ព្រឹត្តិការណ៍មហោស្រព សិល្បៈសៀកអន្តរជាតិ ដ៏ធំនិងប្លែក បង្កើតឡើងដើម្បី អាចឲ្យយុវជនខ្មែរ មានឱកាសបានស្គាល់ និងចូលរួមលើកស្ទួយ

ភ្នំពេញ៖ វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្រមានមួយ នៅក្នុងប្រទេសកម្ពុជា របស់យើង ដែលមានការសម្តែងសិល្បៈសៀក ដ៏ប្លែកភ្នែកនិង មានការចូលរួមពីសំណាក់ អ្នកលេងសៀកបរទេស មកពីបណ្តាប្រទេសមួយចំនួន ក្នុងពិភពលោក ហើយវាពិតជា មានការសោកស្តាយយ៉ាងខ្លាំង ប្រសិនណាយុវជន យុវនារីខ្មែរយើង ខកខានមិនបាន ចូលទស្សនាព្រឹត្តិការណ៍ មួយនេះ។

បើតាមការបញ្ជាក់របស់កញ្ញា ថុង ម៉េងទាង អ្នកជំនួយការផ្នែកទីផ្សារ នៃអង្គការហ្វារ សិល្បៈសៀកកម្ពុជា បានឲ្យដឹងថា “ព្រឹត្តិការណ៍មហោស្រព សិល្បៈសៀកអន្តរជាតិ ទីនេះ ទីនោះ គឺជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យមួយ ដែលសំដៅទៅលើ ការណែនាំ និងបង្ហាញអំពីសិល្បៈសៀក របស់ប្រទេសកម្ពុជាយើង ដែលភាគច្រើនយុវជន យើងមួយចំនួន លោកមិនទាន់បានស្គាល់។ សម្រាប់លើកនេះដែរ គឺការរៀបចំរបស់យើង ចំពោះព្រឹត្តិការណ៍នេះ ធំប្លែកដោយសារ ការធ្វើឡើងគឺនៅ៣កន្លែង ទី១នៅរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា, ទី២គឺនៅ ខេត្តបាត់ដំបង ដោយចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ចំណែកឯទី៣ គឺនៅខេត្តសៀមរាប នៅថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែឧសភា”។ 

កញ្ញា ម៉េងទាង បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់គោលបំណង ក្នុងការបង្កើតឡើងនូវ ព្រឹត្តិការណ៍មួយនេះ គឺគ្មានអ្វីក្រៅពីចង់លើកស្ទួយនូវ សិល្បៈសៀករបស់ប្រទេសយើង និងចង់ធ្វើឲ្យសិល្បៈមួយនេះ ក្លាយជាទីចំណាប់អារម្មណ៍ និងទទួលស្គាល់ពីសំណាក់ បរទេស។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍លើកនេះ ក៏ដើម្បីធ្វើឡើងសម្រាប់ ជាការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក រវាងសិល្បករសៀកខ្មែរយើង ជាមួយនឹងសិល្បករសៀក បរទេស ព្រោះថាមហោស្រពសិល្បៈសៀក លើកនេះគឺមានក្រុមសិល្បករសៀក បរទេស បានចូលរួមផងដែរ ដោយក្នុងនោះមានដូចជា កាណាដា អូស្ត្រាលី អាហ្វហ្គានីស្ថាន និងឥណ្ឌូនេស៊ី ជាដើម”។

ងាកមកយុវជនម្នាក់ ដែលមានឈ្មោះ ជិន ចន្ថា មកពីខេត្តតាកែវ ដែលប្អូនជាយុវជនម្នាក់ បានចូលរួមហ្វឹកហាត់ សិល្បៈសៀកនេះ អស់ពេលជាយូរមកហើយនោះ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា “សិល្បៈសៀក គឺវាប្រៀបដូចទៅនឹង ប្រភេទកីឡាផ្សេងទៀត អញ្ចឹងដែរ ក៏ប៉ុន្តែវាបានបង្កប់នូវ ភាពអស្ចារ្យជាច្រើនបែបច្រើនយ៉ាង ដោយសារថាយើងអាច លោតចុះ លោតឡើង ក្នុងរយៈកម្ពស់ខ្ពស់ ពន់ខ្លួនឲ្យទន់ ជាដើម។ សម្រាប់សិល្បៈសៀក នេះដែរ ប្រទេសកម្ពុជាយើង មានមកជាយូរលង់ណាស់មកហើយ តែមកទល់ពេលបច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថា សិល្បៈសៀក ហាក់នៅទ្រឹង ដែលសឹងតែបាត់វត្តមាន ទៅហើយ ព្រោះថាបងប្អូនយើង មួយចំនួនធំ ហាក់មិនបានគិតដល់ ប្រភេទសិល្បៈមួយនេះឡើយ ដូច្នេះហើយគោលបំណងរបស់ខ្ញុំ គឺចង់ធ្វើឲ្យប្រជាជន របស់យើងស្គាល់ និងលើកស្ទួយទាំងអស់គ្នា សម្រាប់សិល្បៈសៀក ដ៏អស្ចារ្យមួយនេះ”។

ដូច្នេះសម្រាប់ប្រិយមិត្ត និងយុវជនទាំងអស់របស់យើង មានចំណាប់អារម្មណ៍អាចធ្វើការ ជាវសំបុត្រដើម្បី ចូលរួមទស្សនា និងជួយលើកស្ទួយនូវ សិល្បៈសៀក របស់ខ្មែរយើង ទាំងអស់គ្នា ដោយក្នុងនោះលោកអ្នក អាចធ្វើការជាវតាមអនឡាញ ដោយចូលទៅកាន់ គេហទំព័រ  ឬក៏សម្រាប់អ្នកនៅក្នុង រាជធានីភ្នំពេញផ្ទាល់ អាចធ្វើការជាវសំបុត្រ បាននៅឯវិទ្យាស្ថានបារាំង (សាលាអាលីយ៉ង់) ហើយសម្រាប់តម្លៃសំបុត្រ គឺមានភាពខុសគ្នា ទៅតាមមនុស្សធំ និងកូនក្មេង។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័រ  ឬក៏អាចទំនាក់ទំនង តាមទូរស័ព្ទលេខ ០១៦ ៩២២ ៤២២។

ចូលរួមលើកស្ទួយ សិល្បៈសៀក របស់យើងទាំងអស់គ្នា ព្រោះថាគ្មានអ្នកណាអាច ជួយជ្រោមជ្រែង និងលើកតម្កើង អ្វីដែលជារបស់យើង បានល្អប្រសើរបំផុត ក្រៅពីខ្លួនយើងនោះទេ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត