ប័ណ្ណសរសើរ​ការងារ​ លេខ​១ ប៉ុន្តែ​អគារ​ធ្វើការ ​ជាប់​លេខ​០

ខេត្តព្រៃវែង ៖​ ប័ណ្ណសរសើរ​ចំណាត់ថ្នាក់​លេខ​១ គឺជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល និង​សាលាសង្កាត់​ជើង​ទឹក ដែល​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បាន​ល្អ​ជាងគេ​ក្នុង​ចំណោម​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលនិង​សង្កាត់​ដទៃ​ទៀត​ក្នុង​ក្រុង​ព្រៃវែង ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អគារ​ប៉ុស្តិ៍​រដ្ឋបាល​និង​អគារ​សាលាសង្កាត់​ជើង​ទឹក​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ហើយ​បាន​ទ្រេត​ផ្អៀង​រកកល់នឹង​បាក់​ថែម​ទៀត ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍ និង​មន្ត្រី​សាលាសង្កាត់​មានការ​ព្រួយបារម្ភ និង​លែង​ចង់​ចូល​ធ្វើការ​នៅ​ក្នុង​អគារ​ទាំង​២​នោះ​ទៀត​ហើយ ព្រោះ​ខ្លាច​បាក់​សង្កត់​នៅ​ថ្ងៃ​ណាមួយ ។

លោក ប៊ី ធួន ចៅសង្កាត់​ជើង​ទឹកបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ទាំង​អគារ​ប៉ុស្ដិ៍​រដ្ឋបាល និង​អគារ​សាលាសង្កាត់ សុទ្ធតែ​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ សសរកន្លោង ផ្លាន ផ្ទោង ដៃរណែង ព្រំ​ដំបូល និង​ជញ្ជាំង ត្រូវ​សត្វ​កណ្ដៀរ​ពូន​ស៊ី​ស្ទើរ​គ្រប់កន្លែង គឹ​រង់​ចាំតែ​ថ្ងៃរ​លំបាក់​ប៉ុណ្ណោះ ។

លោក​ចៅសង្កាត់​បញ្ជាក់​ថា ពួក​គាត់​បាន​ធ្វើ​លិខិតស្នើ​សុំ​សាងសង់​អគារ​ថ្មី​ទៅ​សាលាខេត្ត​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ឱ្យ​មាន​កន្លែងធ្វើការ​មួយ​សមរម្យ សម្រាប់​បម្រើ​ការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ហើយ​ខាង​សាលាខេត្ត​ក៏​បាន​ឆ្លើយ​តប​មក​វិញ​ដែរ​ថា នឹង​ផ្តល់​អគារ​ថ្មី​ឱ្យ​ប៉ុន្តែ​បាត់​ឈឹង​រហូត​មក​ដល់​ពេល​នេះ ។

ដោយឡែក លោក​អនុសេនីយ៍ទោ ហេង ថា នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជើង​ទឹកបាន​បញ្ជាក់​ដែរ​ថា លោក​បាន​ស្នើ​សុំ​ទៅ​ស្នងការដ្ឋាន​ខេត្ត​ហើយ ហើយ​ខាង​ការិយាល័យ​កិច្ចការរដ្ឋបាល​ខេត្ត បាន​ប្រាប់​ថា គេ​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ឲ្យ​ហើយ ប៉ុន្តែ​មិនដឹង​ពេល​ណា​ទេ ។

ចំពោះ​រឿង​អគារ​ប៉ុស្តិ៍​រដ្ឋបាល​នេះ កោះសន្តិភាព​បាន​ទាក់ទង​ទៅ​លោក​ឩ​ត្តម​សេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​ដែរ​ដើម្បី​សុំ​ការ​បំ​ភ្លឹ ប៉ុន្តែ​លោក​អះអាង​ថា​កំពុង​ជាប់​ប្រជុំ​មិន​អាច​បំ​ភ្លឹ​បាន​ទេ ។

ចំណែក​លោក ជា សុ​មេធី អភិបាលខេត្ត ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​ទូរ​សព្ទ័​របស់​លោក​ហៅ​ចូល​ហើយ គ្មាន​អ្នក​ទទួល ។ ដោយឡែក​លោក ចាន់ ថា នាយក​រដ្ឋបាល​សាលាខេត្ត បាន​ឲ្យ​ដឹង​ថា រឿង​អគារ​សាលាសង្កាត់​ជើង​ទឹក​នេះ ខេត្ត​បាន​លើក​គម្រោង​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​ហើយ​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ឆ្លើយ​តប​ទេ ។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា បើ​សង្កាត់ និង​ប៉ុស្ដិ៍​ធ្វើការ​ល្អ​ហើយ មាន​ប័ណ្ណសរសើរ​ហើយ គួរ​ប្រញាប់​ជួយ​ស្ថាបនា​កន្លែងធ្វើការ​ឱ្យ​បាន​ល្អ​ផង ជា​ការ​លើកទឹកចិត្ត​មន្ត្រី​ដែល​ល្អ ។ មន្ត្រី​ដែល​ល្អ មិនមែន​មន្ត្រី​ជើង​១០​ទេ គួរ​បើកភ្នែក​មើល​ផង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត