យប់មិញ ! ប្លន់​ផ្ទះ​ថៅកែ ​ដំ​ឡូ​ងមី​ នៅ​កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះ​ថៅកែ​ទិញ​ដំឡូង​មី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ស្នូក ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ត្រូវ​ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ពាក់​ម៉ាស​មុខ ប្រដាប់​ដោយ​អាវុធ​២​ដើម ធ្វើ​សកម្មភាព​ចូល​ចាប់ចង​ស្ត្រី​ជា​ប្រពន្ធ​ជាប់ ដោយ​បាន​បោច​សក់​អូស​ឡើង​លើ​ផ្ទះ​យក​អស់​ជាង​៧​ម៉ឺន​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។

ហេតុ​ការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​នៅ​តែ​ម្នាក់ឯង ។

បុរស​ម្ចាស់ផ្ទះ​ឈ្មោះ យុ ឃិ អាយុ​៥៣​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ចេញ​ទៅ​ការកូន​ខាង​ដន្លង​នៅ​ស្រុក​ស្រី​សន្ធរ ដោយ​បាន​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២៤​មេ​សា ចំណែក​កូន​ផ្សេង​ៗ​ទៀត​ក៏​បាន​ចេញ​ទៅ​ការ​គេ​ដែរ ដោយ​ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម ហយ អាយុ​៥០​ឆ្នាំ នៅផ្ទះ​តែ​ម្នាក់​នោះ​ទេ តែ​ទ្វាររបង​ដែក​ខាង​មុខ​គឺ​មានការ​ប្រុង​ប្រយ័ត្ន​បិទ​ត្រឹមត្រូវ ហើយ​កម្រ​នឹង​មាន​អ្នក​ដទៃ​ចូល​ណាស់ ។

បុរស​ម្ចាស់ផ្ទះ​រូប​នេះ​ប្រាប់​បន្ត​ទៀត​ថា ស្រាប់តែ​រហូត​មក​ដល់​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២៥​មេ​សា ប្រពន្ធ​របស់​គាត់​ទូរស័ព្ទ​ប្រាប់​ថា «​ចោរ​៣​នាក់​ចូល​ប្លន់​យក​របស់ទ្រព្យ​អស់រលីង​» គ្រាន់តែ​ស្តាប់​ឮ​ដូច្នេះ​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ។ ពេល​មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៩​យប់ ពេល​នោះ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់ ។

ប្រពន្ធ​របស់​គាត់ បាន​ដំណាល​ប្រាប់​ពី​ដំណើររឿង​ដែល​បាន​កើតឡើង​ថា មុន​ពេល​ប្លន់​ប្រពន្ធ​នៅ​ក្រោមផ្ទះ​ឈើ ត្រូវ​បាន​ចោរ​៣​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​១​ដើម មក​ចាប់​ប្រពន្ធ​គាត់​ចងដៃ​ដោយ​ចំណង​ខ្សែលួស រួច​បាន​ចាប់​បោច​សក់​ទាញ​ឡើង​មក​លើ​ផ្ទះ រួច​ប្រមូល​យក​ទ្រព្យសម្បត្តិ​ដែល​ដាក់​នៅ​ក្នុង​ប្រអប់​គ្រែ​ដេក​លើ​ក្បាល​ដំណេក​អស់​ជា​ច្រើន ហើយ​បាន​នាំ​គ្នា​ចុះ​ចេញ​ទៅ​វិញ​ទាំង​ប្រញាប់​ប្រ​ញ៉ា​ល់​តាម​ទ្វារ​ដែក​ខាងក្រោយ​ផ្ទះ ដែល​មិន​បាន​ចាក់សោរ ។

ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា ចោរ​ទាំងនោះ​តាម​ការ​សន្និដ្ឋាន​មិន​អាច​មក​ពី​ឆ្ងាយ​ទេ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា​នេះ​ក៏​មិន​ទាន់​ទទួល​ដំណឹង​ថា​ចោរ​ទាំងនោះ​មាន​ប្រភព​ចេញ​មកពីណា​ឲ្យ​បាន​ច្បាស់លាស់​ដែរ គឺ​សមត្ថកិច្ច​កំពុង​តែ​តាម​ស្វែ​ករក​ចាប់ខ្លួន ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចោរប្លន់​ទាំង​៣​នាក់​នោះ​គឺ​បាន​នាំ​គ្នា​ចូល​មក​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​មីនេះ​តាម​ច្រក​ខាងក្រោយ​ផ្ទះ ដោយ​មាន​ស្លៀកខោ​ខូ​វ​ប៊​យ​១ និង​ពាក់អាវ​ខូ​វ​ប៊​យ​ទាំងអស់​គ្នា​ផង​ដែរ ដោយ​បាន​សួរ​ថា​ប្តី​ទៅ​ណា ? បន្ទាប់​មក​ក្រុម​ចោរ​ឲ្យ​ប្រមូល​លុយ​ឲ្យ​ទៅ​ពួក​វា ក្នុង​នោះ​មាន​ចោរ​ម្នាក់​បាន​ទាញ​ខ្សែលួស​ពី​ចង្កេះ​មក​ចងដៃ​ស្ត្រី​ម្ចាស់ផ្ទះ រួច​ចាប់​បោច​សក់​ទាញ​ឡើង​ទៅ​លើ​ផ្ទះ ហើយ​បាន​យក​ដែក​ក្រចកជ្រូក​ទៅ​វាយ និង​គាស់​ប្រអប់​គ្រែ​ដេក​ប្រមូល​លុយ​អស់​ជាង​៧​ម៉ឺន​ដុល្លារ​, ខ្សែ​ក​មាស​១​តម្លឹង​កន្លះ​, ខ្សែដៃ​មាស​១​តម្លឹង​, ខ្សែ​កកូន​ស្រី​ឈ្មោះ ធិ​តា ១​តម្លឹង បន្ទាប់​មក​ចោរ​បាន​ប្រញាប់​នាំ​គ្នា​គេចខ្លួន​ចេញ​ទៅ​តាម​ទ្វារ​ខាងក្រោយ​ផ្ទះ ដែល​មាន​អាវុធ​២​ដើម ក្នុង​នោះ​អាកា​កាត់​ស្វាយ​១​ដើម និង​កាំភ្លើងខ្លី​១​ដើម​ទៀត ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា​នេះ ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ដោយ​មាន​ទឹកមុខ​មិន​សប្បាយចិត្ត ហើយ​ដើរ​ទាំងអស់​កម្លាំង​ផង ដោយសារ​តែ​ចោរប្លន់​អស់ទ្រព្យ​ពី​ខ្លួន​រលីង​ទៅ​ហើយ​នោះ ។ ចំណែក​សមត្ថកិច្ច​វិញ​មាន​ទាំង​នគរបាល និង​អាវុធហត្ថ កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ សួរនាំ​ម្ចាស់ផ្ទះ​បន្ថែម​ទៀត ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​ចោរប្លន់​ទាំងនោះ​មាន​ប្រភព​ចេញ​មកពីណា ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ២០​និង ០០នាទី ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ​២០១៦ នៅត្រង់ចំណុចពីក្រោយ ផ្ទះលក់មាស របស់ជនរង់គ្រោះ នៅផ្សារកន្ទូត ស្តិតនៅភូមិជុំនាប់ ឃុំសង្កែសាទប ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ផ្ទះលក់មាស នៅផ្សារកន្ទូត មួយកន្លែងត្រូវបាន មិនបានសម្រេច តែជនសង្ស័យ បានបាញ់ម្ចាស់ផ្ទះស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅវេលាដូចខាងលើជនរងគ្រោះ បានចេញមកតទុយោទឹក ដែលដាច់ នៅខាង ក្រោយផ្ទះជាប់នឹងផ្ទះបាយ ស្រាប់តែនៅពេលនោះមានជនសង្ស័យ ១ក្រុម ដោយមានអាវុធ AK ២ដើម​​ និងអាវុធខ្លី ១ដើម បាន ផ្ជុង មកលើជនរងគ្រោះ បង្ខំឲ្យជនរងគ្រោះចូលមកក្នុងផ្ទះ ដើម្បីយកទ្រព្យសម្បត្តិអោយពួកគេ ខណៈពេលនោះ ជនរងគ្រោះ មិនយល់ព្រម បានតដៃប្រតាយប្រតបគ្នា ជាមួយជនសង្ស័យ ទើបជនសង្ស័យបាញ់មកលើជនរងគ្រោះចំនួន ៣គ្រាប់ ចំពោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង់ នៅពេលកើតហេតុរួច ទើបមានការភ្ញាក់ផ្អើល ជនសង្ស័យ បានគេចចេញ មិនបានយកអ្វីពីជនរងគ្រោះឡើយ សមត្ថិកិច្ចកំពុងស្រាវ​ជ្រាវវែករកមុខសញ្ញាជនសង្ស័យ​។ប្រភពដដែលបានបន្តឡើងទៀតថា ជនរងគ្រោះមានឈ្មោះ ទី ជឿន ហៅ សុខណា ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅ ភូមិឃុំខាងលើ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត