ស្រឡាញ់​ភេទ​ដូចគ្នា​ពិបាក​ឆ្លងកាត់​សម្ពាធ​សង្គម​និង​គ្រួសារ​

6 Videos


ពួកយើងនៅក្បែរគ្នាស្រឡាញ់គ្នាដូចប្រុសនិងស្រីក្រោមស្លាកមិត្តភក្តិ ហើយដើម្បីកុំឱ្យគេសង្ស័យខ្ញុំនៅតែធ្វើជាមានទំនាក់ទំនងស្នេហាជាមួយពួកបុរស ប៉ុន្តែពេលខ្លះនាងនិងនាងខ្ញុំចង់តែនាំគ្នារត់ទៅ ឱ្យឆ្ងាយដើម្បីកសាងសុភមង្គលជាមួយគ្នា ។

ឆ្នាំនេះនាងខ្ញុំមានអាយុ ២២ ឆ្នាំ ហើយតាំងតែពីតូចនាងខ្ញុំដឹងខ្លួនឯងថាហាក់មានភាពខ្លាំងក្លានិងតែងចូលចិត្តលេងល្បែងរបស់ក្មេងប្រុស ។ ចាប់តាំងពីឈានដល់វ័យជំទង់រហូតដល់មកដល់ពេលនេះនាងខ្ញុំយល់កាន់តែច្បាស់ថាខ្លួនឯងលែងមានអារម្មណ៍ចង់ស្និទ្ធស្នាលជាមួយពួកប្រុសៗ ប៉ុន្តែបែរជាមានមនោសញ្ចេតនានិងស្រឡាញ់តែមិត្តភក្តិស្រីៗដែលនៅក្បែរខ្លួន ។

បើទោះជាដឹងថាខ្លួនមិនមានចិត្តស្រឡាញ់បុរស ប៉ុន្តែដោយសារតែកេរ្តិ៍ឈ្មោះនិងកិត្តិយសនាងខ្ញុំក៏បង្ខំចិត្តស្រឡាញ់បុរសដែលបានមកសុំស្នេហ៍ ថ្វីបើបេះដូងមិនខ្ចីមានភាពញាប់ញ័រពេលនៅក្បែរបុរសក្តី ។ ទន្ទឹមនឹងគ្នានេះនាងខ្ញុំមិនដឹងថាវាជាសំណាងល្អឬមួយក៏ជាសំណាងអាក្រក់នោះទេ បន្ទាប់ពីនាងខ្ញុំបានជួបនារីម្នាក់ដែលមានមារយាទនិងចិត្តល្អគួរជាទីពេញចិត្ត ។ នាងខ្ញុំមានអារម្មណ៍ថាស្រឡាញ់នារីម្នាក់នេះ ហើយក្រោយមកក៏បង្ហាញអារម្មណ៍ពិតរបស់ខ្លួនដែលមានចំពោះនាង ។ ផ្ទុយពីការស្មាននារីម្នាក់នេះក៏ឆ្លើយតបនឹងមនោសញ្ចេតនារបស់នាងខ្ញុំដោយក្តីរីករាយ ប្រការនេះធ្វើឱ្យរូបនាងខ្ញុំកាន់តែមានសង្ឃឹមក្នុងឆាកជីវិត ។

យើងទាំងពីរស្រឡាញ់គ្នា នៅជាមួយគ្នាក្រោមស្លាកមិត្តភក្តិហើយដើម្បីធានាថាមិនមានការសង្ស័យ ពីអ្នកដទៃនាងខ្ញុំនៅតែទទួលការណាត់ជួបនិងរាប់អានពួកបុរសៗ ។ ពេលនេះស្នេហាលាក់បាំងរបស់យើងបានឈានដល់កម្រិតកំពូលហើយសម្រេចនៅជាមួយគ្នាដូចគូស្នេហាបុរសនិងនារីដទៃក៏ប៉ុន្តែមិនដឹងថាត្រូវធ្វើបែបណានៅពេលមានគ្រួសារជារនាំងដ៏ក្រាស់រារាំងមនោសញ្ចេតនារបស់យើងទាំងពីរ ។

នារីក្នុងបេះដូងរបស់នាងខ្ញុំនាងកំព្រាឪពុកមានតែម្តាយនិងប្អូនពីរនាក់កំពុងនៅសិក្សា ។ ចំណែកខាងគ្រួសារនាងខ្ញុំវិញជាត្រកូលមានកម្រិតជីវភាពល្អគួរសមហើយឪពុកម្តាយសុទ្ធតែជាអ្នកមានមុខមាត់ដូច្នេះប្រសិន នាងខ្ញុំបង្ហាញអំពីទំនាក់ទំនងស្នេហាខុសប្រក្រតីបែបនេះមិនដឹងថានឹងមានរឿងអ្វីខ្លះកើតឡើងប៉ុន្តែយើងទាំងពីរពិតជាមិនអាចចាកចោលគ្នាបានទេ ។ ពេលខ្លះយើងចង់នាំគ្នារត់ទៅឱ្យឆ្ងាយប៉ុន្តែជីវិតរបស់យើងទាំងពីរនឹងទៅជាយ៉ាងណាប្រសិនចាកចេញពីឪពុកម្តាយជាទីគោរពស្រឡាញ់ ? តើសម្រេចចិត្តបែបណា ?

ចំពោះអ្នកមានវិបត្តិ
ជាទូទៅគូស្នេហាវ័យក្មេងដែលកំពុងតែស្រឡាញ់គ្នាប្តូរផ្តាច់ នៅពេលដឹងច្បាស់ថាទំនាក់ទំនងរបស់ពួកគេនឹងត្រូវបានរារាំងហើយពេលខ្លះ ដោយសារតែមិនមានចំណេះដឹងគ្រប់គ្រាន់ឬមិនបានទទួលយោបល់ត្រឹមត្រូវពីអ្នកដែលមានបទពិសោធពួកគេអាចនឹងធ្វើរឿងតូចឱ្យទៅជាធំនិងបង្កបញ្ហាច្រើនដល់អ្នកផ្ទះក៏ដូចជាខ្លួនឯង ។

នៅក្នុងលោកនេះបញ្ហាគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយអាស្រ័យទៅលើបញ្ញាផ្ទាល់ខ្លួន ដូចជាប្រើវិធីសាស្ត្រសមស្របប្រើប្រាស់ពេលវេលាត្រឹមត្រូវកសាងឯករាជ្យជាមូលដ្ឋានកសាងឥទ្ធិពល ។ល។ ក្នុង ករណីរបស់នាងក៏មិនខុសគ្នាទៅនឹងករណីមនុស្សផ្ទុយភេទដែរពោលគឺត្រូវជម្នះឧបសគ្គដូចតែគ្នា ។

តាមយោបល់របស់«ប្រជាប្រិយ»ដំបូងនាងកុំអាលបញ្ចេញសកម្មភាពឱ្យអ្នកដទៃដឹងពិសេសគឺឪពុកម្តាយនិងបងប្អូន ប៉ុន្តែត្រូវធ្វើតាមបែប«សន្សឹមៗកុំបំបោល» ។ ចូរចំណាយពេលយកចិត្តទុកដាក់ជួយឪពុកម្តាយបងប្អូនក្នុងគ្រួសាររបស់នាងឱ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីស្វែងរកការគាំទ្រពីពួកគេនៅពេលអនាគត ។ ទន្ទឹមនឹងនេះនាងត្រូវបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ខ្លួនទាក់ទិននឹងចំណេះដឹងសមត្ថភាពរកប្រាក់អាចជួយខ្លួនឯងនិងអ្នកដទៃដើម្បីកសាងឯករាជ្យ សេរីភាព និង ឥទ្ធិពល ។

ក្នុងអំឡុងពេលកសាងមូលដ្ឋានគ្រឹះខាងលើចូរនាំមិត្តស្រីរបស់នាងមកលេងផ្ទះឱ្យបានញឹកញាប់ប្រយោជន៍ទាក់ទាញមនោសញ្ចេតនាពីក្រុមគ្រួសារ ពិសេសគឺឪពុកម្តាយរបស់នាង ។ បន្ទាប់ពីដឹង ថាឪពុកម្តាយនិងបងប្អូនរាប់អានចូលចិត្តអាណិតស្រឡាញ់ចំពោះមិត្តស្រីរបស់នាងដោយសារតែភាពទាក់ទាញតាមរយៈទង្វើល្អៗនិងភាពទន់ភ្លន់ ពេលនោះចូរចាប់ផ្តើមបញ្ជ្រាបបន្តិចម្តងៗនូវបណ្តាព័ត៌មានទាក់ទិននឹងរឿងស្នេហារបស់មនុស្សភេទដូចគ្នាដល់សមាជិកក្នុងគ្រួសារនិងរង់ចាំមើលប្រតិកម្មរបស់អ្នកទាំងនោះ ប៉ុន្តែប្រការនេះត្រូវធ្វើឱ្យបានស៊ីជម្រៅនិងប្រើពេលយូរដើម្បីធានាថាពួកគាត់ពិតជាមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សស្រឡាញ់ភេទដូចគ្នា ។

នៅពេលនាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកប្រាក់និងសន្សំប្រាក់បានច្រើនរួមជាមួយមានឥទ្ធិពលក្នុងគ្រួសារភាពម្ចាស់ការជាដើមពេលនោះហើយគឺជាវេលាល្អសម្រាប់នាងក្នុងការបង្ហើបពីភាពពិតរបស់ខ្លួនតាមរយៈ សកម្មភាពបែប«សន្សំពិន្ទុ»ក្នុងនោះត្រូវបង្ហាញថាខ្លួននាងផ្ទាល់ពិតមានការសប្បាយរីករាយ មានសុភមង្គលចំពោះអ្វីដែលកំពុងកើតមានឡើង ។

ប្រសិនបើនាងធ្វើបានដូចឬបានល្អជាងការរៀបរាប់របស់«ប្រជាប្រិយ»ខាងលើពេលនោះជឿជាក់ថា អ្វីៗនឹងប្រែក្លាយទៅជារឿងដ៏ងាយស្រួលសាមញ្ញហើយប្រាកដជាទទួលជោគជ័យដោយទទួលការអធ្យាស្រ័យការគាំទ្រពី ឪពុកម្តាយនិងបងប្អូនរបស់នាងជាមិនខាន ។ ផ្ទុយទៅវិញបើសម្រេចចិត្តរត់តាមគ្នាពេលនោះនឹងមានបញ្ហាជាច្រើនកើតមានឡើង ដូចជាធ្វើឱ្យឪពុក ម្តាយ បងប្អូនមានការព្រួយបារម្ភឬខឹងបន្ទាប់ពីដឹងការពិត ៕