លោក Guardiola មិនហ៊ានមើលស្រាល Atletico

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Bayern Munich បានបញ្ជាក់ថា ក្រុមរបស់លោកនឹងជួបការងារដ៏តានតឹងមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេជាមួយនឹងក្រុម Atletico Madrid ក្រោយពីពួកគេបានជួបការបរាជ័យក្នុងវគ្គនេះរួចជាស្រេចក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ។
Pep
លោក Guardiola ដែលក្រុមរបស់លោកនឹងត្រូវទៅជួបក្រុម Atletico នៅកីឡដ្ឋាន Vicente Calderon ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីមួយនៅរាត្រីនេះ នឹងចាក់ចេញពី Bayern នៅចុងរដូវកាលនេះ ដើម្បីចូលរួមជាមួយនឹងក្លិប Manchester City។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅមុនពេលលោកចាកចេញ លោកមានឱកាសចុងក្រោយមួយក្នុងការបន្សល់ទុកកេរតំណែលមួយរបស់លោកនៅអាល្លឺម៉ង់ តាមរយៈការជួយឲ្យក្រុមយក្សនៅ Bavaria មួយនេះឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី៦របស់ពួកគេ។

ការខិតខំព្យាយាមរបស់ក្រុម Bayern ដើម្បីឈ្នះពាន Champions League បានបញ្ចប់ដោយការបរាជ័យទាំងអាម៉ាសនៅពេលប្រកួតជាមួយនឹងក្រុមមកពីអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ខណៈដែលពួកគេបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនដល់ទៅ៥គ្រាប់នៅពេលជួបទាំងក្រុម Real Madrid និង Barcelona។ ទោះបីជាយ៉ាងណា ខណៈដែល Atletico នឹងឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២របស់ពួកគេក្នុងរយៈពេល៣ថ្ងៃចុងក្រោយ និងស្មើពិន្ទុនៅលើកំពូលតារាង La Liga ជាមួយនឹងក្រុម Barcelona លោក Guardiola ជឿជាក់ថា ក្រុមរបស់លោក Diego Simeone ពិតជាស័ក្តិសមក្នុងការទទួលបាននូវការគោរព។

លោក Guardiola ដែលបានឈ្នះពាន១៤ក្នុងរយៈពេល៤ឆ្នាំជាមួយ Barcelona នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១២ បានឲ្យដឹងថា៖ «ពានរង្វាន់ដ៏ធំបំផុតដែល Atletico បានឈ្នះជាមួយនឹងលោក Simeone និងបុគ្គលិកគ្រូបង្វឹករបស់លោក គឺអាចប្រៀបធៀបជាមួយនឹង Barca និង Real Madrid បាន ហើយក្នុងក្របខ័ណ្ឌអឺរ៉ុប ពួកគេជាក្រុមដ៏គួរតែបារម្ភដូច Barca ឬ Real អ៊ីចឹង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕