ទឹកសមុទ្រ​ប្រែ​ពណ៌​បៃតង​មិន​បង្ក​ហានិភ័យ

ទឹកសមុទ្រ​ប្រែ​ពណ៌​បៃតង​មិន​បង្ក​ហានិភ័យ



រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៨ មេ​សា របស់​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​បញ្ហា​នេះ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន បាន​ចុះ​អង្កេត​តាមដាន​យា​៉​ង​ល្អិន​ល្អន់​នៅ​តាម​ទីតាំង​កើតហេតុក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប និង​តំបន់​ជុំវិញ ដោយ​បាន​ដង​យក​សំណាក​ទឹក​នៅ​តាម​ទីតាំង​ចំនួន​៧​កន្លែង​ជា​ច្រើន​លើក​បន្តបន្ទាប់​មក​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​អំពី​មូលហេតុ និង​ផល​ប៉ះពាល់ ។

ជា​លទ្ធផល​បង្ហាញ​ថា គុណភាព​ទឹក​នៅ​តាម​តំបន់​ដែល​ទទួល​រង​គ្រោះ​មិន​មាន​ឃើញ​វត្តមាន​សារធាតុ​គ្រោះថ្នាក់​ដែល​អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​មនុស្ស និង​បរិស្ថាន​ទឹក​ទេ ។ មូលហេតុ​ដែល​បង្ក​ឱ្យ​ទឹកសមុទ្រ​ប្រែ​ពណ៌​បៃតងខ្ចី គឺ​បណ្តាល​មក​ពី​វត្តមាន​ប្លង់តុង​មួយ​ប្រភេទ​ដែល​បាន​កកើត​មាន​ឡើង​ពាសពេញ​ទឹកសមុទ្រ​នៅ​តំបន់​ដែល​មានទឹក​រាក់ ជា​ពិសេស​តំបន់​នៅ​ជិត​ព្រំប្រទល់​ដែនទឹក​រវាង​កម្ពុជា​-​វៀតណាម ។

សេចក្តី​ប្រកាស​បាន​បង្ហាញ​ថា ប្លង់តុង​ទាំងនេះ​បាន​វិ​វត្ត​ខ្លួន​ទៅ​ជា​បណ្តុំ​សារាយ​ពណ៌​បែ​តង​ខ្ចី​អណ្ដែត​ខុស​ប្រក្រតី ដោយសារ​កើនឡើង​នៃ​សីតុណ្ហភាព​ក្នុង​ទឹកសមុទ្រ ពន្លឺ និង​ការ​ប្រែប្រួល​នៃ​សារធាតុចិញ្ចឹម​ក្នុង​សមុទ្រ ។ ស្ថានភាព​បែប​នេះ អាច​បន្ដ​កើត​មាន​ឡើង​សា​ជា​ថ្មី ប្រសិនបើ​សីតុណ្ហភាព​ក្នុង​ទឹកសមុទ្រ​បន្ដ​កើន​លើស​ពី​៣២​អង្សា​សេ ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា ប្រសិនបើ​មានការ​លេច​ចេញ​ជា​ថ្មី​នូវ​វត្ដមាន​បណ្ដុំ​សារាយ​នេះ សូម​សាធារណជន​មេត្ដា​កុំ​ភ្ញាក់ផ្អើល និង​កុំ​មានការ​ព្រួយបារម្ភ ហើយ​ប្រជា​នេសាទ​អាច​ធ្វើការ​នេសាទ​ជា​ធម្មតា ។ ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​បន្ដ​តាមដាន​បញ្ហា​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត និង​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ជា​បន្ដបន្ទាប់​ទៀត ៕