មុនជួបគ្នាថ្ងៃនេះ គ្រូបង្វឹកព្រះខ័នរាជ មើលមិនឃើញភាពខ្លាំងរបស់ក្រុមទ័ព

ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីស្វាគមន៍ក្រុមក្រសួងការពារជាតិ(ទ័ព) ក្នុងការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ នៅល្ងាចថ្ងៃសុក្រនេះ ហើយនេះជាការប្រកួតដណ្តើមយកតំបន់កំពូលតារាងដ៏សំខាន់បំផុត។
football
សម្រាប់ការប្រកួត៥លើកកន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះ៤ប្រកួត និងស្មើ១ប្រកួត ដោយមិនទាន់ស្គាល់រស់ជាតិចាញ់សោះ ហើយការមាន១៣ពិន្ទុកំពុងជួយឲ្យក្រុមមួយនេះឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន និងតាមពីក្រោយដោយក្រុមបឹងកេតអង្គរ និងក្រុមទ័ព ដែលមាន១២ពិន្ទុស្មើគ្នា។

ការមានពិន្ទុប្រកៀកប្រកឹតគ្នានេះ បានធ្វើឲ្យគ្រូបង្វឹករបស់ក្រុមទាំង២ ចាត់ទុកថា ជំនួបលើកនេះ ជាការប្រកួតប្រជែងដណ្តើមយក៣ពិន្ទុដ៏សំខាន់បំផុត ខណៈអ្នកតាមដានការប្រកួតបាល់ទាត់នៅកម្ពុជា ក៏មានការចាប់អារម្មណ៍ខ្លាំងទៅលើការវិលមកជួបគ្នារបស់ក្រុមទាំង២ នៅថ្ងៃនេះដែរ ខណៈជំនួប២លើកកាលពីឆ្នាំ២០១៥ ព្រះខ័នរាជ បានយកឈ្នះក្រុមទ័ព ៣-២ ក្នុងទឹកដី តែបានចាញ់ក្រុមទ័ព ១-០ វិញនៅស្តាតចាស់។
football1
យ៉ាងណាក៏ដោយ លោក សំ វ៉ាន់ដេត ហាក់មិនចាប់អារម្មណ៍ខ្លាំងទៅលើទម្រង់លេងរបស់ក្រុមទ័ពនោះទេ បើទោះបីជាមជ្ឈដ្ឋានទូទៅ ចាត់ទុកថា ក្រុមទ័ព ឡើងជើងខ្លាំង សម្រាប់ប្រកួតរដូវកាលថ្មីនេះក៏ដោយ។ លោក វ៉ាន់ដេត បាននិយាយថា៖«ខ្ញុំមើលមិនឃើញថាក្រុមក្រសួងការជាតិ ឡើងជើងនោះទេ គឺពួកគេមានទម្រង់លេងធម្មតាៗ គ្រាន់តែក្រុមនេះមានចំណាត់ថ្នាក់ល្អ ទើបគេគិតថា ជាក្រុមឡើងជើង»។

ប៉ុន្តែលោក សំ វ៉ាន់ដេត បានបញ្ជាក់ថា៖«នេះជាការប្រកួតដ៏សំខាន់បំផុត ដើម្បីប្រជែងយក៣ពិន្ទុបន្ថែម។ មានន័យថា បើយើងឈ្នះ យើងនឹងមានពិន្ទុកាន់តែល្អ ដូច្នេះយើងត្រៀមខ្លួនបានល្អហើយ ហើយកីឡាករទាំងអស់ នឹងព្យាយាមលេងដោយស្មារតីទទួលខុសត្រូវ នៅលើទឹកដីខ្លួនឯង ដោយយើងត្រូវការឈ្នះជាដាច់ខាត»។
football2
football3
ចំណែកលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ហាក់មានការសាទរ នៅពេលលោក សំ វ៉ាត់ដេត មិនបានចាត់ទុកក្រុមរបស់លោកជាក្រុមឡើងជើង ឬខ្លាំងនោះ។ លោកបាននិយាយថា៖«វាជារឿងល្អ ដែលគេមើលស្រាលមកលើយើង ព្រោះបើគេទុកយើងជាក្រុមខ្លាំង គេនឹងព្យាយាមបិទយើង ដែលធ្វើឲ្យមានការលំបាក។ ផ្ទុយទៅវិញបើគេចាត់ទុកថាយើងជាក្រុមខ្សោយ នោះគេនឹងមិនសូវប្រុងប្រយ័ត្ននោះទេ ដែលអាចឲ្យយើងមានឱកាស ប៉ុន្តែយើងត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ព្រោះទិសដៅរបស់យើងបើឈ្នះក៏បានត្រឹមស្មើដែរ គឺយើងមិននិយាយពីពាក្យថាចាញ់នោះឡើយ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត៥លើកកន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៦-២ ឈ្នះខេមបូឌានថាយហ្គឺរ ៦-១ ស្មើក្រុមប៉ូលិស ១-១ ឈ្នះណាហ្គាវើល ២-១ និងឈ្នះក្រុមវេស្ទើន ៣-១។ រីឯក្រុមទ័ព បានឈ្នះក្រុមប៉ូលិស ៤-១ ឈ្នះក្រុមណាហ្គាវើល ១-០ ឈ្នះវេស្ទើន ៥-១ ឈ្នះក្រុមបឹងកេតអង្គរ ២-១ តែបានចាញ់ភ្នំពេញក្រោន ២-១៕