ភ្នំពេញក្រោន បារម្ភពេលជួបបឹងកេត ប៉ុន្តែណាហ្គាវើល សង្ឃឹមឈ្នះស៊ីម៉ាក់

ក្រុមខ្លាំងប្រចាំរដូវកាលឆ្នាំ២០១៥ គឺបឹងកេតអង្គរ និងក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន នឹងវិលមកជួបគ្នាក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៦ នៅថ្ងៃសៅរ៍នេះ រីឯក្រុមម្ចាស់ជើងឯកណាហ្គាវើល ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅថ្ងៃសៅរ៍នេះដែរ។
mcl
សម្រាប់ការជួបគ្នា២លើក កាលពីឆ្នាំមុន បឹងកេត និងភ្នំពេញក្រោន បានស្មើគ្នា ០-០ ក្នុងការប្រកួតជើងទី១ ប៉ុន្តែការប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១ក្នុងជើងទី២ ដើម្បីទទួលបានឱកាសចូលរួមការប្រកួត Toyota Mekong Club Championships 2015នោះ គឺបឹងកេត បានយកឈ្នះក្រុមភ្នំពេញក្រោន ៤-២ ហើយការវិលមកជួបគ្នាលើកនេះ ភ្នំពេញក្រោន ហាក់នៅតែបារម្ភទៅលើទម្រង់លេងរបស់បឹងកេត ពិសេសកីឡាករល្អៗរបស់ក្រុមនេះដូចជា ចាន់ វឌ្ឍនាកា ឃួន ឡាបូរ៉ាវី រួមទាំងកីឡាការបរទេសដ៏មុតស្រួច Gbenga និង Paul ជាដើម។
mcl1
ទាក់ទងទៅនឹងការប្រកួតនេះ លោក Sam Schweingruber គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញពីចំណាប់អារម្មណ៍ ហើយត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ក្លិបនេះថា៖«ជ័យជម្នះរបស់យើងលើក្រុមក្រសួងការពារជាតិកន្លងមក វាជារឿងដ៏ល្អបំផុត និងជាសារមួយដ៏មានសារៈសំខាន់ ដែលអាចប្រាប់ទៅអ្នកទាំងអស់គ្នាថា យើងកំពុងព្យាយាមដើម្បីរក្សាតំណែងជើងឯករបស់យើង។ យើងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងសម្រាប់ការជួបក្រុមបឹងកេតលើកនេះ ព្រោះយើងបានដឹងហើយថាក្រុមនេះមានកីឡាករល្អៗច្រើន រួមទាំងមានមហិច្ឆតាខ្ពស់ ដោយពួកគេមានសង្ឃឹមថា នឹងក្លាយជាម្ចាស់ជើងឯកនៅរដូវកាលនេះ ហេតុនេះវិធីសាស្រ្តរបស់គឺត្រូវរៀបចំឲ្យបានល្អ តាមដែលអាចធ្វើទៅបាន ដូច្នេះយើងនឹងមានឱកាសឈ្នះនៅក្នុងការប្រកួតលើកនេះ»។
mcl2
ក្រុមភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ក្រុមបឹងកេតអង្គរ នៅកីឡដ្ឋាន RSN របស់ខ្លួន នាល្ងាចម៉ោង៦ថ្ងៃសៅរ៍នេះ ហើយក្រុមទាំង២សុទ្ធតែមានមហិច្ឆតាក្នុងការទទួលបាន៣ពិន្ទុ។ ប៉ុន្តែសម្រាប់ការប្រកួត៥លើកកន្លងមកនេះ បឹងកេតអង្គរ ទទួលបានលទ្ធផលល្អជាងដោយពួកគេមាន១២ពិន្ទុ និងកំពុងឈរនៅលេខរៀងទី២ ដោយឈ្នះ៤ប្រកួត និងចាញ់១ប្រកួត ខណៈភ្នំពេញក្រោន ទើបតែមាន៨ពិន្ទុទេ ដោយឈ្នះ២ ស្មើ២ និងចាញ់១ប្រកួត។ យ៉ាងណាក៏ដោយនៅក្នុងការប្រកួតនេះ បឹងកេត បានចាញ់ក្រុមទ័ព ២-១ តែភ្នំពេញក្រោន បានឈ្នះក្រុមទ័ព ២-១។
mcl3
ដោយឡែកក្រុមម្ចាស់ណាហ្គាវើល ដែលកំពុងឈរឈរនៅលេខរៀងទី៥ ដោយមាន៧ពិន្ទុនោះ នឹងត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះដែរ ខណៈជំនួប២លើកកាលពីឆ្នាំ២០១៥ ណាហ្គាវើល បានឈ្នះ ៣-០ ជើងទី១ មុនពេលស្មើគ្នា ១-១ នៅជើងទី២។
mcl4
សម្រាប់ការវិលមកជួបគ្នាលើកនេះ លោក មាស ចាន់ណា គ្រូណាហ្គាវើល បាននិយាយថា៖«មួយរយៈពេលចុងក្រោយនេះ ខ្ញុំមើលឃើញថា ក្រុមស៊ីម៉ាក់ ឃើញបានល្អច្រើន ប៉ុន្តែយើងនឹងព្យាយាមគ្រប់គ្រងការប្រកួតនេះឲ្យបានល្អ ហើយខ្ញុំគិតថា យើងមានភាគរយច្រើនក្នុងការយកឈ្នះក្រុមស៊ីម៉ាក់ លើកនេះ»៕