ការ​នាំ​ចេញ​ផលិតផល​មិនមែន​ប្រេង​របស់​សិង្ហ​បុរី​ធ្លាក់​ចុះ​15,6% នៅ​ខែមីនា

ប្រទេស​សិង្ហ​បុរី ៖ ការ​នាំ​ចេញ​ផលិតផល​របស់​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ពោល​គឺ​វា​ជា​សញ្ញា​នៃ​បញ្ហា​តម្រូវការ​សកល ខណៈ​ដែល​ធនាគារកណ្តាល​ព្យាយាម​ស្រោចស្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។

ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​ដែល​មិនមែន​ជា​ប្រេង​ក្នុង​ខែមីនា បាន​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​រហូត​ដល់​១៥,៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​ផលិតផល​មិនមែន​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សហគ្រាស​អន្តរជាតិ​សិង្ហ​បុរី (IE) កាលពី​ថ្ងៃ​ទី​១៨ មេ​សា កន្លង​មក។

យោង​តាម​ការ​វិភាគ​របស់​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​មិនមែន​ប្រេង នឹង​ធ្លាក់​ចុះ​១៣,២% ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន គឺជា​មូលហេតុ​ចម្បង​នៃ​ការ​នាំ​ចេញ​ទាំងមូល​របស់​សិង្ហ​បុរី ។ លើស​ពី​នេះ​ទៀត ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​មិនមែន​ជា​ប្រេង ប្រហែលជា​នឹង​បន្ត​តែ​មួយ​រយៈពេល​ទៀត​ប៉ុណ្ណោះ ។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក ។

ចំពោះ​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិច​ត្រូ​និក ដែល​ជា​វិស័យ​សំខាន់​មួយ​នៃ​ការ​នាំ​ចេញ​របស់​សិង្ហ​បុរី គឺ​បាន​ធ្លាក់​ចុះ​៩,១%​នៅ​ក្នុង​ខែមីនា បើ​ធៀប​នឹង​ខែ​មុន​មាន​អត្រា​០,៧% ។
រីឯ​​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​ដែល​មិនមែន​ជា​គ្រឿង​អេ​ឡិច​ត្រូ​និក​វិញ​បាន​ធ្លាក់​ចុះ​១៨% ដែល​ផ្ទុយ​នឹង​ការ​កើនឡើង​២,៦% នៅ​ក្នុង​ខែកុម្ភៈ ៕