ធ្លាប់ដឹងទេថា ធ្វើម៉េចទើបអាច ទិញបានសាច់ជ្រូក ដែលមានរសជាតិឆ្ងាញ់ មិនខ្សោះៗ!

ភ្នំពេញ៖ វាជារឿងជាក់ស្តែងមួយ ដែលថាការដើរផ្សារ ទិញម្ហូប សម្រាប់ស្ត្រីមេផ្ទះគ្រប់រូប មិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារថាវាមាន កត្តាលំបាកមួយចំនួន។

កត្តាលំបាកទាំងនោះមានដូចជា ការជ្រើសរើសមុខម្ហូប ដើម្បីកុំឲ្យវាជាន់គ្នានឹងម្សិលមិញ ពោលគឺកុំឲ្យអ្នកផ្ទះ មានអារម្មណ៍ថាបរិភោគ អាហារដដែលៗ។

ក្រៅពីនេះទៀត គឺទាក់ទងនឹងតម្លៃ ព្រោះថាបើតម្លៃ ត្រី សាច់ ឬក៏បន្លែណាមួយ មានតម្លៃថ្លៃខ្លាំងនោះ ក៏វាអាចប៉ះពាល់ដល់ការសម្រេចចិត្ត របស់ពួកគាត់ផងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់ ពួកគាត់ចូលចិត្តនោះរករបស់ (ត្រី, សាច់ ឬបន្លែ) ណាដែល ស្រស់ៗ មានរសជាតិឆ្ងាញ់ ហើយតម្លៃថោកសមរម្យតែម្តង និងជាពិសេសគឺ មិនប៉ះពាល់ដល់សុខភាព។

យ៉ាងណាមិញ ការជ្រើសរើស សាច់ បន្លែ សម្រាប់ស្ត្រីមេផ្ទះថ្មោងថ្មី ឬក៏អ្នកដែលមិនសូវជាដើរផ្សារទិញឥវ៉ាន់ញឹកញាប់ ច្បាស់ជារឿងដ៏លំបាកមួយជាក់ជាមិនខាន។ ដូច្នេះហើយ ទើបក្រុមការងារខ្មែរឡូត បានធ្វើការសាកសួរស្ត្រីមេផ្ទះចំណាស់ៗ និងមានជំនាញ ក្នុងការដើរផ្សារជាច្រើនឆ្នាំទៅហើយនោះ ដើម្បីចង់ដឹងអំពីវិធី ក្នុងការជ្រើសរើស យកសាច់ដែលមានរសជាតិ ជាពិសេសគឺសាច់ជ្រូក ប្រភេទណាដែល មានរសជាតិឆ្ងាញ់ ពេលធ្វើអាហារ ហើយមានតម្លៃសមរម្យ។

បើតាមការរៀបរាប់របស់អ្នកមីង ឆដា ស្ថិតនៅក្នុងវ័យជាង ៤០ឆ្នាំ ដែលមានបទពិសោធន៍ ក្នុងការដើរផ្សារទិញម្ហូប អាហារ ត្រីសាច់ បន្លែ ជាយូរឆ្នាំមកហើយនោះ បានប្រាប់ក្រុមការងារខ្មែរឡូត ឲ្យដឹងថា “តាមពិតទៅ សាច់ជ្រូក ដែលមានដាក់លក់ នៅតាមផ្សារគឺមានច្រើនប្រភេទ ដែលវាមានរសជាតិ និងតម្លៃ ខុសៗគ្នា ហើយយើងក៏អាចសម្គាល់ មើលវាដឹងបាន ដោយគ្មានការពិបាកចំណាំអីទេ។ ភាគច្រើនអ្នកលក់ យកសាច់ជ្រូក២ប្រភេទ មកលក់នោះគឺ សាច់ជ្រូកចិញ្ចឹមដោយធម្មជាតិ និងសាច់ជ្រូកកសិកម្ម ហើយមនុស្សជាច្រើន ចូលចិត្តបរិភោគសាច់ជ្រូកចិញ្ចឹម ដោយធម្មជាតិ ព្រោះវាមានជាតិជាង។ តែយ៉ាងណាមិញ សាច់ជ្រូកចិញ្ចឹមដោយធម្មជាតិ វាមានតម្លៃថ្លៃជាងបន្តិច ដោយភាគច្រើនវាប្រហែលជាថ្លៃ ២០០០០រៀល ទៅ២២០០រៀល ក្នុង១គីឡូក្រាម ស្របពេលដែលសាច់ជ្រូក ប្រភេទផ្សេងទៀត មានតម្លៃថោកជាងនេះ ពី៤០០០រៀល ទៅដល់៥០០០រៀល”។

អ្នកមីង ឆដា បានបន្តទៀតថា “ជាធម្មតា តាមបទពិសោធន៍ខ្ញុំ សាច់ជ្រូកកសិកម្ម នៅពេលយើងយកមកហិត គឺធុំក្លិនសា និងមានសាច់ពណ៌ក្រហមស្រស់តែម្តង។ រីឯសាច់ជ្រូកចិញ្ចឹមដោយធម្មជាតិវិញ គឺភាគច្រើនស៊ីកន្ទក់ ដូច្នេះហើយសាច់វាហាប់ និងមានខ្លាញ់ច្រើនជាងសាច់ ម្យ៉ាងក៏មិនសូវជាមានក្លិនសា ជាប់នៅនឹងសាច់ផងដែរ”។

លើកឡើងស្រដៀងគ្នានេះដែរ អ៊ំស្រីជាអាជីវករ លក់សាច់ជ្រូកម្នាក់ នៅឯផ្សារកណ្តាល ក្នុងរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា “តាមពិតទៅ សាច់ជ្រូកដែលយកមកលក់ នៅតាមផ្សារ មានច្រើនប្រភេទ មានទាំងសាច់ជ្រូកក្នុងស្រុក និងក្រៅស្រុក។ សាច់ជ្រូកក្នុងស្រុក មិនថាជាសាច់ជ្រូកកសិកម្ម ឬក៏សាច់ជ្រូកចិញ្ចឹមដោយ ធម្មជាតិឡើយ ទោះយ៉ាងណាក៏វានៅមានជាតិ និងស្រស់ជាង សាច់ជ្រូកយកពីក្រៅមកដែរ។ ក្នុងនោះយើងអាចមើលដឹងថា សាច់ជ្រូកដែលយកមកក្រៅ គឺមានសភាពរឹងជាង ហើយស្លេក ម្យ៉ាងទៀតបើយើងបរិភោគទៅ ខ្សោះៗមិនសូវជា មានជាតិប៉ុន្មាននោះឡើយ”។

អ៊ំស្រីម្នាក់នេះ បានបន្ថែមទៀតថា “ភាគច្រើនអតិថិជន តែងមកទិញយកសាច់ជ្រូក ក្នុងស្រុក ជាពិសេសគឺសាច់ជ្រូក ចិញ្ចឹមដោយធម្មជាតិ ពីកន្លែងអ៊ំ ថ្វីត្បិតតែវាមានតម្លៃថ្លៃជាង ប្រភេទសាច់ជ្រូកដទៃទៀតមែន តែវាល្អ ហើយបរិភោគទៅ មានជាតិឆ្ងាញ់”។

ទាំងនេះគឺជា ការលើកឡើងរបស់ស្ត្រីមេផ្ទះ ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ ក៏ដូចជាអាជីវករផ្ទាល់ ទាក់ទងទៅនឹង ការជ្រើសរើសប្រភេទសាច់ជ្រូក ដែលមានជីវជាតិ និងរសជាតិឆ្ងាញ់ ដើម្បីអាចចែកជូនទៅដល់ ប្រិយមិត្តអ្នកអានដែលមិនធ្លាប់ មានបទពិសោធន៍ ក្នុងការដើរផ្សារ ទិញម្ហូបអាហារ ជាពិសេសសាច់ជ្រូកតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត