ក្រុមហ៊ុន​ថាមពល​វៀតណាម​រុករក​ឧស្ម័ន​ក្នុង​ដីសណ្ត​ទន្លេមេគង្គ

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​វៀតណាម PVN ដែល​ជា​ក្រុមហ៊ុន​មាន​ភាគហ៊ុន​ធំ​ជាងគេ​នៃ​ក្រុមហ៊ុន PetroVietnam Gas នោះ បាន​ដំណើរការ​គម្រោង​រុករក​ឧស្ម័ន​ជា​ផ្លូវការ​ក្នុង​ដីសណ្ត​ទន្លេមេគង្គ នៅ​ខេត្ត Kien Giang នា​ស​ប្តា​ហ៍​នេះ ។

គម្រោង​ទាំងនេះ​រួម​មាន គម្រោង​តំបន់​ឧស្ម័ន​ប្លុក B និង​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន ប្លុក B-O ដែល​ជា​គម្រោង​ផ្តល់​មូលនិធិ​ដោយ​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ មិនតែប៉ុណ្ណោះ ប្រទេស​ជប៉ុន និង​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ធ្វើ​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២០​ខាង​មុខ​នេះ ដែល​មាន​ទឹកប្រាក់​ព្យាករ​ប្រមាណ​ជា​១៩​ប៊ី​លាន​ដុល្លារ ជាមួយនឹង​ថវិការដ្ឋ​របស់​វៀតណាម​លើ​ប្រតិបត្តិការ​ជាង​២០​ឆ្នាំ​នេះ ។

យោង​តាម​ក្រុមហ៊ុន PVN ឱ្យ​ដឹង​ថា ប្លុក B មាន​ភាគហ៊ុន​៤២,៩% គិត​ជា​ទឹកប្រាក់​ចំនួន​៦,៨​ប៊ី​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន PVN ។ ភាគហ៊ុន​២៦,៨% សម្រាប់​ក្រុមហ៊ុន PVEP, ភាគហ៊ុន​២២,៥% សម្រាប់​ក្រុមហ៊ុន​រុករក​ឧស្ម័ន Mitsui Oil Exploration Co. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​ភាគហ៊ុន​៧,៧% សម្រាប់​ក្រុមហ៊ុន​ផលិត និង​រុករក​ឧស្ម័ន PTT របស់​ថៃ ។

ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​ឧស្ម័ន​រដ្ឋ​វៀតណាម រំពឹង​ថា នឹង​អាច​រុករក​ឧស្ម័ន​បាន​ចំនួន​១០៧​ប៊ី​លាន​ម៉ែត្រគូប ហើយ​ចម្រាញ់​បាន​ឧស្ម័ន​ចំនួន​១២​លាន​បារ៉ែល​ចេញពី​ប្លុក B ។

« ឧស្ម័ន​ចំនួន​៥​ប៊ី​លាន​ម៉ែត្រគូប នឹង​ត្រូវ​ដឹក​ជញ្ជូន​ពី​តំបន់​មាត់សមុទ្រ​ក្នុង​១​ឆ្នាំ​ៗ​សម្រាប់​រយៈពេល​ជាង​២០​ឆ្នាំ ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ពី​ឆ្នាំ​២០២០​តទៅ ដើម្បី​ដំណើរការ​រោងចក្រ​ថាមពល​នៅ​ក្នុង​ខេត្ត Kien Giang និង​ទីក្រុង Can Tho ក្នុង​គោលបំណង​បង្កើន​តម្រូវការ​សម្រាប់​ថាមពល​នៅ​ភាគ​ខាងត្បូង​វៀតណាម » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន PVN លោក Nguyen Vu Truong Son ។

ទន្ទឹម​នឹង​នេះ បំពង់​បង្ហូរ​ឧស្ម័ន​នៅ​ក្នុង​ប្លុក B-O Mon ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន PVN, ក្រុមហ៊ុន PV GAS, ក្រុមហ៊ុន MOECO និង​ក្រុមហ៊ុន PTTEP ក្នុង​នោះ​មាន​ឧស្ម័ន​ចំនួន​២០,៣​លាន​ម៉ែត្រគូប​ដែល​គ្របដណ្តប់​នៅ​លើ​ផ្ទៃដី​ជាង​៤០០​គីឡូម៉ែត្រ រួម​ទាំង​ឈូង​សមុទ្រ​២៩០​គីឡូម៉ែត្រ ។ បំពង់​បង្ហូរ​ឧស្ម័ន​នឹង​ផ្តល់​ឧស្ម័ន​ដល់​រោងចក្រ​អគ្គិសនី​នៅ​ក្នុង​ដីសណ្ត​ទន្លេមេគង្គ ។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ ឧស្ម័ន​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន PV Gas មាន​អត្រា​៣៥% នៃ​ទិន្នផល​ថាមពល​សរុប​របស់​ជាតិ ។

កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន PVN មាន​ភាគហ៊ុន​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​សាជីវកម្ម Chevron ក្នុង​ប្រទេស​វៀតណាម រួម​មាន គម្រោង​ក្នុង​ប្លុក B, ប្លុក 48/95 និង​ប្លុក 52/97 នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភាគ​និរតី​របស់​វៀតណាម ។ ចំណែក​គម្រោង​នៅ​ប្លុក B-O Mon ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គម្រោង​ដែល​សំខាន់​បំផុត​ក្នុង​ការ​ធានា​នូវ​សន្តិសុខ​ថាមពល​ជាតិ ក៏​ដូច​ជា​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​នៅ​ភាគ​ខាងត្បូង​វៀតណាម​ផង​ដែរ ។ ចំនួន​ទឹកប្រាក់​នៃ​ការ​វិនិយោគ​សរុប​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ស្មើនឹង​ជាង​១០​ប៊ី​លាន​ដុល្លារ ៕