វិធីជួយកូនតូចពេល រមាស់អញ្ចាញធ្មេញ

ធ្មេញដំបូងរបស់កូនតូច នឹងបង្ហាញឱ្យឃើញពេលកូនអាយុបានប្រមាណជា 5-7ខែ ពេលញញឹមម្តងៗ នឹង​មើល​ឃើញ​ធ្មេញ​តូចៗ ពណ៌សលេចចេញមកដូចកូនទន្សាយ អ្នកណាឃើញក៏អត់មិនឃ្នាន់ខ្នាញ់មិនបានដែរ តែចំពោះកូន​តូច​ដែល​ជាម្ចាស់ធ្មេញ​វិញ​នោះ តើមាននរណាដឹងទេថា កូនកំពុងតែពិបាកនឹងអាការរមាស់ ឈឺអញ្ចាញធ្មេញប៉ុនណានោះ? តែក្មេងតូចដូចកូនមិនទាន់អាចនិយាយបាន ទើបកូនចង់បញ្ចេញសញ្ញាឱ្យប៉ាម៉ាក់បានដឹងថា…ជួយកូនបន្តិចមក។

ជួយយកចិត្តទុកដាក់មើលថែ ឱបកូន ផ្តល់កម្លាំងចិត្តដល់កូន ដើម្បីឱ្យកូនកើតមានអារម្មណ៍ជឿជាក់ក្នុងចិត្តថា កូន​នៅ​​មានប៉ា និងម៉ាក់នៅក្បែរកូនជានិច្ច ទោះជារយៈដំបូងៗកូនងង៉ក់រករឿងខ្លះមែន (មកពីឈឺអញ្ចាញធ្មេញ) តែក៏កូនអាចទប់​ទល់ និងឆ្លងផុតសភាវនេះទៅបានដោយខ្លួនឯង។

បើកូនភ្លេចខ្លួនច្រឡំខាំក្បាលដោះម៉ាក់ ដោយក្តីឈឺរមាស់អញ្ចាញធ្មេញនោះ កូនចង់ឱ្យម៉ាក់យល់ និងកុំខឹងកូនអី វិធី​ដែល​​ល្អ គឺម៉ាក់គួរទាញ​កូនចេញ ហើយរកអ្វីផ្សេងមកឱ្យកូនខាំជំនួសវិញ ដើម្បីឱ្យកូនបានដឹងថា ទង្វើបែបនេះម៉ាក់​មិន​ចូល​ចិត្ត​ទេ​។

រករបស់លេងបែបជ័រកៅស៊ូទន់ៗ មកឱ្យកូនខាំលេង ជួយកុំឱ្យកូនរមាស់អញ្ចាញធ្មេញខ្លាំងពេក។

យកកន្សែងពោះគោទន់ៗ ជ្រលក់ទឹកត្រជាក់ ជូតយឺតៗ ថ្នមៗតាមអញ្ចាញធ្មេញរបស់កូន ជួយឱ្យ​កូន​បាន​ធូរ​ស្រាល​មែន​​ទែន។

អំឡុងពេលនេះទឹកមាត់កូន នឹងចេញមកច្រើនជាងប្រក្រតី និងអាចហូរបញ្រ្ចាស់ចេញមកក្រៅមាត់ កូនចង់ឱ្យម៉ាក់​យក​ក្រណាត់ស្អាត ឬសំលីជ្រលក់ទឹកជូតសម្អាតជុំវិញមាត់ឱ្យកូនផង។

ឱ្យកូនញ៉ាំអាហារទន់ៗ ត្រជាក់ៗ ដូចជា សាច់ក្នុងនំប៉័ង ចេកអំបូង និងយ៉ាអួជាដើម។

គ្មានក្មេងណាម្នាក់មិនធ្លាប់ឆ្លងកាត់បទពិសោធន៍ រមាស់អញ្ចាញធ្មេញនេះទេ សុំត្រឹមតែអ្នកម្តាយជួយកូនឱ្យត្រូវ​តាមវិធី​ក៏​​​អាចនឹងជួយឱ្យកូនទប់ទល់ជាមួយនឹង អាការរមាស់ផងឈឺផងនេះបានល្អមិនខាន។

កុំធ្វើបែបនេះណា៎ម៉ាក់ណ៎ា

កុំឱ្យកូនញ៉ាំទឹកកក ឬទឹកត្រជាក់ខ្លាំង ព្រោះនឹងធ្វើឱ្យអញ្ចាញធ្មេញកូនស្ពឹក។

មិនចាំបាច់ត្រូវប្រើថ្នាំបំបាត់ការរមាស់ ឬឈឺចាប់នោះទេ ព្រោះជាធម្មជាតិ គឺកូនអាចទប់ទល់នឹង​អាការ​ធ្មេញ​ដុះ​ឡើង​នេះបាន លើកលែងតែអញ្ចាញធ្មេញរបស់កូន មានអាការហើមឡើងក្រហម ចាំប៉ា និងម៉ាក់នាំកូនទៅជួបនឹងគ្រូពេទ្យ​ធ្មេញ​កុមារ​។

កុំជូតអញ្ចាញធ្មេញរបស់កូនដោយអាល់កុល។

កុំឱ្យកូនញ៉ាំរបស់ដែលរឹងៗ ដូចជា បន្លែ ផ្លែឈើដែលហាន់ជាចំណិតៗ ហើយឱ្យកូនកាន់ខាំលេងអី ព្រោះបើកូន​ខាំ​ដាច់ ​បន្លែ ឬផ្លែឈើនោះវាអាចធ្លាក់ចូលទៅក្នុងបំពង់ខ្យល់ ក្នុងករបស់កូនបាន៕

ប្រភព៖ tomnerb

  • វិធីជួយកូនតូចពេល រមាស់អញ្ចាញធ្មេញ已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/04/10  Category:សុខភាព
Tags: