ប្រទេស​បុតស្វាណា​នាំ​មុខ​គេ​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​មេរោគ​អេដស៍

ប្រទេស​បុតស្វាណា​នាំ​មុខ​គេ​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​មេរោគ​អេដស៍

រូបឯកសារ៖ អ្នក​ផ្ទុក​មេរោគ​អេដស៍​កំពុង​រង់​ចាំ​ទទួល​ថ្នាំ​ពន្យាជីវិត​នៅមន្ទីរ​ពេទ្យ​ Deborah Retief ក្នុង​ក្រុង​ Moshundi ប្រទេសបុតស្វាណា។ប្រទេស​បុតស្វាណា​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ភាគ​ខាងត្បូង​កំពុង​តែ​នាំ​មុខ​គេ​ក្នុង​ការ​ទប់ស្កាត់​ និង​ព្យាបាល​មេរោគ​ដែល​បង្ក​ជំងឺ​អេដស៍​ គឺ​បាន​លើស​គោល​ដៅ​​​ដែល ​អ.ស.ប​ បាន​ដាក់​ចេញ។
វ៉ាស៊ីនតោន—

ប្រទេស​បុតស្វាណា​ដែល​ជា​ប្រទេស​មាន​អត្រា​អ្នក​ឆ្លងមេរោគ​អេដស៍​រហូត​ដល់​ទៅ​២៥ភាគរយ​នៃ​ចំនួន​មនុស្ស​ពេញ​វ័យ​សរុប បាន​នាំ​មុខ​ប្រទេស​នានា​ រួម​ទាំង​ប្រទេស​លោក​ខាងលិច​ និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្សត់​ខ្សោយ​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍។

កម្មវិធី​របស់​ អ.ស.ប​ សម្រាប់​មេរោគនិង​ជំងឺ​អេដស៍ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ប្រឹងប្រែង​ដើម្បី​ធានាបាន​ថា ៩០ភាគរយ​នៃ​ប្រជាជន​របស់​ខ្លួន​ដឹង​អំពី​ស្ថានភាព​មេរោគ​អេដស៍​របស់​ខ្លួន ហើយ​៩០​ភាគ​រយ​នៃ​អ្នក​ទាំង​នោះ​ទទួល​បាន​ការព្យាបាល​ដោយ​វិធីសាស្ត្រ​ពន្យារ​អាយុជីវិត​ ដើម្បីសម្រេច​ការ​ទប់​ស្កាត់​ឲ្យ​បាន​៩០​ភាគរយនៃ​ការ​ឆ្លង​ជា​ប្រព័ន្ធ។

របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ស្រាវជ្រាវ​អំពី​មេរោគ​អេដន៍​ ឈ្មោះ​ The Lancet HIV ​បាន​រក​ឃើញ​ថា​ ប្រទេស​បុតស្វាណា​សម្រេច​លើស​ពី​គោលដៅ​ដែល​បាន​កំណត់​ គឺ​សម្រេច​បាន​មុន​គោល​ដៅឆ្នាំ​២០២០។

ប្រទេស​បុតស្វាណា​បាន​ឈានដល់​អត្រា​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ជា​ប្រព័ន្ធ​នេះ​ ​ដល់​ទៅ​៩៦​ភាគរយ​ក្នុង​ចំណោម​ប្រជាជន​ដែល​ផ្ទុក​មេរោគ​អេដស៍​សរុប ដែល​ក្នុង​នោះ​ភាគ​ច្រើន​មាន​អាយុ​ចាប់ពី​១៥​ទៅ ៤៩​ឆ្នាំ។ នេះ​បើ​យោង​តាម​លោក ​Max Essex​ ប្រធាន​នៃ​គ្រឹះស្ថាន​សុខភាព​សាធារណៈ​ T.H. Chan ​ផ្នែក​គំនិត​ផ្តួចផ្តើម​លើ​មេ​រោគ​អេដស៍​នៃ​សាកលវិទ្យាល័យ Harvard។

តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​នេះ​សម្រេច​បាន​យ៉ាង​ដូច្នេះ? លោក Essex មាន​និយា​ថា​ ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​មួយ​នេះ​ បាន​បើក​ទូលាយ​ឲ្យ​មាន​អ្នក​ស្រាវជ្រាវ​អំពី​ជំងឺ​អេដស៍​និង​ពេទ្យ​ពិនិត្យ​ជំងឺ​អន្តរជាតិ​មក​ជួយ​ក្នុង​ការ​ទប់ស្កាត់​នេះ។

ប្រទេស​នេះ​ក៏​បាន​ចាប់ផ្តើម​លឿន​ដែរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​នេះ​ គឺ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០១ ដោយ​មាន​គោលដៅ​ធ្វើ​តេស្ត​ប្រជាជន​ដែលប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ឱសថ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​តម្រូវ​ការ​មាន​លទ្ធភាព​ទទួល​បាន​ ទោះ​បី​ពួក​គេ​នៅក្នុង​ភូមិ​ដាច់ស្រយាល​ក៏​ដោយ។

លោក ​Essex មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​អ្នក​មិន​អាច​និយាយ​ថា បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ​ នៅ​ក្នុង​អនុតំបន់​វាល​ខ្សាច់​សាហារ៉ា​ ដែល​ជា​តំបន់​មាន​អត្រា​ឆ្លង​រោគ​ខ្ពស់ ​និង​ជា​តំបន់​ដែល​មិន​មាន​គ្រូ​ពេទ្យ​ជំនាញ​ខាង​ជំងឺ​អេដស៍​ច្រើន​ពី​មុន​មក»។

យោង​តាម​លោក ​Essex ​បណ្តា​ប្រទេស​លោក​ខាង​លិច​ដើរ​ក្រោយ​ប្រទេស​បុតស្វាណា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ដែល​បង្ក​ជំងឺ​អេដស៍​នេះ​ ដោយសារ​ពួក​គេ​ធ្វើ​បានប្រមាណ​ត្រឹម​តែ​ ៦០ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ទ្វីប​អឺរ៉ុប​ និង​ត្រឹម​តែ​៣០ភាគរយ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក ​Essex បាន​បន្ត​ថា នៅ​ខណៈ​ពេលដែល​មិន​ទាន់​មាន​ការ​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះស្បើយ ​អ.ស.ប.​ បាន​ប៉ាន់​ស្មាន​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​តាម​រយៈ​ការ​ធ្វើ​តេស្ត​ឈាម និង​ការ​ព្យាបាល​បច្ចុប្បន្ន​ អាច​នឹង​ធ្វើ​ឲ្យ​អត្រា​ចម្លង​មេរោគ​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

«ក្នុង​វិធីសាស្ត្រ​ដែល​អង្គការ​សុខភាព​ពិភពលោក​កំណត់​គោលដៅ​ទាំង​នោះ ពួកគេ​បាន​លើក​ឡើង​ថា ​បើសិនជា​ប្រទេស​ទាំង​អស់​ ឬ​ក៏​ពិភពលោក​ទាំង​មូល​អាច​សម្រេច​គោលដៅ​ទាំង​នោះ​នៅ​ឆ្នាំ​២០២០ នោះ​ក្នុង​រយៈពេល​១០​ឆ្នាំ ​អត្រា​នៃ​អ្នក​ឆ្លង​មេរោគអេដស៍​ថ្មី​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ទៅ​៩០​ភាគរយ​នៅ​ក្នុង​ពិភព​លោក»។

បទពិសោធន៍​របស់​ប្រទេស​បុតស្វាណា​ហាក់​ដូចជា​បង្ហាញ​ពី​សុពលភាព​នៃ​វិធីសាស្ត្រ​នេះ ហើយ​លោក​ Essex ​មាន​ប្រសាសន៍​ថា​ លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ប្រទេស​ផ្សេង​ទៀត​ថា​ ពួក​គេ​នឹង​អនុវត្ត​បាន​ទាន់​ពេលវេលា​ដែល​បាន​កំណត់។

«ខ្ញុំ​គិត​ថា​ប្រទេស​ផ្សេង​ទៀត​នឹង​ចំណាយ​ពេល​ច្រើនជាង​នេះ ​ដើម្បី​សម្រេច​កិច្ចការ​នេះ​បាន​ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ​ប្រទេស​ភាគច្រើន​អាច​សម្រេច​គោលដៅ​ទាំង​នេះ​បាន​ប្រសិន​បើ​ពួកគេ​ចង់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​ចង់»។

ក្តី​សង្ឃឹម​នេះ​នៅ​តែ​បន្ត​សម្រាប់​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​អេដស៍​ដែល​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​បញ្ឈប់​ការ​ចម្លង​នៃ​មេរោគ​នេះ។

លោក Essex មាន​ប្រសាសន៍​ថា ប្រសិន​បើ​គ្មាន​វ៉ាក់សាំង​នោះ​ទេ ​មាន​តែ​ការដឹង​ពីចំនួន​អ្នក​ឆ្លង​មេរោគ​នេះតាម​តែ​អាច​ធ្វើទៅ​បាន និង​ការ​ព្យាបាល​ពួក​គេ​ដោយ​ថ្នាំ​ពន្យារ​ជីវិត​ប៉ុណ្ណោះ​ ដែល​ផ្តល់​ក្តី​សង្ឃឹមខ្លាំង​បំផុត​ក្នុង​ការ​បញ្ឈប់​ការ​រីករាលដាល​នៃ​មេរោគ​នេះ៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច