ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា បាន​សាកល្បង​មី​ស៊ី​ល​MSBS​ដោយ​ជោគជ័យ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ​បាញ់​ពីសមុទ្រ​មក​ដី MSBS ក្រោម​វត្តមាន​មេដឹកនាំ​ប្រទេស​លោក​គី​ម ជុង​អ៊ុ​ន ។

យោង​តាម KCNA ថា ពេល​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ជាមួយ​ជោគជ័យ​ដ៏​ធំធេង​នៃ​ការ​សាកល្បង​នោះ សមត្ថភាព​ប្រតិបត្តិការ​នៃ​នាវាមុជទឹក​របស់​កង​ម៉ា​រី​ន យើង​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង ដោយពេល​នេះ យើង​អាច​វាយប្រហារ​ពួក​អា​យ៉ង​កូរ៉េ​ខាងត្បូង និង​ពួក​ចក្រពត្តិនិយម​អា​មេ​រិ​ក​ក្នុង​ពេល​ណា​ក៏​បាន ។

មុន​ការ​ប្រកាស​នេះ អគ្គសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នូវ​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក MSBS ធុន KN-11 ឬ​ផ្កាយ​ប៉ូ​ល​-១ កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ក៏​ប៉ុន្តែ​មី​ស៊ី​ល​នោះ​អាច​ហោះហើរ​បាន​ត្រឹមតែ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ទាប​ជាង​ចម្ងាយ​ធម្មតា​របស់​មី​ស៊ី​ល ដែល​អាច​បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ ។

ផ្ទុយ​ពី​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​កូរ៉េ​ខាងត្បូង KCNA និយាយ​ថា ការ​បាញ់​មី​ស៊ី​ល​សមុទ្រ​-​ដី​ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​ផ្ទាល់​របស់​យើង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង ហើយ​រាល់​ឧបករណ៍​បច្ចេកវិទ្យា​ដំណើរការ​គួរ​ជាទី​ពេញចិត្ត​ទាំងស្រុង​ដែល​យើង​អាច​ធ្វើការ​វាយប្រហារ​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង ។

សហរដ្ឋអាមេរិក បាន​អះអាង​ពី​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ​កាលពី​ថ្ងៃ​ទី​២៣ មេ​សា តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។ សេចក្តី​ប្រកាស​នោះ​និយាយ​ថា ប្រព័ន្ធ​បញ្ជា​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក (USSTRATCOM) ចាប់​ឃើញ និង​តាមដាន​ចំពោះ​អ្វី​ជា​ការ​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង។ ការ​បាញ់​មី​ស៊ី​ល​នេះ​របស់​កូរ៉េ​ខាងជើង​ពុំ​មែន​ជា​ការ​គំរាមកំហែង​មួយ​ប្រឆាំង​អា​មេ​រិ​ក​ខាងជើង​ឡើយ ។

KCNA គូសបញ្ជាក់​ថា ការ​បាញ់​សាកល្បង​នេះ​មាន​គោលបំណង​សាកមើល​ស្ថេ​រ​ភាព​នៃ​ប្រព័ន្ធ​បាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​ចេញពី​ក្នុង​សមុទ្រ​ជម្រៅ​ជ្រៅ​គួរសម​មួយ​ព្រមទាំង​លក្ខណៈសម្បត្តិ និង​យន្ត​ហារ​នៃ​ការ​បាញ់​បង្ហោះ​ត្រង់ ព្រមទាំង​ភាព​ប្រាកដប្រជា​នៃ​ការ​បំបែក​នៃ​ជាន់​ទាំងឡាយ​របស់​មី​ស៊ី​ល បន្ទាប់​មក​ភាព​ប្រាកដប្រជា​នៃ​កិច្ច​ដំណើរការ​របស់​ក្បាល​ផ្ទុះ​បរមាណូ​នៅ​ក្បាល​មី​ស៊ី​ល​ដែល​រត់​ក្នុង​កម្ពស់​កំណត់​មួយ ។

តាម KCNA ថា ក្រោយ​ការ​បាញ់​សាកល្បង​នេះ​ភ្លាម លោក​គី​ម ជុង​អ៊ុ​ន ធ្វើការ​កត់​សម្គាល់ថា បណ្តា​វិស្វករ និង​អ្នកបច្ចេកទេស​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ដើម្បី​ពង្រឹង​វិទ្យាសាស្ត្រ​សំដៅ​ពង្រឹង​បណ្តា​មធ្យោបាយ​វាយប្រហារ​នុយក្លេអ៊ែរ ហើយ​ប្រកាន់ខ្ជាប់​មាគ៌ា​ដឹកនាំ​យុទ្ធសាស្ត្រ​របស់​បក្ស​យើង​តាម​រយៈ​ការ​អនុវត្ត​វិទ្យាសាស្ត្រ ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ទប់ទល់​វិញ​ដោយ​នុយក្លេអ៊ែរ ៕