បទ​ចម្រៀង​របស់​អ្នកនាង​ជាច្រើន​បានទទួល​ការគាំទ្រ​ពី​ប្រិយមិត្ត ទាំង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង បទ​មនោសញ្ចេតនា មិនតែប៉ុណ្ណោះ​ថែម​បាន​វាយលុក​លើ​ទីផ្សារ​ក្នុងស្រុក​ទៀតផង ។

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

ក្នុងនោះ​មាន​បទ​ចម្រៀង​ដ៏​ល្បីៗ​ជាច្រើន​ត្រូវបាន​ទស្សនិកជន​លើកយក​មក​ច្រៀង​តាម​សឹង​គ្រប់ៗ​គ្នា ហើយ​ម្នា​ក់ណា​ក៏​ចេះ​ច្រៀង​បទ​ចម្រៀង​របស់​នាង​ដែរ ដែល​បទ​ទាំងនោះ​មាន បទ​«​ភ្លើង​» «​ផ្លូវ​ស្នេហ៍​បញ្ច្រាសទិស​» «​សុំ​ផ្លូវ​» «​មិន​ស្មោះ​ស្នេហ៍​ធ្វើ​អ្វី​?» «​បេះដូង​ឪ​ម៉ែ​» និង មាន​បទ​ល្បីៗ​ជា​ច្រៀ​ន​ទៀត ។​

-​ឆ្នាំ ២០០៥ ច្រៀង​នៅ​ផលិតកម្ម Spark Music
​មកដល់​ឆ្នាំនេះ អ្នកនាង យក់ ឋិត​រដ្ឋា នៅតែ​ស្ថិត​លើ​ចំណាត់ថ្នាក់​កំពូល​នៅឡើយ ព្រោះថា​បទ​ចម្រៀង​របស់​នាង​នៅតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​ដដែល បើ​ងា​កមក​ការតុបតែង​ខ្លួន​វិញ​ឃើញថា នាង​បាន​រំលេច​នូវ​ស្ទីល​ប្លែកៗ និង ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​មហាជន​យ៉ាង​ក្រាស់ក្រែល ។ បទ​ចម្រៀង​ដែល​ទទួល​ការចាប់អារម្មណ៍​មានដូចជា «​បាតដៃ​អ្នក​ម៉ែ​» «​ខ្វះ​ណាស់​ឬ​» «​មេរៀន​ស្ន​ហា​» «I think I love you» ។​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

-​ឆ្នាំ ២០១០ ច្រៀង​នៅ​ផលិតកម្ម BIG MAN
​បន្ទាប់ពី​ចាកចេញ​ពី​ផលិតកម្ម SSB និង Spark គេ​សម្គាល់​ឃើញថា ប្រជាប្រិយភាព​របស់​អ្នកនាង យក់ ឋិត​រដ្ឋា ហាក់​ធ្លាក់ដៃ​បន្តិច ដោយសារ​កំលុង​ពេលនោះ​នាង​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​តារាចម្រៀង​រួម​ជំនាន់​គឺ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ក្រោយមក​ក៏​ស្ទើរតែ​បាត់​មុខ​ពី​ពិភព​សិល្បៈ​បន្ទាប់ពី​នាង​ពរ​ពោះ​កូន ។

យ៉ាងណា​តារាចម្រៀង​ម្នាក់នេះ​មិនបាន​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់​នាង​ធ្លាក់​ដាប​នោះដែរ គេ​នៅ​ចាំបាន​ថា បទ​ចម្រៀង​ដែល​ទទួល​ស្តារ​ប្រជាប្រិយភាព​របស់​នាង​មានដូចជា​បទ​«​បង​ស្រឡាញ់​គេ​ឱ្យស្លាប់​ចុះ​» «​ឈប់​ខូចចិត្ត​បានទេ​» «​កុំឱ្យ​អូន​ឯកា​» និង នៅមាន​បទ​ជាច្រើន​ទៀត​ដែល​នាង​បន្សល់ទុក​នៅ​ផលិតកម្ម BIG MAN ។​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

-​ឆ្នាំ ២០១២ រហូតដល់​បច្ចុប្បន្ន ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​
​នៅ​ឆ្នាំ ២០១២ យក់ ឋិត​រដ្ឋា បាន​ហក់​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស ប៉ុន្តែ​ទោះជា​នាង​ចូល​ផលិតកម្ម​ធំ​នៅក្នុង​ស្រុក​យ៉ាងណាក៏ដោយ ក៏​នាង​មិនអាច​ទាញយក​ភាពល្បីល្បាញ និង ដណ្តើម​ប្រជាប្រិយភាព​ដូច​មុនៗ​បានដែរ ហើយ​សូម្បីតែ ឱក សុគន្ធ​កញ្ញា ដែល​នាង​ធ្លាប់​វ៉ា​ដាច់​កាល​នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​នោះ​ក៏​ជា​រឿង​ពិបាក​សម្រាប់​នាង​ដែរ ។

យ៉ាងណា​សន្ទុះ​នៃ​គាំទ្រ​របស់​នាង​នៅតែមាន ព្រោះថា​មួយរយៈ​ក្រោយនេះ មាន​បទ​ចម្រៀង​របស់​នាង​ជាច្រើន​បាន​អង្រួន​ដួងចិត្ត​ប្រិយមិត្ត​ឱ្យ​ងាក​មក​គាំទ្រ​នាង​ជា​បណ្តើរ​វិញ​ហើយ ដែល​បទ​ទាំងនោះ​មាន បទ​«​ឮ​សំឡេង​បេះដូង​អូន​ទេ​» បទ​«​កុំ​បិទ​ទូរស័ព្ទ​» បទ​«​កុំ​ធ្វើ​ចរិត​ប្រុស​ស្អាត​» «​និស្សិត​ស្រី​» និង មាន​បទ​ជាច្រើន​ទៀត ។​

សមិទ្ធផល យក់ ឋិត​រដ្ឋា ក្នុង​វិស័យ​សិល្បៈ​

​គួរកត់សម្គាល់​ផងដែរ​ថា មិន​ត្រឹមតែ​ជា​តារាចម្រៀង​មានឈ្មោះ​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ អ្នកនាង យក់ ឋិត​រដ្ឋា ក៏​ធ្លាប់​ចូលប្រឡូក​ក្នុង​វិស័យ​សម្តែង​ខ្សែភាពយន្ត​ផងដែរ ។ រឿង​ទីមួយ​ដែល​នាង​បាន​សម្តែង​គឺ​រឿង​«​ខ្មោច​នាង​ភូមរី​» កាលណោះ​នាង​សម្តែង​ជា​តួអង្គ​ខ្មោច ដែល​រួម​សម្តែង​ជាមួយ​ស្វាមី​របស់​នាង គឺ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ហើយ​រឿង​នោះ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ផងដែរ ៕ សាកល