រៀម ច័ន្ទ​បរ​មី ទុកចិត្ត​សង្សារ តែ​រៀបការ​មិនទាន់​សង្ឃឹម ព្រោះ​ទទួលបាន​ចិញ្ចៀនពេជ្រ​មួយ​វង់​

​រាជធានី​ភ្នំពេញ : តារា​សម្តែង រៀម ច័ន្ទ​បរ​មី បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​២៦​ឆ្នាំ​របស់ខ្លួន កាលពី​រាត្រី​ថ្ងៃទី​៧ ខែមេសា ជាមួយនឹង​វត្តមាន​ភ្ញៀវ​ជា​អ្នកសិល្បៈ​មួយចំនួន​។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​នាង​ទទួលបាន​ចិញ្ចៀនពេជ្រ​មួយ​វង់​ពី​បុរស​ដែលជា​គូស្នេហ៍ ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ​។ តារា​សម្តែង​រូបនេះ​បញ្ជាក់ថា កម្មវិធី​ខួបកំណើត​របស់​នាង​មិនមាន​គម្រោង​ទុក​យូរ​នោះទេ​ទើប​មិនមាន​សិល្បករ​ច្រើន​ត្រូវបាន​អញ្ជើញ ទើបតែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ដោយមាន​ការជួយ​ជំរុញ​លើកទឹកចិត្ត​ពី​គូស្នេហ៍​របស់​នាង​។ តែ​ទោះជា​យ៉ាងណា​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​នាង​រៀបចំ​កម្មវិធី​ខួបកំណើត​នោះ​។​

 

​កន្លងមក​គេ​ដឹងថា ក្រោយ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ រៀម ច័ន្ទ​បរ​មី មិនដែល​ធ្លាយ​ចំណង​ស្នេហ៍​ក្រៅ​ឆាក​នោះទេ ទើបតែ​ក្នុង​ថ្ងៃ​ខួបកំណើត​នាង​បានបង្ហាញ​រូបថត​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​ទទួលបាន​ពី​គូ​ស្មេ​ហ៍​។ នាង​ទទួលស្គាល់ថា ពិតជា​ទទួលបាន​កាដូ​ពិសេស​មួយ​ពី​គូស្នេហ៍ គឺ​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​នាង​បញ្ជាក់ថា មានតម្លៃ​ត្រឹម​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​

 

​នាង​បន្តថា អ្វីដែល​មានតម្លៃ​ជាង​ចិញ្ចៀន​នោះ គឺ​ការផ្តល់​ក្តី​ស្រឡាញ់​ពី​គូស្នេហ៍​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ នាង​បញ្ជាក់ថា បុរស​ដែល​ចូលមក​ថែរក្សា​បេះដូង​នាង​នៅពេលនេះ ឈ្មោះ វុ​ធ វ័យ​៣១​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយផ្នែក​រចនា​។ នាង​បញ្ជាក់ថា ការ​ស្គាល់គ្នា​ទើបនឹង​មាន​ឡើង​រយៈពេល​កន្លះ​ឆ្នាំនេះ​ប៉ុណ្ណោះ ហើយ​អ្វីដែល​នាង​ដាក់ចិត្ត​ស្រឡាញ់​បុរស​នេះ​វិញ ព្រោះតែ​ការយកចិត្តទុកដាក់​ចំពោះ​នាង​ស្រឡាញ់​និង​យល់​ពី​អាជីព​ជា​អ្នកសិល្បៈ​របស់​នាង​។​

 

​នាង​បញ្ជាក់ដែរថា ក្រុមគ្រួសារ​ទាំងសងខាង​នៅ​មិនទាន់​បានដឹង​អំពី​ទំនាក់ទំនង​ស្នេហា​នេះ​នៅឡើយ ហើយ​នាង​និង​បុរស​នោះ​ក៏​នៅ​មិនទាន់មាន​គម្រោង​ចូល​រោងការ​នោះដែរ​។ បរ​មី និយាយថា នាង​ចង់​ចំណាយពេល​ច្រើន​ជាងនេះទៀត ដើម្បី​សិក្សា​ស្វែងយល់​ចិត្ត​គ្នា​សិន ហើយ​អ្វីដែល​នាង​ចង់បាន​គឺ​ការស្វែងយល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្រើនជាង​នេះ មុនពេល​សម្រេចចិត្ត​ចូល​រោងការ​នោះ​។​

 

​គួរ​បញ្ជាក់ដែរថា កញ្ញា រៀម ច័ន្ទ​បរ​មី បាន​ប្រឡូក​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ ដោយ​នាង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាមួយនឹង​ការសម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​និង​ខ្សែភាពយន្ត​ខ្លី​បែប​អប់រំ​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​។ ថ្មី​នេះ​នាង​ទើបនឹង​បញ្ចប់​ការថត​ខ្សែភាពយន្ត​ភាគ​របស់​ទូរទស្សន៍​មួយចំនួន​ផងដែរ ហើយ​នាង​នឹង​បន្ត​ការថត​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរ​ទ្សន៍ CTV 8 HD រឿង ”​វាសនា​កូនភ្លោះ​” និង​ការងារ​សម្តែង​មួយចំនួន​ផងដែរ​៕

រៀម ច័ន្ទ​បរ​មី ទុកចិត្ត​សង្សារ តែ​រៀបការ​មិនទាន់​សង្ឃឹម ព្រោះ​ទទួលបាន​ចិញ្ចៀនពេជ្រ​មួយ​វង់​

រៀម ច័ន្ទ​បរ​មី ទុកចិត្ត​សង្សារ តែ​រៀបការ​មិនទាន់​សង្ឃឹម ព្រោះ​ទទួលបាន​ចិញ្ចៀនពេជ្រ​មួយ​វង់​