លោក BOUNNHANG VORACHIT ជ្រើសតាំង​ជា​ប្រធានាធិបតី​ថ្មី​ឡាវ

អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​លោក BOUNNHANG VORACHIT ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ថ្មី​ឡាវ​កាលពី​ថ្ងៃ​ទី​២០ មេ​សា ដោយ​សភាជាតិ​ឡាវ​នីតិកាល​ទី​៨ ដែល​ចាប់ផ្តើម​សម័យប្រជុំ​លើក​ដំបូង​របស់​ខ្លួន ។

លោក BOUNNHANG VORACHIT ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​នា​ឱកាស​បិទ​សមាជជាតិ​លើក​ទី​១០ របស់​បក្ស​កាលពី​ថ្ងៃ​ទី​២២ មក​រា ដោយ​ឡើង​ជំនួស​អតីត​អគ្គលេខាបក្ស​លោក CHOUMMALY SAYASONE ។

ទន្ទឹម​នឹង​នេះ លោក THONGLOUN SISOULITH សមាជិក​ការិយាល័យ​នយោបាយ​របស់​បក្ស​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​។

សម័យប្រជុំ​របស់​សភាជាតិ​ឡាវ​ដែល​មាន​សមាជិក​១៤៩​រូប​នេះ ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០ មេ​សា នៅ​រដ្ឋធានី​វៀង​ចន្ទ​ក៏​ជ្រើសតាំង​ជា​ថ្មី​លោក PANY YATHOTOU ជា​ប្រធាន​សភា ។

សម័យប្រជុំ​ដំបូង​របស់​សភាជាតិ​ឡាវ​នីតិកាល​ទី​៨ ដែល​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​២២ មេ​សា ក៏​នឹង​ត្រូវ​អនុម័ត​លើ​សមាសភាព​រដ្ឋាភិបាល​ថ្មី​ឡាវ សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ផង​ដែរ ។

ក្នុង​ឱកាស​នៃ​សម័យប្រជុំ​រយៈពេល​៣​ថ្ងៃ បណ្តា​សមាជិក​សភា​នឹង​ធ្វើការ​ពិនិត្យ ព្រមទាំង​អនុម័ត​ទិស​ដៅ​អភិវឌ្ឍន៍​ប្រទេស​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣០ យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​រហូត​ដល់​ឆ្នាំ​២០២៥ ព្រមទាំង​ផែនការ​៥​ឆ្នាំ​លើក​ទី​៨​នៃ​ការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចជាតិ (២០១៦-២០២០) ៕