បណ្តា​យន្តហោះ F-16 របស់​តួ​ក​គី​វាយប្រហារ​មូលដ្ឋាន​ពួក​PKK​នៅ​អីុ​រ៉ា​ក់

អគ្គសេនាធិការ​កងទ័ព​តួ​ក​គី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ថា យន្តហោះ​ប្រដេញ​១២​គ្រឿង​របស់​កងទ័ពអាកាស​តួ​ក​គី​បាន​ចេញ​ធ្វើការ​វាយប្រហារ​លើ​ទីតាំង​នានា​របស់​ពួក​យុទ្ធ​ជន​នៃ​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អគ្គសេនាធិការ​កងទ័ព​តួ​ក​គី​និយាយ​ថា ប្រតិបត្តិការ​មួយ​ចូលរួម​ដោយ​បណ្តា​យន្តហោះ​ប្រដេញ​ធុន F-16 បាន​កម្ទេច​ទីតាំង​ជា​ច្រើន​របស់​ពួក PKK នៅ​តំបន់ SINATH តំបន់ HAFTANIN និង​តំបន់ METINA ស្ថិត​នៅ​ភាគ​ខាងជើង​អីុរ៉ា​ក់ ។

កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បទ​ឈប់​បាញ់​គ្នា​ដែល​បង្កើត​នៅ​តំបន់​ឃើ​ត​ជា​ច្រើន​នា​ភាគ​អាគ្នេយ៍​តួ​ក​គី​ត្រូវ​បាន​កាត់​ផ្តាច់ ហើយ​ក៏​ផ្ទុះ​ឡើង​វិញ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កង​កម្លាំង​សន្តិសុខ​តួ​ក​គី និង​ពួក​យុទ្ធ​ជន​ក្រុម PKK ។ ប្រតិបត្តិការ​នៅ​តំបន់ SUR ប្រឆាំង​ពួក PKK មាន​រយៈពេល​ដល់​ទៅ​៣​ខែ ជា​ប្រតិបត្តិការ​ប្រើ​ពេល​យ៉ាង​យូរ​ជាង​ប្រតិបត្តិការ​ឯទៀត​ៗ ។ យោង​តាម​អគ្គសេនាធិការ​កងទ័ព​តួ​ក​គី​ថា ពួក​យុទ្ធ​ជន​ឃើ​ត​ជាង​១.០០០​នាក់ បាន​ត្រូវ​សម្លាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ​មក​នៅ​បណ្តា​តំបន់​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ។ ក៏​ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​ជា​គណបក្ស​តួ​ក​គី​ស្និទ្ធ​ពួក​ឃើ​ត​អះអាង​ថា ប្រតិបត្តិការ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ក្នុង​ចំណោម​ជន​ស៊ី​វិល ៕