ផ្ទុះ​ឆេះ​រោងចក្រ​ប្រេង​-​គីមី​ម៉ិចស៊ិក​ស្លាប់​យ៉ាងតិច​13​នាក់

ការ​ផ្ទុះ​ឆេះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រោងចក្រ​ប្រេង​-​គីមី​មួយ​នៅ​ភាគ​អាគេ្នយ៍​ម៉ិចស៊ិក​មក​ដល់​ថ្ងៃ​ទី​២១ មេ​សា តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​១៣​នាក់ ហើយ​មនុស្ស​ជិត​១៤០​នាក់​រង​របួស ។

ការ​ហុយផ្សែង​លាយ​សារធាតុ​គីមី​បង្ក​ឱ្យ​ប្រជាជន​មាន​ភាព​ជ្រួលច្របល់​នៅ​ទីក្រុង COATZACOALCOS រដ្ឋ VERACRUZ ត្រូវ​បាន​ទូរទស្សន៍​ទាំងឡាយ​ថត​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ មេ​សា ក្រោយ​ការ​ផ្ទុះ​ដែល​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

លោក LUIS FELEPE PUENTE អ្នកសម្របសម្រួល​ជាតិ​ខាង​កិច្ច​ការពារ​ស៊ី​វិល​អះអាង​តាម TWITTER ថា ការ​ផ្ទុះ​ឆេះ​កើត​មាននៅ​ផ្នែក​ផលិត CHLORURE DE VINYLE និង​អាស៊ីត​ក្លូ​រី​ឌ្រី​ត​សម្រាប់​សហគ្រាស PETROQUIMICA MEXICANA DE VINILO ដែល​ធ្វើ​ប្រតិបត្តិការ​បម្រើ​ឱ្យ​ក្រុមហ៊ុន​ប្រេង​យក្ស​ម៉ិចស៊ិក PEMEX នៅ​ទីក្រុង COATZACOALCOS ជិត​ឈូង​សមុទ្រ​ម៉ិចស៊ិក ។ យើង​ត្រួតពិនិត្យ​តំបន់​រង​ការ​ប៉ះពាល់ ហើយ​កាយ​រក​ឃើញ​សាកសព​មនុស្ស​១៣​នាក់ ។

អាជ្ញាធរ​ប៉ុនប៉ង​កំណត់​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នេះ ។ បើ​តាម​លទ្ធផល​ដំបូង​ៗ នៃ​ការ​ស៊ើបអង្កេត​ថា ការ​ផ្ទុះ​អាច​បណ្តាល​មក​ពី​ការ​ធ្លាយ​វត្ថុ​ធាតុ​ងាយ​ឆេះ ។ និយោជិត​ប្រមាណ​ជា​១០០​នាក់​នៃ​រោងចក្រ​នេះ​ត្រូវ​ជម្លៀស​ចេញ ព្រមទាំង​ប្រជាជន​ប្រមាណ​ជា​២.០០០​នាក់ ៕