យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នគរបាល​

​រាជធានី​ភ្នំពេញ : បច្ចុប្បន្ន បញ្ហា​អនាម័យ គឺជា​រឿង​សំខាន់​ដែលមាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល រួមទាំង​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន ជា​ពិ​សេ​នៅតាម​ទីជនបទ​នានា សុទ្ធ​តែមាន​បង្កើត​នូវ​បង្គន់​អនាម័យ ដើម្បី​ថែរក្សា​សុខភាព ទូទៅ ជៀសវាង​ការធ្វើ​ឥរិយាបទ មួយចំនួន ដោយ​គ្មាន​សណ្តាប់ធ្នាប់ ពាសវាល​ពាសកាល​។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ផលិតកម្ម​ហង្ស​មាស បាន​ផលិត​បទ​ចម្រៀង​មួយ​បទ​ដែល​បានបង្ហាញ ពី​ឥរិយាបទ​មិន​សមរម្យ​របស់​តួអង្គ​ចំនួន​បី​រូប​ដែល​នាំគ្នា ឈរ​បន្ទោ​របង់ (​បត់ជើងតូច ឬ នោម​) ដាក់​នៅ​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងនោះដែរ​ក៏មាន​វត្តមាន​តួអង្គ​ម្នាក់ទៀត ដែល​ស្លៀកពាក់ ជា​មន្ត្រីនគរបាល ក៏បាន​ទៅ​ឈរ​នោម​នៅក្បែរ​តួអង្គ​ទាំងបី​នោះដែរ​។​

 

​បទ «​យក្ស​រាំ​ធុងបាស​» របស់​ហង្ស​មាស​នេះ បានធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នគរបាល ដោយ​យក​សម្លៀកបំពាក់ នគរបាល​ឲ្យ​តួអង្គ​ពាក់ និង​បាន​ទៅ​ជុះនោម ដាក់​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មានការ​រិះគន់​។ មិនដឹងថា ផលិតកម្ម​មួយ​នេះ ចង់បង្ហាញ​នូវ​ទិដ្ឋភាព ដែលមាន​ឥរិយាបទ មិន​សមរម្យ ដោយ​ឈរ​តំរៀបជួរ​គ្នា​នោម នៅ​ទីសាធារណៈ ដើម្បី ផ្សព្វផ្សាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន បានឃើញ​នូវ​ទង្វើ​នេះ​។ តួអង្គ​យក្ស ក៏​ជា​តួអង្គ​មួយ នៅក្នុង​សាសនា​ផងដែរ ដូចជា​នៅ​ច្រកចូល ទៅ​ប្រាសាទ​មួយ​នៅ​អង្គរវត្ត ក៏មាន​ទេវតា និង​យក្ស​នៅ​អម​សងខាង ផ្លូវ​ចូល ទៅ​ប្រាសាទបុរាណ​នោះដែរ​។ មិនតែប៉ុណ្ណោះ នៅតាម​ទីវ​ត្ត​អារាម​នានា និង​របាំ​មួយចំនួនទៀត ក៏មាន​តួអង្គ​យក្ស​តែ​នេះ គេ​យក​យក្ស​ឲ្យ​ឈរ​នោម ធ្វើ​មិនដឹង​ម្យ៉ាងដែរ​។​

 

​មាន​ប្រជាពលរដ្ឋ​ជាច្រើន នៅតែមាន​ការងឿងឆ្ងល់ ថា​រាល់​ការផលិត​បទ​ចម្រៀង ការ​តែង​និពន្ធ គឺ​សុទ្ធតែ​មានការ​ឆ្លងកាត់ ពី​ក្រសួង​វប្បធម៌​ត្រួតពិនិត្យ មុននឹង​ឲ្យ​ចេញ​។ ប៉ុន្តែ ទង្វើ​នៅក្នុង​បទ​ចម្រៀង​នេះ ដែលមាន​ការរិះគន់​ជាច្រើន នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​បុក ដែល​ខាង​ក្រសួង​វប្បធម៌ នៅតែ​អនុញ្ញាតិ ឲ្យ​ចេញ​។ បើ​យោងតាម​ប្រភព ចេញពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខាង​ផលិតកម្ម​មួយ​នេះ​មាន​សាច់ញាតិ ដែល​ធ្វើការ​នៅក្នុង​ក្រសួង​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​ក៏ដោយ គឺ​ចេញ​បាន​គ្រប់ពេល​ទាំងអស់​។​

 

​បើ​យោងតាម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ថែរក្សា​អនាម័យ ការបោះ​សំរាម​នៅ​ពាសវាល​ពាសកាល នៅតាម​ទីសាធារណៈ និង​សូមអោយ​ប្រជាពលរដ្ឋ រក្សា​នូវ​សណ្តាប់ធ្នាប់ ជៀសវាង​ការ​បន្ទោ​របង់ តាម​ទីសាធារណៈ​ផ្សេងៗ​។​

 

​ក្នុងនោះដែរ ក៏មាន​អង្គការ​មួយចំនួន បានរៀបចំ​ស្ព​ត​អប់រំ​ឲ្យ​ចូលរួម បង្កើត​នូវ​បង្គន់​អនាម័យ និង​ចូលរួម​ប្រើប្រាស់ ទាំងអស់គ្នា តែ​បែរជា​ផលិតកម្ម​មួយ​នេះ បង្ហាញ​ឲ្យ​ឃើញ ពី​តួអង្គ ឈរ​នោម​បែបនេះ​ទៅវិញ​៕

យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នគរបាល​

យក្ស​រាំ​ធុងបាស់ របស់​ហង្ស​មាស ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​នគរបាល​