(Video Highlight) គ្រាប់បាល់របស់ Niguez ជួយឲ្យ Atletico នាំមុខដ៏ស្តួចស្តើងលើ Bayern

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អមួយគ្រាប់ពីសំណាក់ខ្សែបម្រើ Saul Niguez បានជួយឲ្យក្រុម Atletico Madrid ដណ្តើមយកប្រៀបក្នុងលទ្ធផល ១-០ លើក្រុម Bayern Munich ពីការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅកីឡដ្ឋាន Vicente Calderon កាលពីថ្ងៃពុធ។
niguez
ខ្សែបម្រើអន្តរជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំរូបនេះ បានបណ្តើរបាល់ផុតខ្សែការពាររបស់ក្រុម Bayern បួននាក់ នៅមុននឹងស៊ុតបាល់ចូលទៅក្នុងជ្រុងម្ខាងនៃប្រអប់ទីដើម្បីជួយឲ្យក្រុម Atletico ជួបការចាប់ផ្តើមយ៉ាងល្អបន្ទាប់ពីនាទី ទី១១។ Bayern បានគ្រប់គ្រង់ការប្រកួតនេះស្ទើរតែទាំងស្រុង ប៉ុន្តែ ឱកាសដ៏ល្អបំផុតដែលពួកគេទទួលបានដើម្បីរកគ្រាប់បាល់ក្រៅដីគឺការស៊ុតបាល់ពីចម្ងាយរបស់កីឡាករ David Alaba ដែលបានប៉ះទៅនឹងរបារទី។

Atletico នឹងធ្វើដំណើរទៅកាន់ទឹកដី Bayern សម្រាប់ការប្រកួតជើងទី២នៅថ្ងៃអង្គារក្រោយ ដោយសម្លឹងរកការបំពេញការឈ្នះកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី២របស់ពួកគេក្នុងរយៈពេល៣ឆ្នាំ និងដណ្តើមការសងសឹកចំពោះការបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុម Bayern ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៧៤។ Niguez បានប្រាប់កាសែត BeIN Sports របស់អេស្ប៉ាញថា៖ «ខ្ញុំតែងតែផ្តោតលើគ្រាប់បាល់។ វាជាគ្រាប់បាល់ដ៏សំខាន់ និងល្អបំផុតដែលខ្ញុំបានស៊ុតបញ្ចូលទី»៕

ប្រភពព័ត៌មាន៖ Channel News Asia