រំជួលចិត្ត​ណាស់! ប្តី-ប្រពន្ធ​ ទាញ​ដណ្តើម​​​កូន​គ្នា ក្នុងតុលាការ​

រាជធានី​ភ្នំពេញ ៖​ មានកា​រ​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង​ នៅ​​ក្នុងសាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ ដោយ​គេ​ឃើញ​​បុរស​-ស្ត្រី​មួយ​ ​បាន​​ប្រទាញប្រទង់​គ្នា​​ដណ្ដើម​យក​ ក្មេង​​ស្រី​ម្នាក់​​អាយុ​៧​ឆ្នាំ ប៉ុន្តែ​ក្រោយមក​ ក្មេង​ស្រី​នោះ​​ ត្រូវ​ចៅក្រម​សាលា​ដំបូង​ ​សម្រេច​ប្រគល់​ឱ្យ​​ម្តាយ​គ្រប់គ្រង នៅ​ពេល​ដឹង​ថា ​ឪពុក​មាន​ស្រី​ថ្មី​បាន​ចាកចោល​ផ្ទះ ។

ពាក់​ព័ន្ធ​ករណី​ភ្ញាក់ផ្អើល​ខាងលើ​​នេះ ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​​បាន​​គេ​ដឹង​ថា គឺជា​​ករណី​ប្ដី​-ប្រពន្ធ​ឈ្លោះ​គ្នា ​ហើយ​ភាគី​ម្ខាង​ៗ ​ដណ្ដើម​ចង់បាន​​កូន​​យក​​ទៅ​​គ្រប់គ្រង ។

ប្រភព​ឱ្យ​​ដឹងទៀតថា កាលពីរសៀល​ថ្ងៃ​ទី២៥ មេ​សា ២០១៦ លោកតេ​ង ម៉ា​ប់ អាយុ​៥១​​ឆ្នាំ និង​ស្ត្រី​ឈ្មោះតែ គឹ​ម​ឆេ​ង អាយុ​៣១​ឆ្នាំ ជា​ប្ដី​ប្រពន្ធស្របច្បាប់ បាន​ទៅ​ដណ្ដើម​យក​កូនស្រី​ឈ្មោះតេ​ង ម៉ីលីង អាយុ​៧​ឆ្នាំ​ ដែល​កំពុង​នៅ​រៀន​សាលា​ឯកជន​មួយ​ ក្នុង​សង្កាត់​បឹង​កេងកង​១ ខ​ណ្ឌ​ចំការមន ។

ខណ​:​​ឪពុក​ម្ដាយ​ដណ្ដើម​គ្នា​ យក​កូន​គ្រប់គ្រង​​ដូច្នេះ គណ​:​គ្រប់គ្រង​សាលា​សម្រេចចិត្ត​មិន​ប្រគល់​​ភាគី​ណាមួយ​​ទេ ហើយ​ក៏​បាន​យក​​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​នោះ ទៅ​ប្រគល់​ឲ្យ​ចៅក្រម​​សាលាដំបូង​សម្រេច​តាម​ផ្លូវច្បាប់​​វិញ ព្រោះ​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ កំពុង​មាន​សំណុំ​​រឿង​ប្តឹង​​លែងលះ​ស្រាប់​ផង ។ រហូត​​មក​​ដល់​ល្ងាច​ថ្ងៃ​ទី២៦ មេ​សា ២០១៦ លោក​សាន សុ​ផាត ចៅក្រម​ស៊ើប​​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រគល់​ក្មេង​ស្រី​​​ ទៅ​ឱ្យ​ម្តាយ​គ្រប់គ្រង តាម​សំណូមពរ​របស់​ក្មេង​ស្រី​ដែល​មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​មាន​ស្រី​ថ្មី​ទៀត​នោះ ។

ប្រភព​មន្ត្រី​សាលាដំបូងបាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៧ លោក​តេ​ង ម៉ា​ប់ និង​លោកស្រី​តែ គឹ​ម​ឆេ​ង បាន​​រៀប​ការ និង​បាន​ចុះ​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​​ក្នុង​បន្ទុក ។ ក្រោយមក ​លោក​តេ​ង ម៉ា​ប់ បាន​លួច​លាក់​​ទៅ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ណី ខុំ ដែល​រស់នៅ​ខេត្ត​សៀម​រាម និង​មានកូន​ប្រុស​ស្រី​៤​នាក់​ទៀត ។ ក្នុង​​ទំនាក់ទំនង​ស្នេហា​លួចលាក់​នោះ​ លោក​តេ​ង ម៉ា​ប់ បាន​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ចេញពី​ផ្ទះ ទៅ​ទិញ​ដី​សង់​លំនៅ​ឋាន ឲ្យ​ប្រពន្ធ​លួចលាក់​ស្នាក់​នៅ​ជា​ច្រើន​ឆ្នាំ ។

ប៉ុន្តែ​ស្នេហា​លួចលាក់​នោះ​ជាមួយ​ស្រី​ថ្មី​នោះ​ មិន​អាច​បិទបាំង​ជិត​រហូត​បាន​ទេ ក្រោយមក​បែកធ្លាយ​ដល់​អ្នកស្រី​តែ គឹ​ង​ឆេ​ង ដែល​ជា​ប្រពន្ធ​ស្របច្បាប់​ដឹង ហើយ​អ្នកស្រី​បាន​សួរនាំ​ពី​បញ្ហា​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​តេ​ង ម៉ា​ប់ ខឹង ទើប​លោក​តេ​ង ម៉ា​ប់ ដាក់​ពាក្យ​ប្តឹង​​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ចេញ​ដីកា​​រក្សា​ការពារ​ឱ្យ​​ផ្អាក​អាជីវកម្ម និង​មុខរបរ​រក​ស៊ីផ្សេង​ៗ​របស់​អ្នកស្រី​តែ គឹ​ម​ឆេ​ង ថែម​​ទៀត​ផង ។

មន្ត្រី​សាលាដំបូង​បន្ត​ថា ក្រោយមក​ឆ្លៀតឱកាស​ពេល​ប្រពន្ធ​មិន​នៅផ្ទះ លោកតេ​ង ម៉ា​ប់ បាន​ទៅ​យក​កូនប្រុស-ស្រី​ទាំង​៤​នាក់ ​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្អូនស្រី​​នៅ​សង្កាត​បឹង​​ត្របែក ខណ្ឌចំការមន​ អស់​រយ​:​ពេល​២​ខែ ។ ដោយសា​តែ​ទ​ង្វើ​របស់​ប្ដី​​បង្ក​បញ្ហា​លំបាក​​ដល់​កូន​ៗ និង​ក្រុម​គ្រួសារ ទើប​នៅ​ថ្ងៃ​ទី​៥ មេ​សា ២០១៦ អ្នកស្រី​តែ គឹ​ម​ឆេ​ង សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ប្ដឹង​លែងលះ​លោក​​តេ​ង ម៉ា​ប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឱ្យ​​មាន​បញ្ហា​ជាមួយ​ប្ដី និង​ស្រី​កំណាន់​របស់​ប្ដី​នោះ ។​

ចន្លោះ​ពេល​នោះ​អ្នកស្រី​តែ គឹ​ម​ឆេ​ង បាន​ដើរ​ស្វែងរក​កូន​គ្រប់​ទិស​ទី រហូត​ដល់​ថ្ងៃ​ទី២៥ ​មេ​សា ២០១៦ ទើប​ប្រទះ​ឃើញ​កូនស្រី​ច្បង​ឈ្មោះ តេ​ង ម៉ី​លីង នៅ​ក្នុង​សាលា​ឯកជន​​មួយ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ក៏​មាន​បំណង​ចូល​យក​កូន​ទៅ​​ផ្ទះ ហើយ​លោក​តេ​ង ម៉ា​ប់ ទៅ​ទាន់ និង​មិន​ព្រម​ឲ្យ ក៏​កើត​មានការ​ប្រទាញប្រទង់​គ្នា ដណ្ដើម​កូនបានជា​ខាង​គណ​:​គ្រប់គ្រង​សាលា​រៀន​ សម្រេច​យក​ក្មេង​ស្រី​នោះ មក​ប្រគល់​ឲ្យ​ចៅក្រម​សម្រេច​តាម​អង្គច្បាប់ ។

បន្ទាប់​មក​ចៅក្រម​ស៊ើប​​សួរ​សាលាដំបូង​រាជធានី សម្រេច​ប្រគល់​កូនប្រុស-​ស្រី​ទាំង​៤​នាក់ ឱ្យ​​រស់នៅ​ជាមួយ​ម្ដាយ​គ្រប់គ្រង​វិញ ។ ការ​សម្រេច​របស់​លោក​ចៅ​ក្រម​​នោះ ដោយ​សម្អាង​លើ​ក្មេង​ស្រី​រៀបរាប់​ពី​ផល​លំបាក​ ដែល​ឪពុក​នាំ​ពួក​គេ​ចេញពីផ្ទះ​ទៅ​នៅ​ជាមួយ​មីង ខ្វះ​ការ​ថែទាំ​ឱ្យ​បាន​កក់ក្តៅ និង​ថ្ងៃ​ណា​ ក៏​ត្រូវ​អ្នកបម្រើ​វាយតប់ គំរាមកំហែង និង​មិនឱ្យ​​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ដែរ ទើប​ពួក​គេ​​ចុះ​ស្គមស្គាំង ហើយ​ឈឺ​ស្កាត់​មិន​ឈប់​ឈ​ថែម​ទាំង​រៀនសូត្រ​ដិត​ដល់ ដូច​អ្វី​ដែល​រស់នៅ​ក្នុង​បន្ទុក​ម្តាយ​គ្រប់គ្រង​នោះ​ឡើយ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

និយាយដល់រឿងតុលាការ គួររំលឹកព័ត៌មានប្លែកៗមួយផងដែរ  ដោយអង្វរចៅក្រម ឲ្យសម្រាលទោស តាមរយៈការច្រៀងចម្រៀងមួយបទ។

ជនជាប់ចោទលោក Brian Earl Taylor មានអាយុ ២១ឆ្នាំ ត្រូវបានតុលាការកាត់ទោស កាលពីសប្តាហ៍មុន ពីបទប្រព្រឹត្តល្មើសច្បាប់ នៅក្នុងការធានាក្រៅឃុំ និងបទកាន់អាវុធខុសច្បាប់។ គួរបញ្ជាក់ថា ជនជាប់ចោទ Taylor ត្រូវបានឃាត់ខ្លួន តាំងពីខែ វិច្ឆិកាមកម្ល៉េះ បន្ទាប់ពីប៉ូលីស បានរកឃើញលោក កំពុងប្រតាយប្រតប់ ជាមួយបុរសម្នាក់ទៀត ហើយព្រមទាំងយកកាំភ្លើង ទៅភ្ជុងពោះបុរសនោះ នៅក្នុងក្រុង Ypsilanti រដ្ឋ Michigan។ ប៉ូលីសបាននិយាយថា ក្នុងពេលចាប់ខ្លួន Taylor មានបទឧក្រិដ្ឋជាប់ខ្លួនមួយចំនួន និងកំពុងតែ ស្ថិតក្នុងការធានាឲ្យនៅក្រៅឃុំ។ ក្នុងខណៈនោះ លោកចៅក្រម Darlene O'brien បានប្រាប់ថា ជនជាប់ចោទមានសិទ្ធិនិយាយអ្វី ដែលខ្លួនចង់និយាយ មុនពេលទទួលការកាត់ទោស។

ឆ្លៀតក្នុងឱកាសនេះ លោក Taylor បានបញ្ចេញអារម្មណ៍ សុំទោសក្នុងតុលាការ តាមរយៈច្រៀង បទចម្រៀងមួយបទ តាមលំនាំបទ Hello របស់តារាចម្រៀង Adele ក្នុងអត្ថន័យថា៖ "សួស្តីបាទ សុំទោសលោកម្ចាស់ ខ្ញុំចង់សុំទោស ចំពោះអ្វីដែល ខ្ញុំបានធ្វើ ហើយខ្ញុំនឹងព្យាយាម ព្រមទាំងកាន់តែ រឹងមាំក្នុងជីវិត ដែលខ្ញុំបានជ្រើសរើស... ហើយខ្ញុំ សុំទោសលោកម្ចាស់ ខ្ញុំសុំទោស..."។ នៅក្នុងចម្រៀងនោះដែរ លោកTaylor ក៏បានច្រៀង សុំទោសទៅដល់ជនរងគ្រោះ និងម្តាយ រួចក៏សុំឲ្យសម្រាលទោសលោក ឲ្យមកនៅត្រឹម៣៦ខែ ទាំងដែលបទឧក្រិដ្ឋរបស់លោក ត្រូវមានទោសជាប់ឃុំឃាំង ក្នុងរយៈពេល យូរជាងនេះឆ្ងាយ។

ជាចុងក្រោយ ចម្រៀងរបស់លោក Taylor ពិតជាមិនអាច ជួយលោកបានទេដោយហេតុថា តុលាការបាន សម្រេច ដាក់ទោសលោក ឲ្យជាប់ពន្ធនាគារររហូតដល់ ១៧ឆ្នាំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត