កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

6 Videos


​រាល់ថ្ងៃនេះ​នៅ​តំបន់​សៀមរាប​អង្គរក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​អច្ឆរិយៈ​ដ៏​សម្បូរបែប​នោះ​ហើយក៏​នៅ​មានការ​ទស្សនា​កម្សាន្តនៅលើ​អាកាស​មួយទៀត​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។ ការហោះ ហើរ​លើ​អាកាស​ដើម្បី​គយគន់ព្រៃព្រឹក្សាដោយ​ការ​ជិះ​ខ្សែ​រ៉ក ( Flight of the gibbon ) ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ បរិវេណ​ប្រាសាទតាកែវ ។

កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

​នៅ​ទីនោះ​មានការ​រៀបចំ​ល្បែង​កម្សាន្ត​បែប​រំភើប​ព្រឺព្រួចគឺ​នៅចំ​កណ្តាល​ទ្រូងព្រៃ​ពណ៌​បៃតង​នៃ​ទឹកដី​តំបន់​អង្គរ​នេះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​ដែល​ភ្ញៀវទេសចរ​អាច​ហោះហើរ​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ មួយពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ប្រកបដោយ​សុវត្ថិភាពដើម្បីឱ្យ​ភ្ញៀវទេសចរបាន​គយគន់​មើល​ទេសភាព​ដ៏​ស្រស់ត្រកាលទស្សនា​សត្វព្រៃ​បក្សាបក្សី​ជាច្រើន​ប្រភេទដែល​កំពុង​ស្រែកយំ​យ៉ាង​គ្រលួច​ពាសពេញ​ព្រៃ​ផ្គុំ​បានជា​តន្ត្រីធម្មជាតិ​មួយ​គួរឱ្យ​ចង់​ស្តាប់​ក្រៃលែង ។ ការ​ទស្សនានិងកម្សាន្ត​នៅលើ អាកាស​នេះ​គឺអាច​ធ្វើឱ្យ​អ្នកទស្សនា​ទទួល​អារម្មណ៍​ព្រឺព្រួច​រំភើប​សប្បាយ រីករាយដែល​ពុំ​ធ្លាប់បាន​ជួបប្រទះ​ពីមុន មក​នៅក្នុង​ប្រទេស​កម្ពុជា ។ ខ្សែ​រ៉ក ជា​ប្រភេទ​ល្បែង​កម្សាន្ត​ដែល​ល្បីល្បាញ​នៅ​បរទេសនៅពេលនេះ​វា​បាន មកដល់​ប្រទេស​កម្ពុជា​ហើយ ដែលមាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ទ្រូងព្រៃក្បែរ​ប្រាសាទតាកែវ​ក្នុង​ទឹកដី​តំបន់​អង្គ​រនា​ក្រុង​សៀមរាប ។

កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

​បើតាម​ការឱ្យ​ដឹង​រប​ស់​អ្នកផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុន​រ៉ក​បានឱ្យដឹងថា ខ្សែ​រ៉ក​បង្កើតឡើង​ជាង​មួយឆ្នាំ​មកហើយ មកទល់ពេលនេះ​មាន​អ្នកគាំទ្រ យ៉ាងច្រើន ទាំង​ភ្ញៀវទេសចរ​ក្នុងស្រុក និង ជាពិសេស​គឺ​ភ្ញៀវទេសចរ​បរទេស​ដែល​និយម​ជិះ​ខ្សែ​រ៉ក​នេះ​ដោយមាន​ការពេញចិត្ត​នឹង​ការកម្សាន្ត​ជាមួយទេសភាព​នៅក្នុង​តំបន់​អង្គរ ។ រ៉ក​នៅក្រោយ​ប្រាសាទតាកែវ​ត្រូវបាន​រៀបចំកម្សាន្ត​លើ​ចម្ងាយ​ផ្លូវ​ជាង ២ គីឡូម៉ែត្រ ដែលមាន​កម្ពស់​ខ្ពស់បំផុត ៤០ ម៉ែត្រ និងទាប​បំផុត​កម្ពស់ ៥ ម៉ែត្រ ។​

កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខ្សែ​រ៉កគឺ​មិន​គិតពី​ពេលវេលា​ឡើយភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​កម្សាន្ត​ជាមួយ​ការ​ជិះ​ខ្សែ​រ៉ក​នេះ​ទាំង​ទៅ និង ទាំង​ត្រឡប់មកវិញ​ដោយមាន​អាហារ​មួយពេល​ផង​នោះ សម្រាប់​ភ្ញៀវទេសចរ បរទេស​ម្នាក់​ត្រូវ​បង់ប្រាក់​ចំនួន ៩៩ ដុល្លារ និង សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ ខ្មែរ​ត្រូវ​បង់ប្រាក់​ចំនួន ៥៩ ដុល្លារ  ។

កម្សាន្ត​លើ​អាកាស​ជាមួយ​ខ្សែ​រ៉ក​

​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​មួយរូប​បានឱ្យដឹងថា ការបង្កើតខ្សែ​ទេសចរណ៍​ខ្សែ​រ៉ក​នៅ​តំបន់​សៀមរាប​អង្គរ​ខាងក្រោយ​ប្រាសាទតាកែវ គឺ​ពិតជា​បានរួម​ចំណែក​ថ្មី​មួយទៀត ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង ទាក់ទាញភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​តំបន់​អង្គរ​ទ្វេ​ឡើង​ថែមទៀត ។ មិន​តែប៉ុណ្ណោះ​ខ្សែ​រ៉ក​ពិតជា​បាន​ផ្លាស់ប្តូរ​ពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានាឱ្យ​ភ្ញៀវទេសចរ​ងាក​មក​ទស្ស​នា​នូវ​ធនធានធម្មជាតិ​ព្រៃព្រឹក្សា និង សត្វ​បក្សាបក្សី​កំពុង​យំ​យ៉ាង​ទ្រហឹងអឺងកង​យ៉ាង​សប្បាយរីករាយនៅ​តំបន់​នោះ ៕ នឿន​