វិស័យ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នឹង​មាន​កំណើន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ វិស័យ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​កំណើន​ប្រកបដោយ​និរន្តរភាព ពោល​គឺ​អាច​កើនឡើង​ច្រើន​ជាង​៤០% និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៦៥៧​លាន​នាក់​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត ។

យោង​តាម​ការ​ព្យាករ​របស់​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា PATA បានឱ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​នឹង​កើន​ឡើងជា​មធ្យម​៤,៦% ក្នុង​មួយ​ឆ្នាំ ។
សម្រាប់​ឆ្នាំ​នេះ​គេ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៥៥០​លាន​នាក់ ពោល​គឺ​អាច​កើនឡើង​ក្នុង​អត្រា​២១% បើ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​៤៥៥​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៥។ មិនតែប៉ុណ្ណោះ នៅ​ត្រឹម​ឆ្នាំ​២០១៨​ខាង​មុខ ភ្ញៀវ​ទេសចរ​នឹង​មាន​ចំនួន​លើស​ពី​៦០០​លាន​នាក់ ។

លោក Mario Hardy នាយក​ប្រតិបត្តិ​នៃ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (PATA) ថ្លែង​ថា ៖ « លំហូរ​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់ នឹង​បន្ត​មាន​កំណើន​ខ្លាំង​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ប៉ុន្តែ​នៅ​ទូ​ទាំង​តំបន់​វិញ ការ​ជះ​ឥទ្ធិពល​នៃ​ប្រភព​ទីផ្សារ​អាស៊ាន គឺ​មិន​អាច​ប្រកែក​បាន​ថា វា​គ្មាន​កំណើន​ខ្លាំង​ឡើយ » ។

ដោយសារ​តែ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​គេ​ព្យាករ​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​កើនឡើង ស្មើនឹង​ទឹកប្រាក់​ចំនួន​៣៥៥​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥ ដល់​ប្រហែល​៤៤៨​លាន​ដុល្លារ​នៅ​ដំណាច់​ទសវត្សរ៍​នេះ ។

សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បញ្ជាក់​ថា ការ​ជះ​ឥទ្ធិពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ពី​៦៦% នៅ​ក្នុង​ឆ្នាំ​២០១៥ រហូត​ដល់​៦៨% នៅ​ឆ្នាំ​២០២០ ។ ចំណែក​តំបន់​អាស៊ី​អាគ្នេយ៍​វិញ នឹង​មាន​កំណើន​៦,៨% និង​កើនឡើង​ពី​២០% នៅ​ក្នុង​ឆ្នាំ​២០១៥ រហូត​ដល់​២២,៥% នៅ​ឆ្នាំ​២០២០ ។

ទោះជា​យ៉ាងណា តំបន់​អាស៊ី​ភាគ​ឦសាន​នៅ​តែ​ជា​តំបន់​ដែល​មាន​សកម្មភាព​ច្រើន​សម្រាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ការ​រំពឹង​ទុក​ទៅ​ទៀត ពោល​គឺ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៣៣០​លាន​នាក់ ។

ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​១១៣​លាន​នាក់ ខណៈ​សហគមន៍​អឺរ៉ុប​អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៤៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

លោក Mario Hardy ឱ្យ​ដឹង​ទៀត​ថា ៖ « សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នឹង​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក » ។

សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​លើក​ឡើង​ទៀត​ថា ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​អត្រា​ច្រើន​ជាង​៨០% និង​ច្រើន​ជាង​៧០% រវាង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ។

សរុប​មក ទីតាំង​ចំនួន​២៩​កន្លែង​នៃ​គោលដៅ​ទេសចរណ៍​ទាំង​៣៦​កន្លែង​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន គឺ​មាន​កំណើន​ប្រកបដោយ​ភាព​វិជ្ជមាន ដោយសារ​តែ​ការ​ពង្រីក​ជើងហោះហើរ​ក្នុង​អត្រា​៨,៧% នៅ​ក្នុង​ឆ្នាំ​២០១៥ ៕