ចិន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ​ដែល​អាច​បាញ់​ដល់​សហរដ្ឋ​អា​មេ​រិ​ក

កាសែត WASHINGTON FREE BEACON ដែល​ដកស្រង់​ប្រភព​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១២ មេ​សា នូវ​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​របស់​ខ្លួន​ឈ្មោះ DONG FENG-41 (DF-41) ។

ការ​ហោះហើរ​របស់​មី​ស៊ី​ល​នេះ​ត្រូវ​បាន​តាមដាន​ដោយ​បណ្តា​ផ្កាយ​រណប​យោធា​អា​មេ​រិ​ក ព្រមទាំង​ប្រព័ន្ធ​តាមដាន​តំបន់​ឯទៀត​ៗ ។

បណ្តាសារ​ព័ត៌មាន​មុន​នេះ​រាយការណ៍​ថា ចិន​គ្រោង​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល DF-41 នៅ​ឯ​មូលដ្ឋាន​យោធា​ចិន​មួយ​ក្នុង​ខេត្ត​ហ៊ឺ​ណា​ន់​ភាគ​ខាងលិច​ប្រទេស ។ បាញ់​ចេញពី​ទីនោះ មី​ស៊ី​ល DF-41 អាច​ហោះ​ទៅ​ដល់​សហរដ្ឋ​អា​​មេ​រិ​ក​រយៈពេល​ត្រឹម​កន្លះ​ម៉ោង ដោយ​ហោះ​កាត់​ប៉ូ​ល​ផែនដី ឬ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដែល​បែប​នេះ​ជា​ការ​គំរាមកំហែង​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន ។

យោង​តាម​ការ​វាយតម្លៃ​របស់​ផ្នែក​ស៊ើបការណ៍​អា​មេ​រិ​កថា មី​ស៊ី​ល DF-41 អាច​ផ្ទុក​ក្បាល​គ្រាប់​រហូត​ដល់​ទៅ​១០ ដែល​ក្បាល​គ្រាប់​ទាំងនេះរ​ត់ទៅ​រក​គោលដៅ​ផ្សេង​ៗ​គ្នា ។ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប DF-41 អាច​រត់​បាន​ចម្ងាយ​រវាង​ពី​១២.០០០​ទៅ​១៥.០០០​គីឡូម៉ែត្រ ។

កាលពី​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៥ កងទ័ព​ចិន​បាន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប DF-41 ចេញពី​ជើង​ទម្រ​លើ​ផ្លូវដែក​មួយ​នៅ​ភាគ​ខាងលិច​ចិន ។ ការ​សាកល្បង​នេះ​ធ្វើ​ឡើង​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER កំពុង​បំពេញ​ទស្សនកិច្ច​លើ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក JOHN C. STENNIS ដែល​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

ការ​ខ្វែង​ទំនាស់​គ្នា​នៅ​តែ​មាន​ខ្លាំង​រវាង​ចិន និង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ ពិសេស​ជប៉ុន វៀតណាម និង​ហ្វ៊ី​លី​ពី​ន ទាក់ទិន​នឹង​ជម្លោះព្រំដែន​សមុទ្រ និង​បណ្តា​តំបន់​ទទួលខុស​ត្រូវ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ។ ប្រទេស​ចិន​យល់​ថា បណ្តា​ប្រទេស​ដូច​ជា​ហ្វ៊ី​លី​ពី​ន និង​វៀតណាម​ជាដើម ប្រើប្រាស់​ការ​ជួយ​ទ្រទ្រង់​របស់​សហរដ្ឋ​អាមេ​រិ​ក ដើម្បី​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប DF-41 របស់​ចិន​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

ថ្មី​ៗ​នេះ​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​មួយ​គ្រឿង​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ទើប​កសាង​ថ្មី​លើ​កោះ​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ញ៉ាំង​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តា​ប្រទេស​ដែល​មាន​ទំនាស់​ព្រំដែន​សមុទ្រ​ជាមួយ​ចិន ។

ចិន​លើក​ហេតុផល​ថា យន្តហោះ​យោធា​ទៅ​កាន់​ទីនោះ គឺ​ដើម្បី​ទៅ​ដឹក​បណ្តា​កម្មករ​ដែល​មាន​ជំងឺ ហើយ​ទ​ង្វើ​នេះ​គឺ​ស្របច្បាប់​។ សហរដ្ឋ​អា​មេ​រិ​ក​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​រឿង​នោះ ព្រោះ​សង្ស័យ​លើ​គោលដៅ​របស់​ចិន​ដែល​ប្រើប្រាស់​យន្តហោះ​យោធា​ទៅ​ដឹក​កម្មករ​ឈឺ ហើយ​មិន​ប្រើ​យន្តហោះ​ស៊ី​វិល ។ ចិន​និយាយ​ថា ខ្លួន​មាន​អធិប​តេយ្យភាព​ពេញលេញ​លើ​ប្រជុំ​កោះ NANSHA និង​បណ្តា​ដែនទឹក​ជុំវិញ ។ វា​ជា​រឿង​ស្របច្បាប់​សម្រាប់​យន្តហោះ​ចិន​មួយ ដែល​ហោះហើរ​លើ​ដែនអាកាស​របស់​ចិន រួច​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​មាន​សិទ្ធិ​រិះគន់​សកម្មភាព​បែប​នោះ​ឡើយ ៕