ឡាវ​គ្រោង​នឹង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ

ប្រទេស​ឡាវ ៖ ទោះបីជា​ខ្លួន​មាន​ប្រភព​វា​រី​អគ្គិសនី​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ក្តី ក៏​ឡាវ​នៅ​តែ​មាន​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុ​ស្ស៊ី ។ នេះ​បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​នុយក្លេអ៊ែរ​ពិភពលោក ។

កាលពី​ថ្ងៃ​ទី​១៤ មេ​សា អនុស្សរណៈ​យោគយល់​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ត្រូវ​បាន​ចុះ​កិច្ចសន្យា​ដោយ​ក្រុមហ៊ុន​រុ​ស្ស៊ី Rosatom និង​ក្រសួង​រ៉ែ និង​ថាមពល​របស់​ឡាវ ។

អនុស្សរណៈ​យោគយល់​នេះ​បាន​កំណត់​ពី​រចនាសម្ព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Rosatom និង​រដ្ឋាភិបាល​ឡាវ​ទៅ​លើ​ការ​សាងសង់ ប្រតិបត្តិការ និង​ស្រាវជ្រាវ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​មាន​ផែនការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មូលដ្ឋាន និង​ស្រាវជ្រាវ​សុវត្ថិភាព​នៃ​វិទ្យុសកម្ម ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​ការ​ហ្វឹកហាត់​ផង​ដែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ឡាវ​គ្រោង​នឹង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ចំនួន​ពីរ​ជាមួយនឹង​កម្លាំង​ថាមពល​១០០០​មេ​ហ្គា​វ៉ា​ត់ ទៅ​១២០០​មេ​ហ្គា​វ៉ាត់។ ផែនការ​ដែល​បាន​គ្រោងទុក​នេះ នឹង​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Rosatom ។

រោងចក្រ​ថាមពលនុយក្លេអ៊ែរ​បាន​ក្លាយជា​យុទ្ធសាស្ត្រ​របស់​ឡាវ ក្នុង​ការ​ក្លាយជា​អ្នក​នាំ​ចេញ​ថាមពល​អគ្គិសនី​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ បច្ចុប្បន្ន​នេះ ឡាវ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ត្រឹមតែ​៨,២​គីឡូវ៉ាត់​ប៉ុណ្ណោះ ប៉ុន្តែ​គម្រោង​ថាមពល​អគ្គិសនី​ជាង​៨០ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​ក្នុង​ប្រទេស ដែល​ភាគច្រើន​ជា​ទំនប់​វា​រី​អគ្គិសនី​ក្រោម​ជំនួយ​របស់​ចិន ។

គួរ​បញ្ជាក់​ថា ឡាវ​បាន​នាំ​ចេញ​នូវ​ថាមពល​អគ្គិសនី​ទៅ​កាន់​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម ហើយ​ក៏​បាន​បន្ត​សាងសង់​ខ្សែបណ្តាញ​ផ្ទេរ​ចរន្ត​ទៅ​កាន់​ប្រទេស​ជិតខាង​របស់​ខ្លួន​ផង​ដែរ ។

យោង​តាម​ប្រសាសន៍​របស់​លោក Sinava Souphanouvong អនុរដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា ៖ « អ្នកទិញ​ថាមពលនុយក្លេអ៊ែរ​ដ៏​មាន​សក្តានុពល​ពី​ប្រទេស​ឡាវ អាច​ជា​ប្រទេស​សិង្ហ​បុរី » ៕