វៀតណាម​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​នៅ​ដើមឆ្នាំ​នេះ​នឹង​កើនឡើង ទោះបី​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ក្តី

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម​បាន​ព្យាករណ៍​ថា នឹង​អាច​នាំ​ចេញ​អង្ករ​បាន​ច្រើន​ជាង​៣​លាន​តោន​នា​ដើមឆ្នាំ​២០១៦​នេះ កើនឡើង​១២% បើ​ធៀប​នឹង​ឆ្នាំ​មុន បន្ទាប់​ពី​មាន​តម្រូវការ​ខ្ពស់​ពី​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទោះបី​មានការ​ព្រួយបារម្ភ​ក្នុង​ការ​ផ្គត់ផ្គង់ ខណៈ​ទិន្នផល​ធ្លាក់​ចុះ​ដោយសារ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​ក្តី ។

ការ​នាំ​អង្ករ​ចេញ​ក្នុង​រយៈពេល​៣​ខែ​នៃ​ចុងខែ​មិថុនា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​បរិមាណ​ប្រហែល​១,៦​លាន​តោន ដោយ​រួម​បញ្ចូល​ទាំង​ការ​លក់​ទៅ​ឱ្យ​ប្រទេស​ចិន​ផង​ដែរ ។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​ផ្សាយ​នៅ​លើ​វេ​ប​សាយ ដោយ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​សមាគម​ស្បៀង​វៀតណាម (VFA) ។

យោង​តាម​គយ​វៀតណាម​ឱ្យ​ដឹង​ថា វៀតណាម គឺជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា និង​ថៃ ។ វៀតណាម​បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន​១,៥៥​លាន​តោន​ក្នុង​អំឡុង​ខែមករា រហូត​ដល់​ខែមីនា កើនឡើង​៣៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

វៀតណាម​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​គ្រោះ​រាំង​ស្ងួត និង​ការ​ទន្ទ្រាន​នៃ​ទឹកប្រៃ​ដ៏​អាក្រក់​បំផុត​នៅ​វាលទំនាប​ដីសណ្ដ​ទន្លេមេគង្គ បន្ទាប់​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាតុ​ភូត​​នៃ​កម្តៅ និង​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

ភាពរាំងស្ងួត​បាន​ធ្វើ​ឱ្យ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​បង្កើន​ការ​នាំ​ចូល​អង្ករ​បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​វៀតណាម​អាច​លក់​អង្ករ​ចំនួន​១​លាន​តោន​ដល់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​៤៥០.០០០​តោន​ទៀត​លក់​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

គ្រោះ​មហន្តរាយ​បណ្តាល​ឱ្យ​មានការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កសិកម្ម​វៀតណាម​ក្នុង​ត្រីមាស​ដំបូង​នេះ និង​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​ក្នុង​តំបន់ដីសើម​ថយ​ចុះ​ផង​ដែរ ខណៈ​ដែល​តម្លៃ​អង្ករ​នាំ​ចេញ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​៥​ខែ​នៅ​ចុងខែ​មីនា​នេះ ។

តម្លៃ​កើនឡើង​ខ្ពស់​បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ត្រូវ​ជួបនឹង​ឧបសគ្គ​ក្នុង​ការ​ប្រកួតប្រជែង និង​ចំណែក​ទីផ្សារ​នា​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់ ។

តាម​អ្នក​ស្រាវជ្រាវ​ផលិតផល​កសិកម្ម BMI  បាន​បញ្ជាក់​ថា ៖ « ទិន្នផល​ស្រូវ​របស់​វៀតណាម​នឹង​ថយ​ចុះ​០,៥%​នៅ​ក្នុងឆ្នាំនេះ ដែល​ចាត់​ទុក​ថា​គឺជា​ការ​ថយ​ចុះ​លើក​ដំបូង បន្ទាប់​ពី​មាន​គ្រោះ​រាំង​ស្ងួត ហើយ​រដ្ឋាភិបាល​មាន​ផែនការ​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​អង្ករ​ទៅ​ដាំពោត​វិញ » ។

« វៀតណាម​អាច​ដើរ​តាម​ពីក្រោយ​ថៃ នៃ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ផលិត​អង្ករ​ដែល​បាន​ថយ​ចុះ​នូវ​ផ្ទៃដី​ដាំ​ដុះ ហើយ​ផ្លាស់​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ទឹក​តិច » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយករង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​ផ្លាស់​ប្តូរ​អាកាសធាតុ មក​ពី​សាកលវិទ្យាល័យ​កាន់​ថឺ ។

គួរ​បញ្ជាក់​ថា អ្នក​វិទ្យាសាស្ត្រ និង​អាជ្ញាធរ វៀតណាម​គួរតែ​កំណត់​ទិស​ដៅ​សម្រាប់​តំបន់ដីសើម ហើយ​មិន​គួរ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​អង្ករ​នោះ​ទេ ។