ចាប់​បាន​ស្វា​ជិះ​ហា​យ​ឡែ​ន​ឌើ ប្រុង​លោត​ឆត្រ​ ទៅ​វៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1011 ដឹក​សត្វព្រៃ​ជា​ច្រើន​ក្បាល​កាត់​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​ទៅ​កាន់​ស្រុក​មេមត់ និង​បន្ត​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ តែ​មិន​ទាន់​នឹង​ដល់​គោលដៅ​ផង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន​តែ​រថយន្ត ចំណែក​មនុស្ស​៣​នាក់ ជិះ​លើ​រថយន្ត​រត់គេច​ខ្លួន​បាត់​។ ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល ក្នុងភូមិ​ស្រែ​សោម ឃុំ​រំចេក ស្រុក​មេមត់ មក​ប្រគល់​ឲ្យ​អង្ក​ការ​វ៉ា​យ​អេ​ត នា​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា​នេះ​។

តាម​មន្ត្រី​ជំនួយការ​លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ដោយ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌើ​១​គ្រឿង ។

កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧០១ ដែល​ប្រចាំការ​នៅ​ស្រុក​ពញាក្រែក បាន​សុំ​គោល​ការ​ណ៏​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​មាន​វិធានការ​បង្ក្រាប ដោយ​ដេញ​តាម​ចាប់​រឹបអូស​បាន​សត្វ​ស្វា​ចំនួន​៤៣​ក្បាល តម្លៃ​បើ​បាន​ចេញ​ដល់​វៀតណាម ជាង​១​លាន​រៀល​ក្នុង​១​ក្បាល​នោះ ។

លោក​វរ​សេនី​យ៏​ត្រី ឈុ​ន សំ​អូន ប្រធាន​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រាប់​ឲ្យ​ដឹង​ថា​ជា​រៀងរាល់ថ្ងៃ​រថយន្ត​ហា​យ​ឡែ​ន​ឌើ​ខាងលើ​នោះ តែងតែបាន​បើក​កាត់មុខ​ស្នាក់​ការ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​អាច​មាន​ដឹក​អ្វី​ជាក់​ជា​មិន​ខាន ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ រថយន្ត​នេះ​បាន​បើក​កាត់មុខ​ស្នាក់​ការ​ដោយ​មាន​រាង​ដាប ភ្លាម​ៗ​នោះ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ បាន​ជិះ​រថយន្ត​បើក​តាម​ពី​ខាង ក្រោយ​តិច​ៗ​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌើ នៅ​ពេល​ដែល​ឃើញ​រថយន្ត​សមត្ថកិច្ច តាម​ពីក្រោយ​គឺ​បាន​បង្កើន​ល្បឿន​បន្ថែម​ទៀត ក្នុង​នោះ​អ្នក​នៅ​លើ​រថយន្ត​បាន​បើក​ខា​កញ្ចក់​ចុះ បោះ​សត្វ​ស្វា​ចេញ​មក ក្រៅ​ដែល​ដាក់​ក្នុង​ថង់​ទន្លាក់​ចោល ។

សមត្ថកិច្ច​បាន​បើក​ដេញ​តាម​រហូត​ដល់​ចំណុច​គីឡូម៉ែត្រ​៤៤ ឃុំ​កំ​ពាន់ ស្រុក​មេមត់ រថយន្ត​បាន​ឈប់​ចត​ចោល​មនុស្ស ដែល​ជិះ​លើ​រថយន្ត​៣​នាក់​នាំ​គ្នា​រត់គេច​ខ្លួន បាត់​អស់​តែ​ម្តង ក្នុង​នោះ​ឃើញ​មាន​ស្វា​តែ​៤៣​ក្បាល​ប៉ុណ្ណោះ រួច​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

ជំនួយការ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជាក់​ថា សត្វ​ស្វា​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​មក​ពី​ខេត្តកំពង់ធំ កាត់​តាម​កំពង់ចាម ក្នុង​គោលបំណង​ឆ្ពោះ ទៅ​កាន់​ស្រុក​មេមត់ តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ផង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​មេ​សា ត្រូវ​បាន​លោក​វរ​សេនី​យ៏​ទោ ជួន ផ​ល្លី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើ​កម្លាំង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឳ​វាទ តាម​ប្រមាញ់​ឃាត់​រថយន្ត​ហា​យ​ឡែ​ន​ឌើ​នោះ​បាន ព្រមទាំង​ដកហូត​បាន​សត្វ​ស្វា​៤៣​ក្បាល​ផង​ដែរ​។ នា​ថ្ងៃ​ដដែល​សត្វ​ស្វា​ទាំងអស់ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​អង្ក​ការ​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ស្វា​ទៅ​លែង​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ហាញ​ជា​អ្នកបើកបរ និង​ព្រូ​រថយន្តក្រុងចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​នៃ​បទ​លើ្ម​ស មាន​សត្វ​អណ្តើក និង​ពស់ថ្លាន់ ឱ្យ​​អ្នក​សារព័ត៌មាន​ថតផ្សាយ​ពី​ស្នាដៃ ដែល​បាន​បង្ក្រាបបទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ចំណុចភូមិ​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ជនល្មើស​លួចលាក់​ដឹក​ជញ្ជូន​បង្កប់ក្នុង​ទំនិញ​ដឹក​តាម​រថយន្តក្រុង​២​គ្រឿង​ ។

​លោក លឹ​ម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការលួចលាក់​ ដឹក​ជញ្ជូនសត្វព្រៃ​ខុសច្បាប់​​តាម​រថយន្តក្រុង ទាំង​២​គ្រឿង​​ខាង​លើ​នេះ សមត្ថកិច្ច​កង​រាជអាវុធហត្ថស្រុក​កំពង់ត្រឡាច បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាននៅ​ស្រុក​កំពង់ត្រឡាច ហើយ​ក៏​បាន​នាំ​មកទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ មាន​អ្នកបើកបរ​២​នាក់ ​និង​ព្រូ​២​នាក់ មាន​ ១-​ឈ្មោះ ស៊ុ​យ គឹ​ម​សៀន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ២​-ឈ្មោះ ឌី ទា អាយុ​៣៤ឆ្នាំ រស់នៅ​ខេត្តសៀមរាប ៣-​ឈ្មោះ ស៊ី​ផេង ស៊ី​ណាត ​អាយុ​២០​ឆ្នាំ រស់នៅ​ខេត្តពោធិសាត់ និង​៤-​ឈ្មោះ ហៀ​ង ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ខេត្ត សៀមរាប ។

ក្រោយ​ពី​ស្ទាក់​ចាប់​រថយន្តក្រុង​ ទាំង​២​គ្រឿង ​​សមត្ថកិច្ចបាន​ធ្វើការ​ឆែកឆេររក​ឃើញ​ សត្វ​ពស់ថ្លាន់​ចំនួន​៤​ក្បាល ស្មើ​នឹង​២០​គីឡូក្រាម​ និងសត្វ​អណ្តើក​ចំនួន​៥៧​ក្បាល ស្មើ​នឹង​៤៣​គីឡូក្រាម ។

មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​បាន​បញ្ជា​ក់ថា ក្រោយ​ពី​ពិនិត្យធ្វើ​កំណត់ហេតុ ដកហូត​រួច មន្ត្រីកងរាជអាវុធហត្ថបាន​ប្រគល់​ឱ្យ​ទៅ​ខ​ណ្ឌរដ្ឋបាលព្រៃឈើ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ដោយសារ​​តែ​ថ្ងៃ​សៅ​រ៏-អាទិត្យ ការ​ប្រគល់​ទទួល​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកុម្ភៈ វិញ​ ហើយ​បើ​តាម​លោកដឹង​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​បញ្ជា​ក់​ថា ​ត្រឹមតែ​ធ្វើការ​ផាកពិន័យតាម​ផ្លូវច្បាប់ ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​មានទោស​ទ​ណ្ឌ​ត្រូវ​ជាប់​ព​ន្ឋ​នាគារ​នោះ​ឡើយ​ ​បើ​តាម​ផ្លូវ​ច្បាប់​ ត្រូវ​ពិន័យ​គុណ​នឹង​៣​ដងនៃ​តម្លៃ​ទីផ្សារ អាច​​ជាង​១០​លាន​រៀល ទើប​ប្រគល់​រថយន្តឱ្យ​ទៅ​ម្ចាស់​ដើម​វិញ ចំណែក​វត្ថុ​តាង​ត្រូវ​រឹបអូស និង​យក​ទៅ​លែង​នៅ​កន្លែង​មាន​សុវត្ថិភាព​វិញ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត