តាចាស់ធាក់ស៊ីក្លូ តស៊ូដល់ដំណាក់ ការចុងក្រោយ ទីបំផុតដេក ស្លាប់លើស៊ីក្លូ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់លើស៊ីក្លូ សង្ស័យអស់កម្លាំងពេក និងរបរមួយនេះ ស្ថិតនៅមុខផ្ទះលេខ២៥Eo ផ្លូវលេខ១៤២ ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា សពបុរសវ័យចំណាស់រូបនេះ សមត្ថកិច្ចកំពុងតែធ្វើការ​ទាក់ទងរង់ចាំ បងប្អូនសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ហើយអត្តសញ្ញាណនៃសព បើតាមការប៉ាន់ស្មាន អាយុប្រហែលជា ៧០ឆ្នាំ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ការតស៊ូមិនខុសពីគ្នានេះដែរ ជាការពិតណាស់ ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធសឹងតែមានការតស៊ូរៀងៗខ្លួន ប៉ុន្តែសភាពនៃ  គឺមានភាពខុសៗគ្នា។ អ្នកខ្លះទៅ តស៊ូក្នុងមុខរបរប្រចាំថ្ងៃ ដោយប្រើតែការគិត ក្នុងការ ប្រកួតប្រជែង ដើម្បីឲ្យសម្រេចគោលដៅរបស់ខ្លួន។ ចំណែក ឯអ្នកខ្លះទៀត តស៊ូដោយប្រើកម្លាំងពលកម្ម បែក ញើសសស្រាកទាំងថ្ងៃក្តៅចែស ដើម្បីប្តូរយកប្រាក់ ចិញ្ចឹមក្រពះដ៏តូច ក៏ដូចជាគ្រួសារខ្វះខាត ដែលកំពុងតែ ទន្ទឹងចាំជំហរគ្រួសារមួយនេះទៅវិញ។

ជាក់ស្តែងណាស់ ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់ជីវិតដ៏ជូរចត់ និងកំសត់ របស់លោកតាម្នាក់ ដែលគាត់ជាអ្នកធាក់ស៊ីក្លូ ខួបប្រាំង ខួបវស្សា ដើម្បីក្រពះតាមដងផ្លូវ ដោយភាពលំបាកវេទនាយ៉ាងខ្លាំងនោះ។

ជួបជាមួយ លោកតាម្នាក់ ឈ្មោះថា សុខ ពុត អាយុ ៦៨ឆ្នាំ ជាអ្នកខេត្ត ស្វាយរៀង ហើយក៏ជាអ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញម្នាក់ បានរៀបរាប់ពីជីវិតដ៏ជូរចត់របស់គាត់ទាំងអួលដើម ក ប្រាប់ខ្មែរឡូតថា គាត់ប្រកប របរធាក់ស៊ីក្លូនេះ តាំងពីបែកអាពត (របបខ្មែរក្រហម) មកម្ល៉េះ។ ដោយរំលឹកឡើងវិញថា កាលពីមុនសម័យ ប៉ុលពត គាត់ក៏មានដីស្រែបន្តិចបន្តួច គ្រាន់ធ្វើ ដើម្បីចិញ្ចឹមក្រពះ និងគ្រួសារនឹងគេដែរ។ មិនតែប៉ុណ្ណោះ​ គាត់មានកូន ៩នាក់ ស្រី ៤នាក់ ប្រុស ៥នាក់ តែអនិច្ចា កូនគាត់បានស្លាប់អស់គ្មានសល់ ក្នុងសម័យនោះទៅ ដោយបន្សល់ទុកតែគាត់ពីរនាក់ប្តីប្រពន្ធកណ្តោចកណ្តែង។ ចំណែក ឯដីស្រែរបស់លោកតាទាំងប៉ុន្មាន ក៏ត្រូវបាត់បង់អស់ ក្រោយពីបែកប៉ុលពតហើយ។ ដោយសារជីវភាពខ្វះខាតខ្លាំង ទើបតម្រូវឲ្យលោកតាសម្រេច ចិត្តចាកចេញពីភូមិកំណើត ត្រាច់ចរមកដើររកការងារធ្វើនៅភ្នំពេញតែម្នាក់ឯង ដោយទុកប្រពន្ធនៅឯស្រុក ស៊ីឈ្នួលគេធ្វើស្រែឬធ្វើអី្វផ្សេងៗ ដើម្បីចិញ្ចឹមខ្លួន។

ពេលមកដល់ភ្នំពេញ លោកតាក៏ខំស្វះស្វែងដើររកការងារធ្វើ ដូចជា សន្តិសុខយាមហាងជាដើម ប៉ុន្តែរកមិន បាន ហេតុនេះទើបលោកតា សម្រេចចិត្តជួលស៊ីក្លូគេ ដើម្បីធាក់ចិញ្ចឹមជីវិតតែម្តង។ ដោយហេតុតែសំណាង ពេលជួលស៊ីក្លូគេធាក់បានត្រឹមពីរខែ ម្ចាស់ស៊ីក្លូចិត្តធម៌​ ក៏បានឲ្យស៊ីក្លូនោះទៅលោកតាសម្រាប់ប្រកបរបរចិញ្ចឹម ជីវិតដល់សព្វថ្ងៃនេះ តែម្តង។ ប៉ុន្តែទោះបីជាមិនបានអស់ថ្លៃជួលស៊ីក្លូក៏ពិតមែន តែជីវភាពរបស់ លោកតានៅតែលំបាកដដែល ដោយរកព្រឹកខ្វះល្ងាច។ មិនតែប៉ុណ្ណោះ សព្វថ្ងៃ លោកតាពុំជួលផ្ទះគេស្នាក់នៅនោះទេ គឺគាត់ សម្រាកនៅតាមសំយ៉ាបផ្ទះគេ គៀនផ្លូវ ក្បែររបងវត្ត ម្តុំៗដែលនៅជិតផ្សារកណ្តាល ជាមួយស៊ីក្លូកញ្ចាស់មួយប៉ុណ្ណោះ។ ចំពោះការងូតទឹកសម្អាតខ្លួនវិញនោះ គឺលោកតា សុំគេចូលតាមបន្ទប់ទឹកសាធារណៈ ឬងូតក្នុងទន្លេ តែម្តង។ ឯកម្រៃដែលរកបានគឺ វាពិតជាស្តួចស្តើងខ្លាំងណាស់ ពេលខ្លះរកមិនបានសូម្បីតែ ១ម៉ឺនរៀលផង ក្នុងមួយថ្ងៃ ដោយសារតម្លៃនៃការជិះ គឺពិតជាថោកខ្លះណាស់ ឧទាហរណ៍ដូចជា ជិះពីផ្សារកណ្តាល ទៅជិតផ្សារ សូរិយាវិញ ត្រឹមតែ ១៥០០រៀលប៉ុណ្ណោះ។

ដោយឡែកសព្វថ្ងៃនេះ អ្នកជិះស៊ីក្លូភាគច្រើនគឺ ស្ត្រីមេផ្ទះ ឬលោកយាយចាស់ៗ ទៅវត្តជាដើម ដោយមនុស្សភាគច្រើន គឺគេមានយាន្តជំនិះខ្លួនឯង ឬជិះរ៉ឺម៉កកង់បី (តុកៗ) ឬម៉ូតូឌុប ព្រោះគេគិតថា ស៊ីក្លូយឺតណាស់ មិនទាន់ចិត្តនោះទេ។ ប៉ុន្តែ ដល់ពេលបុណ្យទានម្តងៗ គាត់អាចរកបានរហូតដល់ទៅ ៣ម៉ឺន ឬច្រើនជាងនេះបន្តិចបន្តួចដែរ ហើយគាត់កម្រទៅស្រុកណាស់ គឺទៅតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដូចជា ពេលបុណ្យចូលឆ្នាំថ្មីជាដើម ព្រោះត្រូវចំណាយថវិកាអស់ច្រើន។

ទាក់ទងជាមួយជីវិតតទៅមុខទៀត គាត់ក៏បានបន្តដែរថា ប្រហែលជាគាត់ត្រូវប្រកបមុខរបរនេះរហូត ដល់ពេលគាត់ធ្វើវាអ្វីលែងកើតហើយមើលទៅ ព្រោះគាត់គ្មានអ្វីនៅក្នុងខ្លួនក្រៅតែពីស៊ីក្លូកញ្ចាស់ សម្រាប់ចិញ្ចឹមជីវិតនេះ នោះទេ។ បើត្រលប់ទៅស្រុកវិញក៏គ្មានដីស្រែធ្វើដូចគេ ចង់ស៊ីឈ្នួលធ្វើស្រែគេក៏មិនកើត ព្រោះឥលូវគេមិនសូវប្រើកម្លាំងមនុស្សដូចមុនឡើយ មានតែខំរកប្រាក់ចិញ្ចឹមខ្លួន និងផ្ញើរឲ្យប្រពន្ធបានបន្តិចបន្តួច ក្នុងមួយខែៗប៉ុណ្ណោះ។

ជាចុងក្រោយ លោកតាក៏បាន និយាយទាំងអួលដើមកថា នេះហើយគឺជាជីវិតដ៏ជូរចត់ និងវេទនារបស់គាត់ដែល ខំប្រឹង ទាំងត្រដាបត្រដួស ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ទាំងខ្លួនចាស់ទៅហើយ ដោយគ្មានកូនចៅជាទីពុំនាក់ ដូចគេឯងនោះទេ។

ត្រឡប់មកវិញ ជីវិតរបស់មនុស្សម្នាក់ៗរមែងមានការតស៊ូ ប៉ុន្តែការតស៊ូទាំងនោះ គឺមានលក្ខណៈលំបាកខុសៗគ្នា ឧទាហរណ៍ដូចជាលោកតា សុខ ពុត ខាងលើ គឺគាត់ខំតស៊ូដើម្បីជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ សុំតែរស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ ផ្ទុយពីមនុស្សមួយចំនួន ដែលមានទីជំរកត្រឹមត្រូវ ប្រាក់ចាយ ចំណីអាហារបរិភោគ និងអ្វីសព្វបែបយ៉ាងគ្រប់គ្រាន់ហើយនោះ តែបែរជាមិនមានការតស៊ូ និងតែងតែគិតថា ខ្លួនជាមនុស្សដែលមិនមានសំណាងទៅវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត