អាត្មា​សោកស្តាយ​កំហុស​ធ្វើ​តារាចម្រៀង​មួយ​ភ្លែត

ខេត្តកំពង់ស្ពឺ ៖ មាន​ថេរ​ដីកា​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ដែល​ឆក់​ឱកាស​ធ្វើ​តារាចម្រៀង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​២-៣​បទ បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ដោយ​អ​ចេតនា ព្រោះតែ​ការ​ភ្លាំងភ្លាត់​ស្មារតី ។ ព្រះ​អង្គ​ថា អាត្មាភាព​មានការ​សោកស្តាយ​ណាស់ ដែល​មិន​គួរ​ណា​បណ្តោយ​ខ្លួន​ឱ្យ​លង់​ទៅ​តាម​អារម្មណ៍​មួយភាំង ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន មាន​សង្ឃដីកា​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ថា ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​វត្ត​រលាំង​កំពូល ក៏​ដូច​ជា​វត្ត​នានា​បាន​រៀបចំ​តាម​បែប​ប្រពៃណី​សាសនា និង​បុណ្យ​ជាតិ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើបុណ្យ​ទាន និង​ការ​កម្សាន្ត​សប្បាយ​តាម​បែប​វប្បធម៌​ប្រពៃណី ។ ក្នុង​នោះ​វត្ត​អាត្មា​ក៏​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ ដោយ​មាន​គណៈកម្មការ​អាចារ្យវត្ត បាន​ឯកភាព​គ្នា​ជួល​ក្រុម​តន្ត្រី​មក​ប្រគំ​ឱ្យ​ប្រជា​ពុទ្ធបរិស័ទ​លេង​កម្សាន្ត​សប្បាយ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​នេះ ។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ក្នុង​អំឡុង​ពិធីបុណ្យ​ឆ្លង​ថ្ងៃ​ទី​១៧ មេ​សា ២០១៦ បន្ទាប់​ពី​រៀបចំ​កិច្ច​វត្ត និង​ស្រង់ទឹក​ចាស់ព្រឹទ្ធាចារ្យ និង​ស្រង់​ព្រះពុទ្ធ​បដិមា​រួច​មក នៅ​ល្ងាច​ថ្ងៃ​១៧ មេ​សា ក្រុម​តន្ត្រី​ក៏​ចាប់ផ្តើម​ប្រគំ ។ ក្នុង​នោះ​ព្រះ​អង្គ​បាន​ណែនាំ​ឱ្យ​អនុគណ​ស្រុក ព្រមទាំង​គ្រូសូត្រឆ្វេង​ស្តាំ ព្រមទាំង​ភិក្ខុ​សាមណេរ​មួយ​ចំនួន​ទៀត យក​ភេសជ្ជៈ​មាន​ដូច​ជា​ទឹកក្រូច​៥​កេស និង​ទឹកបរិសុទ្ធ​៥​កេស ទៅ​ជូន​ដល់​អ្នកភ្លេង និង​ញាតិ​ញោម​ដែល​មក​ចូលរួម​កម្សាន្ដ និង​អ្នក​ឈរ​មើល​គ្រប់​ៗ​គ្នា ដោយ​មាន​វត្ដមាន​ព្រះ​តេជគុណ​នៅ​ទីនោះ​ផង ។ បន្ទាប់​ពី​ចែក​ភេសជ្ជៈ​ហើយ ញាតិ​ញោម​ព្រមទាំង​ពុទ្ធបរិស័ទ​ចំពោះ​ជើងវត្ដ​ក៏​បាន​សំណូមពរ​ឱ្យ​ព្រះ​អង្គ​សូត្រ​បទ​ស្មួ​ត​ណាមួយ​ដែល​ព្រះ​អង្គ​ចេះ ។ ព្រះ​អង្គ​បន្ដស​ង្ឍ​ដីកា​ថា ដំបូង​អាត្មា​សូត្រ​បទ​ពង្សាវតា​ខ្មែរ តែ​ព្រះ​អង្គ​មិន​បានដឹង​ថា បទ​នេះ​អ្នកភ្លេង​គេ​មិន​ចេះ​លេង​នោះ​ទេ ។ លុះ​ក្រឡេក​មើល​មក​ក្រោម​ស្រាប់តែ​មាន​អ្នក​រាំ ដំបូង​អាត្មា​សូត្រ​នៅ​ក្រោម​ឆាក តែ​ពុទ្ធបរិស័ទ​សំណូមពរ​ឱ្យ​ឡើង​លើ​ឆាក ដើម្បី​ឱ្យ​អ្នក​ដែល​មិន​ស្គាល់​បានឃើញ​ព្រះ​ភក្ដិ ពេល​សូត្រ​ចប់​ព្រះ​អង្គ​ប្រុង​ចុះ​មក​វិញ ស្រាប់តែ​យាយ​តា និង​ញាតិ​ញោម​ដែល​កំពុង​រាំ​ក៏​បាន​សំណូមពរ​ថា ព្រះ​អង្គ​កុំ​ទាន់​អាល​និមន្ដ​ចុះ មាន​ចេះ​បទ​រាំវង់​ខ្លះ​ទេ ? ដំបូង​ព្រះ​អង្គ​គិត​ថា មិន​ចេះ​ទេ ស្រាប់តែ​នឹកឃើញ​បទ​គន់មើល​ក្នុង​សួន (​បទ​នេះ​ចេះ​តាំងពី​មិន​ទាន់​បួស​) ព្រះ​អង្គ​ថា មិន​នឹក​ថា​បទ​ហ្នឹង គេ​ច្រៀង​មាន​គ្នា​ឯណា​» ។

តាម​រយៈ​សង្ឃដីកា​រៀបរាប់​ខាងលើ ព្រះ​អង្គ​ទទួលស្គាល់​ថា រឿងរ៉ាវ​ដែល​កើតឡើង គឺ​ព្រះ​អង្គ​ព្រម​ទទួលកំហុស​ទាំងអស់ ហើយ​ក៏​មានការ​សោកស្ដាយ​ណាស់​ដែរ ។ ព្រះ​អង្គ​ក៏​បាន​សុំ​ទោស​ជា​សាធារណៈ​ថា «​កំហុស​ទាំងឡាយ​ទាំងពួង​នេះ ចុង​ក្រោយ​សូម​ឱ្យ​ញាតិ​ញោម​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មេត្តា​អភ័យទោស​ដល់​ព្រះ​អង្គ​ផង ។ ក្នុង​នោះ​ព្រះ​អង្គ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​សូម​មេត្ដា​ប្រុង​ប្រយ័ត្ន កុំឱ្យ​មានការ​ភ្លាំងភ្លាត់​ស្មារតី ជួប​បញ្ហា​ដូច​ព្រះ​អង្គ ។

ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ក៏​បាន​សន្យា​ថា «​អាត្មាភាព​នឹង​កែ​លម្អរ​ខ្លួន មិន​ឱ្យ​មាន​កំហុស​បែប​នេះ​តទៅ​ទៀត​ទេ ។

ក្នុង​បទ​សម្ភាស៍​នេះ ព្រះ​តេជគុណ ក៏​បាន​សុំ​ដល់​ញាតិ​ញោម ពុទ្ធបរិស័ទ​ទាំងអស់​គ្នា អនុគ្រោះ​ដល់​ព្រះ​អង្គ​ផង និង​សុំ​ឲ្យ​ធ្វើការ​ពិចារណា​ទៅ​តាម​ទោស​កំហុស ដែល​បាន​កើតឡើង​នោះ​ចុះ ព្រមទាំង​ប្រកបដោយ​សុភ​វិនិច្ឆ័យ ប្រកបដោយ​វិចារណញ្ញាណ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ដែល​កើត​មាន​នេះ​ដែរ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន​បាន​លើក​ឡើង​ថា តាម​ពិត​គឺ​ព្រះ​អង្គ​មិន​ចង់​ឲ្យ​មានការ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​វត្ត​ទេ តែ​ដោយ​មានការ​ស្នើ​សុំ​ពី​សំណាក់​ពុទ្ធបរិស័ទ និង​ដោយ​មានការ​ឯកភាព​ពី​គណកម្មការ​អាចារ្យវត្ត​ផង​នោះ ទើប​មានការ​ដាក់​តន្ត្រី​ឲ្យ​រាំ​កម្សាន្ត​នោះ​ឡើង ។ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់​មិន​ចង់​ឲ្យ​មានការ​ដកហូត​តំណែង​ជា​មេគណ​ពី​ព្រះ​អង្គ​ឡើយ ដោយ​ពុទ្ធបរិស័ទ​គាំទ្រ​ព្រះ​អង្គ​ពេញទំហឹង ថ្វី​ត្បិត​តែ​ព្រះ​អង្គ​មាន​កំហុស​រឿង​ឡើង​ឆាក​តន្ត្រី​ក៏​ពិតមែន តែ​កំហុស​នេះ មិន​ដល់​ថ្នាក់​តម្រូវ​ឲ្យ​សឹក ឬ​លាលែង​ពី​តំណែង​ឡើយ ។

ចំណែក​លោក សំ សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា ប​ញ្ហ​នេះ​គឺ​ព្រះ​អង្គ ឌូ វណ្ណ​ឌឿ​ន ជា​ថ្នាក់ដឹកនាំ​សង្ឃ​ទូ​ទាំង​ខេត្ត ព្រះ​អង្គ​មិនមែន​ជា​ភិក្ខុ​ធម្មតា​នោះ​ទេ ចំពោះ​រឿង​តំណែង​ជា​មេគណ​សង្ឃ​នោះ នៅ​មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ។

លោកតា យឿ​ង ភឿន ដែល​ជា​ពុទ្ធសាសនិក និង​ជា​បរិស័ទ​ចំណុះ​ជើងវត្ត​បាន​សំណូមពរ ទៅ​ថ្នាក់ដឹកនាំ​សូម​មេត្តា​កុំ​ឲ្យ​មានការ​ដកហូត​តំណែង​ពី​ព្រះ​អង្គ ដោយ​លោកតា​លើក​ឡើង​ថា «​ធម្មតា​មែកឈើ​មួយ​ងាប់ យើង​លះ​តែ​មែកឈើ​នោះ​ចោល​ទៅ​បាន​ហើយ កុំ​ចាំបាច់​គាស់​រំលើង​ទាំង​គល់​» ។ លោក​មាន​ប្រសាសន៍​នេះ​ក្នុង​ន័យ​ថា ព្រះ​អង្គ​ត្រូវ​អាបត្តិ​បាចិត្តយ គឺ​អាបត្តិ​ដែល​សម្ដែង​ដាច់ ។ នេះ​តាម​អ្វី​ដែល​លោក​ធ្លាប់​បួស​រៀន​កន្លង​មក ។

រីឯ​លោកតា​អាចារ្យ​ម្នាក់ នៅ​ក្នុង​វត្ត​រលាំង​កំពូល​នេះ បាន​លើក​ឡើង​ថា លោក​មិន​ចង់ឱ្យ​មានការ​ដកហូត​តួនាទី​ព្រះ​អង្គ​ឡើយ ហើយ​បើសិនជា​មាន​មែន​ប្រជា​ពុទ្ធបរិស័ទ​ពិតជា​មានការ​សោកស្ដាយ​ណាស់ ។ ក្នុង​នាម​ពុទ្ធសាសនិក​សូម​សំណូមពរ​ទៅ​សម្ដេចព្រះសង្ឃរាជ​មេត្ដា​ផ្ដល់​ឱកាស​ដល់​ព្រះ​អង្គ​គង់​ជា​មេគណ​ខេត្តកំពង់ស្ពឺ​ជា​បន្ត​ទៀត ដើម្បី​ដឹកនាំ​ទី​អា​រ៉ា​ម​មួយ​នេះ ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ឡើង​ថែម​ទៀត ។ សង្ឃឹមថា សម្ដេច​ព្រមទាំង​ក្រសួង​នឹង​ពិចារណា​រឿង​នេះ ដើម្បី​ទុក​ឱកាស​ឱ្យ​ព្រះ​អង្គ​បាន​កែប្រែ​កំហុស​ដែល​កើតឡើង ។

អំពី​ជីវប្រវត្តិ

ព្រះ​តេជគុណ ឌូ វណ្ឌ​ឌឿ​ន ប្រសូត​នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំច ត្រូវ​នឹង​ថ្ងៃ​ទី​៥ ឧសភា ១៩៦៩ ដោយ​មាន​ញោមប្រុស​នាម លន់ ឌូ បច្ចុប្បន្ន​អាយុ​៦៧​ឆ្នាំ និង​ញោមស្រី សៅ សុ​ន អាយុ​៦៧​ឆ្នាំ មាន​បងប្អូន​រួម​ផ្ទៃ​៤​នាក់​។ ព្រះ​អង្គ​ប្រសូត​នៅ​ភូមិ​ចំប៉ី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ តាំងពី​ប្រសូត​មក​មាតាបិតា​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​រហូត​ដល់​ចម្រើន​វ័យ​កាល សម​ល្មម​នឹង​ចូល​សិក្សា ញោមប្រុស​បាន​បញ្ជូន​ឱ្យ​ចូល​សិក្សា​នៅ​សាលា​មធ្យមសិក្សា​ឱ​រ៉ា​ល់​ដោយ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨ ។ ញោមស្រី​លាចាក​លោក​នេះ​ទៅ​កាលពី​ឆ្នាំ​១៩៨៣ ។ បន្ទាប់​ពី​ម្ដាយ​បាន​ស្លាប់ ក្រោយ​ពេល​ធ្វើ​បុណ្យសព ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​អារម្មណ៍​មិន​នឹងន ព្រោះតែ​នឹក​អាល័យ​ដល់​ម្ដាយ​ដែល​ធ្លាប់​ថ្នាក់ថ្នម ។

អំពី​ការ​សាង​ផ្នួស

យុវជន ឌូ វណ្ណ​ឌឿ​ន អាយុ​គ្រប់​១៨​ឆ្នាំ បាន​សម្រេចចិត្ត​ចូល​សាង​ផ្នូ​ស​ក្នុង​ទី​អា​រ៉ា​ម​វត្ត​មុនី​ឧត្ដម ហៅ​វត្ត​តាំង​របង ស្ថិត​ក្នុង​ឃុំ​អេ​ង​សំណំ ស្រុក​ឱ​រ៉ា​ល់ នៅ​ឆ្នាំ​១៩៨៨ ។ ក្រោយ​សាង​ផ្នូ​សបាន​ស្នាក់​អាស្រ័យ​នៅ​អា​រ៉ា​ម​នេះ​បាន​១​ឆ្នាំ ក៏​និមន្ត​ទៅ​គង់នៅ​វត្ត​ទី​២ គឺ​វត្ដ​នទី​វន្ត ហៅ​វត្ត​តាំង​ហោង ស្ថិត​ក្នុង​ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ស្នាក់​អាស្រ័យ​សិក្សា​ធម្ម​វិន័យ​នៅ​ទីនោះ​បាន​៣​ឆ្នាំ ។ រហូត​ដល់​ឆ្នាំ​១៩៩១ ស្នាក់​នៅ​វត្ត​រលាំង​កំពូល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ឋានៈ​ជា​គ្រូសូត្រស្ដាំ ។ រហូត​ដល់​ឆ្នាំ​១៩៩៤ ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ចៅអធិការ​វត្ត​រលាំង​កំពូល​នេះ​តែ​ម្ដង ។

បន្ទាប់​ពី​បាន​ឡើង​ធ្វើ​ជា​ចៅអធិការ​មក​នៅ​ឆ្នាំ​១៩៩៥ ព្រះ​អង្គ​ត្រូវ​បាន​បន្ថែម​តួនាទី​មួយទៀត គឺជា​វិន័យធរ​អនុគណ​ស្រុក​សំរោងទង ។ រហូត​ដល់​ឆ្នាំ​១៩៩៨ បាន​ទទួល​ងារ​ជា​ព្រះ​គ្រូ​វិន័យ​វាទី​អនុគណ​ស្រុក​សំរោង​ទង ។ ឆ្នាំ​២០០០ ធ្វើ​ជា​វិន័យ​គណ​ធរ​គណ​ខេត្ត ដល់​ឆ្នាំ​២០០៦ បាន​ឡើងជា​បាឡាត់​គណ​ខេត្ត ។ ដល់​ឆ្នាំ​២០១០​ឡើង​ធ្វើ​ជា​មេគណ​ស្ដីទី​រហូត​ដល់​ថ្ងៃ​ទី​១៣ សីហា ២០១៥ ព្រះ​អង្គ​ត្រូវ​បាន​សម្ដេចព្រះ​មហាសង្ឃរាជ​តែងតាំង​ជា​ព្រះ​មុនី​ស​ត្ថា​ចា​រ្យ​កោសល្យ​មេគណ​ខេត្តកំពង់ស្ពឺ រហូត​មក​ដល់​ពេល​មាន​បញ្ហា​កើតឡើង​នេះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត