លោក Klopp សម្លឹងរកភាពក្លាហានក្នុងក្រុម Liverpool ពេលជួប Villarreal

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានអំពាវនាវឲ្យមានភាពក្លាហានពីសំណាក់កីឡាកររបស់លោក ប្រសិនបើពួកគេចង់យកឈ្នះលើក្រុម Villarreal ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ និងរក្សាក្តីសង្ឃឹមរបស់ពួកគេនៃឈ្នះកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ក្រុមរបស់លោក Klopp បានធ្វើការវាយបកដ៏មិននឹកស្មានដល់ក្នុងតង់ទី២ពីការដេញតាមពីក្រោយ ៣-១ ដើម្បីផ្តួលអតីតក្រុមរបស់លោក Borussia Dortmund ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Anfield និងដើម្បីឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយ។
klopp
ប៉ុន្តែទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានព្រមានកុំឲ្យកីឡាករមានមោទនភាពលើខ្លួនឯងពេក ខណៈដែលក្រុម Villarreal កំពុងតែជួបរដូវកាលដ៏អស្ចារ្យមួយ បើទោះបីពួកគេខ្វះនូវភាពខ្លាំងក្នុងក្របខ័ណ្ឌអឺរ៉ុបបើធៀបទៅនឹងក្រុមយក្សរបស់អង់គ្លេសក៏ដោយ។ បច្ចុប្បន្ន ពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ La Liga ពីក្រោយក្រុមខ្លាំងទាំងបីគឺ Barcelona, Real Madrid និង Atletico Madrid។ លោក Klopp បានប្រាប់គេហទំព័រ UEFA.com ថា៖ «យើងត្រូវតែលេងបាល់ទាត់ដោយក្លាហាន។ បច្ចុប្បន្ន យើងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងបានទៅទីនោះ ពីព្រោះយើងពិតជាស័ក្តិសមក្នុងការទទួលបានកៅអីនោះ ហើយបច្ចុប្បន្ន យើងត្រូវតែបង្ហាញថា យើងខ្លាំងគ្រប់គ្រាន់ដើម្បីទៅវគ្គបន្ត។

ពួកគេកំពុងមានរដូវកាលដ៏អស្ចារ្យមួយ ពួកគេជាក្លិបដ៏អស្ចារ្យក្នុងទីក្រុងតូចមួយ។ វាច្បាស់ណាស់ថា មានមនុស្សឆ្លាតជាច្រើនពីក្រោយភាពជោគជ័យរបស់ពួកគេ»។ លោក Klopp នឹងអវត្តមានកីឡាករសំខាន់ៗជាច្រើន ដោយសារតែការផ្លាស់ប្តូរវាសនារបស់ Liverpool ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខ្សែការពារអន្តរជាតិបារាំង Mamadou Sakho នឹងមិនធ្វើដំណើរទៅកាន់អេស្ប៉ាញឡើយនៅរាត្រីនេះ ខណៈដែលរូបគេរង់ចាំលទ្ធផលពីការស៊ើបអង្កេតរបស់ UEFA ទៅលើការពិនិត្យឃើញជាវិជ្ជមានលើសារធាតុហាមឃាត់ក្នុងខ្លួនរបស់គេ។ កីឡាករ Emre Can, Divock Origi និងប្រធានក្រុម Jordan Henderson ក៏ត្រូវអវត្តមានដោយសារតែរបួសផងដែរ។ ការប្រកួតនៅរាត្រី នេះនឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ Channel News Asia