តុល្យការ​នៃ​ការ​រញ្ជួយ​ដី​នៅ​អេក្វាទ័រ​អ្នក​ស្លាប់​ឡើង​ដល់​525​នាក់

រដ្ឋាភិបាល​អេក្វាទ័រ​គូសបញ្ជាក់​ថា តុល្យការ​នៃ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​១៦ មេ​សា នៅ​ភាគ​ខាងជើង​ប្រទេស​អេក្វាទ័រ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា អ្នក​ស្លាប់​ឡើង​ដល់​៥២៥​នាក់ ហើយ​តួលេខ​នេះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

យោង​តាម​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ថា មនុស្ស​ជាង​៤.០០០​នាក់​រង​របួស​ដោយសារ​ការ​រញ្ជួយ​ដី រួច​មនុស្ស​២៣១​នាក់​នៅ​តែ​បាត់​ខ្លួន ។ ការ​រញ្ជួយ​ដី​ថ្មី​កម្លាំង​៦,១​រី​ស្ទ័​រ​មួយ​វាយប្រហារ​ទីក្រុង​ដែល​រង​ការ​បំផ្លាញ​ស្រាប់​គឺ​ទីក្រុង MUISNE មុន​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ មេ​សា ហើយ​ញ័រ​រ​ញ្ជួ​ួ​យ​ដល់​តំបន់ឆ្នេរ​សមុទ្រ​របស់​អេក្វាទ័រ ។

អាជ្ញាធរ​រដ្ឋធានី​គី​តូ​រាយការណ៍​ពី​ការ​រញ្ជួយ​ដី​ថ្មី​នេះ ហើយ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​មាន​ជន​រង​គ្រោះ ឬ​ការ​ខូចខាត​ថែម​ទៀត​ឬ​យ៉ាងណា ក៏​ប៉ុន្តែ​ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ទេ ។

យោង​តាម​ការ​វាយតម្លៃ​ដំបូង​ថា មនុស្ស​ប្រមាណ​ជា​២០.៥០៣​នាក់​កំពុង​រស់នៅ​ក្នុង​ជំរំ​នានា អគារ​៨០៥​ត្រូវ​រង​ការ​បំផ្លាញ​ទាំងស្រុង និង​៦០៨​ទៀត​រង​ការ​ខូចខាត ។

បណ្តា​ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ជំនួយ​អន្តរជាតិ​បាន​មក​ដល់​ប្រទេស​អេក្វាទ័រ​កាន់តែ​ច្រើន ៕