មហា​វិនាសកម្ម ផ្សារ​ថ្ម​ក្រុង​ស្ទឹង​ត្រែង​ដែល​មាន​១២២០​តូប​ក្លាយជា​ចំណី​ព្រះ​អគ្គី​ហ្មត់​ទាំងស្រុង

មហា​វិនាសកម្ម ផ្សារ​ថ្ម​ក្រុង​ស្ទឹង​ត្រែង​ដែល​មាន​១២២០​តូប​ក្លាយជា​ចំណី​ព្រះ​អគ្គី​ហ្មត់​ទាំងស្រុង



ខេត្តស្ទឹងត្រែង ៖ ផ្សារ​ថ្ម​ស្ទឹង​ត្រែង​ដែល​បាន​សាងសង់ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មាន​ទំហំ​ទទឹង​៨១​ម៉ែត្រ បណ្តោយ​១២៨​ម៉ែត្រ​ស្មើនឹង​១០.៤៤១​ម៉ែត្រការ៉េ ស្ថិត​នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ដែល​មាន​តូប​លក់ដូរ​ប្រកប​អាជីវកម្ម សរុប​១.២២០​តូប ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយ​មិន​មានការ​សេសសល់​ទ្រង់ទ្រាយ​ដើម​ណាមួយ​ឡើយ កាលពី​វេលា​ម៉ោង​២០​និង​៥​នាទី​ថ្ងៃ​ទី​៧ មេ​សា​។ នេះ​ជា​វិនាសកម្ម​ដ៏​ធំ​មួយ​ដែល​មិន​អាច​គណនា​បាន​ឡើយ ខណៈ​ពេល​ជិត​១​ស​ប្តា​ហ៍​ទៀតប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នឹង​ឈាន​ចូល​មក​ដល់ ដែល​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស​ត្រូវ​សប្បាយ​រីករាយ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាជីវក​រទាំង​តូច ទាំង​ធំ នៅ​ខេត្តស្ទឹងត្រែង បាន​ស្រែក​ទ្រហោយំ​គួរ​ឱ្យ​សង្វេគ​បំផុត ស្តាយទ្រព្យ​សម្បត្តិ​របស់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​បាន​ក្លាយជា​ចំណី​ភ្លើង ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។

ទាក់ទិន​អគ្គី​ភ័យ​ឆេះ​ផ្សារ​ស្ទឹង​ត្រែង​នេះ​ជា​ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ឆេះ​នោះ​ទេ តែ​ខណៈ​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ឌុ​ប​កូន​ដើរ​លេង​តាម​ផ្សារ​ភ្លាម​នោះ​គាត់​មានការ​ស្លន់ស្លោរ និង​ស្រែក​ប្រាប់​គេឯង ព្រមទាំង​ទៅ​គោះ​ទ្វារ​ផ្សារ​ស្រែក​ប្រាប់​ក្រុម​សន្តិសុខ​នៅ​ក្នុង​ផ្សា​រថា ភ្លើង​ឆេះ​ផ្សា​រហើយ ។ តែ​មិន​មាន​អ្នក​ណា​ម្នាក់​អើពើ​នោះ​ទេ គ្រា​ដែល​ភ្លើង​កំពុង​ឆេះ​ត្រឹម​ផ្សែង​ខ្មៅ​នៅឡើយ​នោះ ។ លុះ​ឃើញ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆេះ​ឡើង​ក្រហមឆ្អៅ ទើប​មានការ​ផ្អើល​ឆោឡោ និង​មានការ​ធ្វើ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ប្រដេញ​គ្នា​មក​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ដែល​ឆេះ​ក្រហមរន្ទាល​បំភ្លឺ​ផ្ទៃមេឃ​កណ្តាលរាត្រី ទៅ​ហើយ​នោះ ។ ជាមួយ​គ្នា​នោះ ក៏​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កងរាជអាវុធហត្ថ​ទូ​ទាំង​ខេត្ត​ផង​ដែរ ។

នៅ​ក្នុង​សកម្មភាព​នោះ​គេ​សង្កេត​ឃើញ​លោក​អភិបាលខេត្ត ចុះ​បញ្ជា​ដោយ​ផ្ទាល់​រួម​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ​កងរាជអាវុធហត្ថ ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​បាន​ខ្នះខ្នែង​ចាប់តាំងពី​ពេល​កើតហេតុ​រហូត​ដល់​ភ្លឺ ។

ចំពោះ​ការ​ឆេះ​ផ្សារ​នេះ ក្រុម​អាជីវករ​បាន​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​ផ្សា​រថា ពុំ​មានការ​ទទួលខុសត្រូវ​ទាល់តែ​សោះ បើ​ទោះបីជា​ត្រូវ​បង់ពន្ធ​ភាស៊ី​រាល់​ខែ​រាល់ថ្ងៃ​នោះ​ក្តី ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រា​ដែល​ភ្លើង​កំពុង​ឆេះ​តិចតួច​គេ​ឃើញ​ក្រុម​អាជីវករ​ភ្លូក​ទឹក ភ្លូក​ដី ស្ទុះស្ទារ​ដើម្បី​បាន​ចូល​ទៅ​ពន្លត់ភ្លើង និង​ជម្លៀស​ទំនិញ​ចេញ​មក​ក្រៅ ប៉ុន្តែ​ក្រុម​សន្តិសុខ​យាម​ប្រចាំការ​នៅ​ក្នុង​ផ្សារ​នោះ មិន​ចាក់សោ​ឲ្យ​ចូល​ទេ ថែម​ទាំង​គេចខ្លួន​បាត់​អស់​ទៀត ។ អាជីវករ​បាន​និយាយ​ថា ពួក​គេ​ទាំងនោះ បាន​ត្រឹម​ដើរ​ទាត់​កញ្ច្រែង​ជះ​បន្លែ​អ្នក​ភូមិ​មក​ពី​ជនបទ និង​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ មិន​ខ្វល់​ពី​ការ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​នោះ​ឡើយ​ឲ្យ​តែ​មាន​ផលប្រយោជន៍​ដាក់​ហោប៉ៅ​របស់​ខ្លួន ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​បាន​រៀបរាប់​ទាំង​ក្តុកក្តួល អួល​ដើម​ក ស្រក់​ទឹកភ្នែក នៅ​វេលា​យប់​កើតហេតុ​នោះ​ថា ពួក​គាត់​បាន​ប្រមែប្រមូល​លុយកាក់ ពី​ផ្ទះ​អស់រលីង​ហើយ​ទៅ​ទិញ​ទំនិញ​មក​ស្តុក​ទុក​លក់ នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ មិន​គួរ​គ្រោះ​អកុសល​ត្រូវ​រលំរលាយ​បែប​នេះ​សោះ ហើយ​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ​នេះ មិនដឹង​មាន​អ្នក​ណា​អាច​ជួយ​បាន​នោះ ។ ប្រភព​ព័ត៌មាន​បន្ត​ថា បច្ចុប្បន្ន​អាជីវករ​ផ្សារ​ស្ទឹង​ត្រែង​ជាង​៨០​ភាគរយ ដែល​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ដោយសារ​ខ្ចីប្រាក់​យក​មក​ធ្វើ​ដើមទុន​បង្វិល លើ​អាជីវកម្ម​នេះ ។

រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ស្រង់​ទិន្នន័យ​លើ​ការ​ខាតបង់​ទាំងនោះ​បាន​នៅឡើយ​ទេ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​រក្សា​ជំហរ​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់​បន្ថែម​ដែរ ព្រោះតែ​នៅ​ផ្នែក​កណ្តាល​ផ្សារ​ភ្លើង​នៅ​មិន​ទាន់​រលត់​អស់ ដោយសារ​បាំង​តូប​ថ្ម​ហើយ​រថយន្ត​មិន​អាច​ចូល​គៀក​ដើម្បី​បាញ់​ទឹក​ពន្លត់​បាន ម្ល៉ោះហើយ​នៅ​ឆេះ​ងុំ​នៅឡើយ  ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា​ថា ការ​កើត​មាន​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយ​តូប​មួយ ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​រាលដាល​ទៅ​តូប​មួយទៀត ដែល​លក់​ហ្គា​ស​និង​បញ្ចូល​ហ្គា​ស ទើប​ធ្វើ​ឲ្យ​ភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​រាលដាល​ទៅ​តូប​ដទៃ​ទៀត ។ លោក​ថា ក្នុង​នោះ​ដែរ​កម្លាំង​របស់​លោក​បាន​លុក​ចូល​ក្នុង​ផ្សារ​ដើម្បី​ពន្លត់​ស្ទើរតែ​ជួប​គ្រោះថ្នាក់​ថែម​ទៀត​ផង តែ​កងកម្លាំង​នៅ​មិន​រុញ​រា​ប្រឹង​បាញ់​ទឹក​សង្គ្រោះ​ដដែល ។ លោក​បន្ត​ថា​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​តានតឹង​នេះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​លោកស្នងការ​ខេត្តក្រចេះ និង​លោកស្នងការ​ខេត្តរតនគិរី ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ជា​បន្ទាន់​ផង​ដែរ ហើយ​ក្នុង​នោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចំនួន​៣​គ្រឿង រថយន្ត​ដឹក​ទឹក​មន្ទីរ​សាធារណការ​២​គ្រឿង រថយន្ត​ដឹក​ទឹក​លក់​របស់​ប្រជាជន​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តក្រចេះ និង​ខេត្តរតនគិរី ចំនួន​២​គ្រឿង​ផង​ដែរ ។

លោកស្នងការ​បាន​បញ្ជាក់​បន្ថែម​ថា ស្ថិត​ក្នុង​ករណី​អគ្គិភ័យ​នេះ កម្លាំង​នគរបាល​បាន​ប្រើប្រាស់​អស់​ទឹក​ជិត​២០០​រថយន្ត ។ លោក​បន្ថែម​ថា ខណៈ​ពេល​ស្ថានការណ៍​កំពុង​តានតឹង​នោះ​អណ្តាត​រលក​ភ្លើង បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ប​ក់តាមខ្យល់​ទៅ​រក​ផ្ទះល្វែង​ជុំវិញ​ផ្សារ ។ លោក​ថា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នោះ ក៏​មានការ​ឯកភាព​ឱ្យ​ប្រើប្រាស់​អេ​ស្កា​វ៉ា​ទ័​រ កាយ​តូប​សងខាង​ចេញ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះល្វែង​តាំង​ឡាយ​ដែល​នៅ​ជុំវិញ​ផ្សារ ។ ជាក់ស្តែង​នៅ​ក្នុង​ហេតុការណ៍​នោះ​កម្លាំង​បាន​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះល្វែង និង​មិន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ដែរ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ទៀត​ថា ផ្សារ​ថ្ម​ស្ទឹង​ត្រែង​នេះ មាន​តូប​ចំនួន​១.២២០​តូប ត្រូវ​ឆេះ​ហ្មត់​ទាំងស្រុង ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា យើង​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខាតបង់​របស់​អាជីវករ​នៅឡើយ​ទេ​រង់ចាំ​ធ្វើការ​បោសសម្អាត​រួចរាល់ និង​ស្រង់​ទិន្នន័យ​តាម​អាជីវករ​នីមួយ​ៗ ទើប​ដឹង​អំពី​បរិមាណ​នៃ​ការ​ខាតបង់​នោះ ។

តាម​ការ​ស្រង់​មតិ​ពី​ក្រុម​អាជីវករ​ពី​ម្នាក់​ទៅ​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​គ្រប់​អាជីវករ បាន​ទិញ​ទំនិញ​សំរុកចូល​តូប​រៀង​ៗ​ខ្លួន​យ៉ាង​សន្ធឹកសន្ធាប់ ដែល​ក្នុង​នោះ​តូប​អាជីវករ​ធុន​តូច ក៏​ត្រូវ​ចំណាយ​ដើមទុន​ជាង​២​ម៉ឺន​ដុល្លារ​ដែរ ។ ឯ​អាជីវករ​ខ្នាត​ធំការ​ចំណាយ​ដើមទុន​រហូត​ទៅ​ដល់​៧​ទៅ​៨​ម៉ឺន​ដុល្លារ ដូច្នេះ​ការ​ខាតបង់​ទាំងស្រុង​នោះ​អាច​វាយតម្លៃ​ជាបឋម​មាន​ប្រមាណ​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​ជាម​ហា​វិនាសកម្ម​ដ៏​ធំធេង​បំផុត សម្រាប់​អាជីវករ​ផ្សារ​ស្ទឹង​ត្រែង ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​នោះ​ទេ ។

គួរ​បញ្ជាក់​ថា ផ្សារ​ថ្ម​ស្ទឹង​ត្រែង​នេះ​តែង​មានការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ជា​ញឹកញាប់ ជាក់ស្តែង​នៅ​កំឡុង​ចុងឆ្នាំ​២០១៥ អាជីវករ​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​នៅ​នឹង​តូប​របស់​ខ្លួន ។ ចំណែក​ប្រព័ន្ធ​ភ្លើង​នៅ​ក្នុង​ផ្សារ​មាន​សភាព​ស្មុគស្មាញ​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់​សោះ ហើយ​ភាគច្រើន​ខ្សែភ្លើង​ដែល​ប្រើប្រាស់​នោះ​សុទ្ធ​សឹង​ជា​ខ្សែ​ចាស់​ៗ​ណាស់​ទៅ​ហើយ គួប​ផ្សំ​កា​រត​គ្មាន​បច្ចេកទេស​ទៀត ។

លោក លី មី​ណា អភិបាលរង​ក្រុង​ស្ទឹង​ត្រែង បាន​បន្ដ​ឱ្យ​ដឹង​ថា ទោះបីជា​មានការ​បាត់បង់​ទ្រព្យសម្បត្ដិ និង​ទំនិញ​ជា​ច្រើន​របស់​អាជីវករ​យ៉ាងណា​ក្តី តែ​មិន​ទាន់​ដឹង​ពី​តួលេខ​ថា អស់​ប៉ុន្មាន​ទេ ។ លោក​ថា សាលាក្រុង​នឹង​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ ដើម្បី​ឱ្យ​ដឹង​ពិតប្រាកដ​នូវ​ទំ​ហុំ​ទឹកប្រាក់​ដែល​ភ្លើង​លេប​ត្របាក់​អស់នេះ ។

លោក ប៉ូ​យ លាភ មន្ដ្រី​ទទួល​បន្ទុក​ផ្នែក​បណ្ដាញ​នៃ​អគ្គិសនី​ស្ទឹង​ត្រែង បានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ថា ចំពោះ​ការ​ឆេះ​ផ្សារ​នេះ មិនមែន​មូលហេតុ​ពាក់ព័ន្ធ​និង​ការ​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​ផ្សារ​ទេ ពីព្រោះ​ភ្លើងអគ្គិសនី​ក្នុង​ផ្សារ ត្រូវ​បិទ​ប្រើប្រាស់​នៅ​វេលា​ម៉ោង​៦​ល្ងាច ហើយ​បើក​ឱ្យ​អាជីវករ​ប្រើប្រាស់​វិញ នៅ​ម៉ោង​៦​ព្រឹក​ដូច្នេះ​មិន​ពាក់ព័ន្ធ​រឿង​អគ្គិសនី​នោះ​ឡើយ ។

ទោះបីជា​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ តែ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​គេ​លួច​ដុត​ច្រើន​ជាង​ករណី​ផ្សេង​ៗ ព្រោះ​នៅ​ពេល​ភ្លើង​កំពុង​ឆេះ​តិច​ៗ ក្រុម​អាជីវករ​បាន​ទៅ​រំដោះ​ទំនិញ​ចេញពី​ក្នុង​ផ្សារ គេ​ឃើញ​ឆេះ​ជា​ច្រើន​ពំនូក​នៅ​កន្លែង​ផ្សេង​គ្នា ហើយ​ផ្ដើម​ឆេះ​មុនគេ ចេញពី​ចំណុច​នៅ​ទិស​ខាងកើត​នៃ​ផ្សារ ។ ខណៈនោះ​គេ​មិនឃើញ​មាន​សន្ដិសុខ​ផ្សារ​របស់​ឧកញ៉ា សា លៀង ជា​មេ​ភា​សុ​ី​ផ្សារ ចេញ​មក​ជូ​យ​អន្ដរាគមន៍​នោះ​ឡើយ ។

ព្រះ​អគ្គី​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​៤​ម៉ោង ទើប​ថមថយ​កម្លាំង ក្រោម​ការ​សំរុក​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច ដែល​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ដែល​អាច​បញ្ជាក់​ថា ភ្លើង​ឆេះ​បណ្តើរ បាញ់​ទឹក​ពន្លត់​បណ្តើរ ៕