ការ​នាំ​ចេញ​អាហារ​សមុទ្រ​នឹង​កើនឡើង​6,3%​ក្នុងឆ្នាំនេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ

ប្រទេស​វៀតណាម ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហគមន៍​អឺរ៉ុប (EU) ជាមួយ​ទីផ្សារ​អាស៊ី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​របស់​វៀតណាម​មាន​កំណើន​ជាង​៧​ប៊ី​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។ នេះ​បើ​តាម​សមាគម​អ្នក​នាំ​ចេញ​អាហារ​សមុទ្រ ។

លោក Truong Dinh Hoe អគ្គលេខាធិការ​ទូទៅ​នៃ​សមាគម​នាំ​ចេញ​អាហារ​សមុទ្រ​វៀតណាម បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ថា ៖ « ការ​នាំ​ចេញ​អាហារ​សមុទ្រ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​៦,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​ប្រាក់​ចំណូល​ពាក់កណ្តាល នឹង​បាន​មក​ពី​ការ​នាំ​ចេញ​កំពឹស ដែល​អាច​នឹង​កើនឡើង​ប្រមាណ​១២% » ។

លោក​បន្ថែម​ថា ៖ « អត្ថប្រយោជន៍​ដែល​បាន​មក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ​ខាងត្បូង និង​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​អាស៊ី នឹង​ជួយ​ឲ្យ​វៀតណាម អាច​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​ដ៏​ស្វិត​ស្ថា​ញ​របស់​ខ្លួន​បាន គឺ​ប្រទេស​ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ថៃ និង​ប្រទេស​អេក្វាទ័រ » ។ ក្នុង​នោះ​ដែរ ការ​នាំ​ចេញ​ត្រី​ធូ​ណា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ការ​នាំ​ចេញ​មឹក នឹង​មាន​កំណើន​១០% ។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​អាហារ​សមុទ្រ​របស់​វៀតណាម គឺ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​កាលពី​ឆ្នាំ​២០១៥​កន្លង​មក ខណៈ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ត្រឹម​១៤,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ការ​រើប​ឡើង​វិញ​ដ៏​ខ្លាំងក្លា​នៃ​វិស័យ​នេះ គឺ​ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ដែល​នឹង​ត្រូវ​ចុះ​កិច្ចសន្យា​នា​ពេល​ខាង​មុខ​នេះ ។ ជាមួយ​គ្នា​នេះ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចូលរួម​ដោយ​ប្រទេស​ចំនួន​១២ រួម​មាន សហរដ្ឋអាមេរិក និង​ជប៉ុន ដែល​នឹង​កំណត់​ក្នុង​ការ​កាត់​បន្ថយពន្ធ​នាំ​ចូល​៩០% តែ​ម្តង ៕