ប៉ូលិស ខកចិត្ត ស្របពេលណាហ្គាវើល និងភ្នំពេញក្រោន រកបាន១៦គ្រាប់ដូចគ្នា

ក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានត្រឹមសម្តែងការខកចិត្ត ខណៈពួកគេបានត្រឹមស្មើជាមួយក្រុមខេត្តស្វាយរៀង ក្នុងការប្រកួតជម្រុះតាមពូលដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ប្រចាំឆ្នាំ២០១៦ កាលពីយប់ម្សិលមិញនោះ ប៉ុន្តែភ្នំពេញក្រោន និងណាហ្គាវើល សុទ្ធតែរកបាន១៦គ្រាប់ ឯក្រុមវេស្ទើន និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឈ្នះលើក្រុមមកពីខេត្តផងដែរ។
soccer
វាជាការពិត ដែលក្រុមខេត្តស្វាយរៀង បានចាញ់ក្រុមណាហ្គាវើល ៦-០ កាលពីសប្តាហ៍មុន ប៉ុន្តែសម្រាប់ការជួបក្រុមប៉ូលិស នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញនោះ ខេត្តស្វាយរៀង បានលេងយ៉ាងល្អ ដើម្បីវាយបករកគ្រាប់បាល់តាមស្មើក្រុមប៉ូលិស ៣-៣ ដ៏មិនគួរឲ្យជឿ ខណៈការប្រកួតតង់ទី១ ក្រុមទាំង២នេះបានស្មើគ្នា ១-១។

លទ្ធផលស្មើគ្នា ៣-៣ នេះវាក៏ជាមោទនៈភាពមួយសម្រាប់ក្រុមមកពីខេត្តដូចខេត្តស្វាយរៀង ផងដែរ ខណៈក្រុមមកពីខេត្តផ្សេងៗទៀត សុទ្ធតែទទួលភាពជូរចត់ក្រោមថ្វីជើងក្រុមកំពុងលេងនៅលីកកំពូលនោះ។ ប៉ុន្តែសម្រាប់ក្រុមប៉ូលិស ពិតជាមិនរីករាយទទួលយកលទ្ធផលនេះនោះទេ ខណៈការប្រកួតបើកឆាលពួកគេបានលត់ក្រុមខេត្តព្រះវិហារ ៩-០ នោះ។
soccer1
ផ្ទុយពីនេះក្រុមណាហ្គាវើល បានបន្តបំបាក់ក្រុមខេត្តក្រចេះ ១៦-១ នៅពហុកីឡដ្ឋានជាតិនោះដែរ ដើម្បីឡើងទៅឈរនៅលេខរៀងទី១ប្រចាំពូលD ដោយទម្លាក់ក្រុមប៉ូលិស ឲ្យទៅឈរនៅលេខរៀងទី៣ ហើយក្រុមសៀមរាបអង្គរ បានឡើងមកឈរនៅលេខរៀងទី២វិញ ព្រោះកាលពីម្សិលមិញនោះ សៀមរាបអង្គរ បានបំបាក់ក្រុមខេត្តព្រះវិហារ១១-០ បន្ថែមទៅលើការឈ្នះក្រុមខេត្តក្រចេះ ៣-០ កាលពីសប្តាហ៍មុន។

ចំណែកក្រុមភ្នំពេញក្រោន បានលត់ក្រុមប៉ៃលិន ១៦-០ នៅកីឡដ្ឋាន RSN ដើម្បីបន្តឈរនៅកំពូលតារាងប្រចាំពូល C។ រីឯក្រុមស៊ីម៉ាក់ បានយកឈ្នះក្រុមខេត្តកំពង់ស្ពឺ ៨-៣ នៅស្តាតចាស់ ដើម្បីឈរនៅលេខរៀងទី២ ហើយវេស្ទើន បានយកលត់ក្រុមខេត្តកំពត ៩-១ នៅកីឡដ្ឋានវេស្ទើនរបស់ខ្លួន ដែលនេះជាការឈ្នះលើកដំបូងរបស់វេស្ទើន ព្រោះការប្រកួតបើកឆាកពួកគេបានចាញ់ក្រុមភ្នំពេញក្រោន ៥-០៕
mm3