ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី MH-17 BBC សង្ស័យ​លើ​យន្តហោះ​ប្រដេញ​អ៊ុយ​ក្រែ​ន​ជា​អ្នក​បាញ់

ទូរទស្សន៍ BBC បាន​ធ្វើការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​មួយ​ដោយ​អះអាង​ពី​ការ​សន្និដ្ឋាន​ថា យន្តហោះ​ប៊ូ​អុ​ី​ញ​ម៉ា​ឡេ​ស៊ីជើង​ហោះហើរ MH-17 អាច​បាញ់​ធ្លាក់​ដោយ​យន្តហោះ​ប្រដេញ​មួយ​គ្រឿង ហើយ​ពុំ​មែន​ដោយសារ​មី​ស៊ី​ល​មួយ​បាញ់​ចេញពី​ដី​ឡើយ ។

កាលពី​ថ្ងៃ​ទី​២៤ មេ​សា កាសែត​អង់គ្លេស​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​អ្នក​អាន​មានការ​ភ្ញាក់ផ្អើល ដោយ​ផ្សាយ​ពី​ខ្សែភាពយន្ត​ឯកសារ​មួយ​មាន​ចំណងជើង​ថា «CONSPIRACY FILES ៖ WHO SHOT DOWN MH-17» ។ ខ្សែភាពយន្ត​ឯកសារ​នេះ​នឹង​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣ ឧសភា ខាង​មុខ​នេះ តាម​ទូរទស្សន៍ BBC TWO ។

យោង​តាម​កាសែត THE SUNDAY EXPRESS ថា ខ្សែភាពយន្ត​ឯកសារ​នេះ​មានការ​ចោទប្រកាន់​គួរ​ឱ្យ​ក្តុកក្តួល​ថ្មី​ៗ​លើ​សោកនាដកម្ម​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៤ ក្នុង​ដែនអាកាស​តំបន់ DONBASS អ៊ុយ​ក្រែ​ន ។

គួរ​រំលឹក​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ជើងហោះហើរ MH-17 ហោះ​ចេញពី​ទីក្រុង​អាម​ស្ទ័​រ​ដាម​ទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ត្រូវ​បាន​បាញ់​ធ្លាក់​ដោយ​មី​ស៊ី​ល​មួយ​គ្រាប់ ។ ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​មនុស្ស​២៩៨​នាក់​ជិះ​ក្នុង​យន្តហោះ​ត្រូវ​ស្លាប់​ទាំងអស់ ។

យោង​តាម​ការ​សន្និដ្ឋាន​នានា​នៃ​ការ​ស៊ើបអង្កេត​ផ្លូវការ​រយៈពេល​ជាង​១​ឆ្នាំ​ដោយ​ការិយាល័យ​សន្តិសុខ​ហូ​ឡង់ OVV ថា យន្តហោះ​នេះ​ត្រូវ​កម្ទេច​ដោយ​មី​ស៊ី​ល​មួយ​គ្រាប់​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​អាកាស BOUK ។ មានការ​បកស្រាយ​ផ្សេង​ៗ​គ្នា ពី​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ដែល​កំពុង​ប្រើ​ក្នុង​កងទ័ព​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ។ តាំងពី​ដើម​ទី​មក​ពួក​លោក​ខាងលិច​លើក​ឡើង​ពី​ការ​សន្និដ្ឋាន​នានា​ដែល​ថា មី​ស៊ី​ល​នេះ​ប្រហែលជា​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​អាកាស BOUK ដែល​រុ​ស្ស៊ី​ផ្តល់​ឱ្យ​ពួក​បះបោរ​បំបែក​ខ្លួន​នៃ​សាធារណរដ្ឋ​ដូ​ណេ​ត​ស្ក៍។ ក៏​ប៉ុន្តែ​របាយការណ៍​របស់ OVV ពុំ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ភាគី​ណាមួយ​នៅឡើយ ។

OVV តាំងពី​ដើម​ទី​មក​បដិសេធ​ការ​អះអាង​របស់​អ្នកបច្ចេកទេស​ម្នាក់​នៃ​ព្រ​លាន​យន្តហោះ​យោធា​អ៊ុយ​ក្រែ​ន​ជា​កន្លែង​ដែល​យន្តហោះ​ប្រដេញ​ជា​ច្រើន​គ្រឿង​បំពាក់​ដោយ​មី​ស៊ី​ល​អាកាស​-​អាកាស​បាន​ហោះ​ចេញ​នា​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៤ ។ អ្នកបច្ចេកទេស​រូប​នេះ​ជា​សាក្សី​ដែល​អាច​រត់គេច​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​មក​កាន់​រុ​ស្ស៊ី​និយាយ​ថា យន្តហោះ​ប្រដេញ​មួយ​គ្រឿងក្នុង​ចំណោម​យន្តហោះ​ប្រដេញ​ទាំងនេះ​ពេល​ហោះ​វិល​ត្រឡប់​មក​វិញ​ពុំ​មាន​មី​ស៊ី​ល​ឡើយ រួច​អ្នកបើកបរ​អនុសេនីយ៍ត្រី VLADISLAV VOCOSHIN បាន​ចុះ​ពី​យន្តហោះ​នេះ​ក្នុង​ទឹកមុខ​ស្លេកស្លាំង ។ ពេល​សួរ​ចង់​ដឹង​ថា​តើ​មាន​អ្វី​កើតឡើង អ្នក​បើក​យន្តហោះ​ឆ្លើយ​ទៅ​កាន់​អ្នកបច្ចេកទេស​រូប​នេះ​ថា យន្តហោះ​របស់​គេ​ស្ថិត​នៅ​កន្លែង​អាក្រក់​មួយ​ក្នុង​ពេល​ដ៏​អាក្រក់​...​។

សាក្សី​គន្លឹះ​រូប​នេះ​បាន​រៀបរាប់​ភាព​លម្អិត​ជា​ច្រើន​ទៀត​ទាក់ទិន​នឹង​បេសកកម្ម​របស់​អនុសេនីយ៍ត្រី VOCOSHIN ក៏​ប៉ុន្តែ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិច​ពុំ​បាន​លើក​រឿង​នេះ​មក​និយាយ​ឡើយ ។

ខ្សែភាពយន្ត​ឯកសារ​របស់ BBC ផ្តល់​ភស្តុ​តាង​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ការ​សន្និដ្ឋាន​ដែល​ថា យន្តហោះ​ប៊ូ​អុ​ី​ង​នេះ​របស់​ម៉ា​ឡេ​ស៊ី​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ប្រដេញ​អ៊ុយ​ក្រែ​ន ។

បណ្តា​អ្នកកាសែត​របស់​ទូរទស្សន៍ BBC TWO បាន​សាកសួរ​មនុស្ស​ជា​ច្រើន​សិប​នាក់​ក្នុង​តំបន់​យន្តហោះ​ធ្លាក់ ។ សាក្សី​ទាំងនេះ​អះអាង​ថា បានឃើញ​ពី​ដី​ទៅ​នូវ​យន្តហោះ​ប្រដេញ​២​គ្រឿង​កំពុង​ហោះហើរ​លើ​តំបន់​ពេល​មានការ​ផ្ទុះ​មួយ​លាន់ឮ​លើ​អាកាស ។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សាកសួរ​លោកស្រី​ណា​តា​លី​យ៉ា បេ​រ៉ូ​នី​ណា និយាយ​រៀបរាប់​ថា យើង​កំពុង​ជញ្ជូន​ភោគផល​មក​ផ្ទះ​ពេល​ឮ​ស្នូរ​ផ្ទុះ ។ ដំបូង​យើង​ឃើញ​ផ្សែង​ខ្មៅ​មួយ​រួច​មួយ​វិនាទី​ក្រោយមក​យើង​ឃើញ​យន្តហោះ​តូច​២​គ្រឿង​នៅ​លើ​អាកាស ។ យន្តហោះ​ទាំងនេះ​យើង​មើល​ខូច​តូច​ៗ​ដូច​យន្តហោះ​សម្រាប់​ក្មេង​លេង មាន​ពណ៌​ទឹកប្រាក់ ។ យន្តហោះ​មួយ​ក្នុង​ចំណោម​យន្តហោះ​ទាំង​២​បាន​បន្ត​ហោះ​ទៅ​មុខ ក៏​ប៉ុន្តែ​មួយ​គ្រឿង​ទៀត​ហោះ​បក​ក្រោយ​ភ្លាម​ៗ​ក្រោយ​ការ​ផ្ទុះ ហើយ​ត្រឡប់​មក​វិញ​តាម​ក្រោយ ។

កាសែត THE SUNDAY EXPRESS ក៏​រាយការណ៍​ដែរ​ថា អ្នកកាសែត​ស៊ើបអង្កេត​របស់​កាសែត​អា​ល្លឺ​ម៉​ង់ BILLY SIX បាន​រក​ឃើញ​សាក្សី​យ៉ាងតិច​៧​នាក់​ដែល​អះអាង​ថា បានឃើញ​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​ពេល​យន្តហោះ​ប៊ូ​អុ​ី​ង​ធ្លាក់ ។ ក្នុង​ចំណោម​អ្នក​ទាំងនេះ សាក្សី​ម្នាក់​និយាយ​ថា ខ្លួន​បានឃើញ​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់ បន្ទាប់​មក​គេ​ស្តាប់​ឮ​ការ​ផ្ទុះ​មួយ ។

យោង​តាម​អ្នកកាសែត​អា​ល្លឺ​ម៉​ង់​រូប​នេះ​ថា យន្តហោះ​ប៊ូ​អីុ​ង​ម៉ា​ឡេ​ស៊ី អាច​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ប្រដេញ​២​គ្រឿង ដោយ​យន្តហោះ​មួយ​បាញ់​មី​ស៊ី​ល ហើយ​យន្ត​ហោះ​មួយទៀត​បាញ់​តាម​រយៈ​កាណុង​មួយ ។

ខ្សែភាពយន្ត​ឯកសារ​របស់ BBC ជា​ឯកសារ​សំខាន់​សម្រាប់​បង្ហាញ​សាធារណជន​លោក​ខាងលិច​ពី​ការ​រៀបរាប់​របស់​បណ្តា​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ទាំងឡាយ រួច​ពុំ​មែន​ជា​ការ​និយាយ​របស់​ពួក​អ្នកនយោបាយ ឬ​របស់​ពួក​អ្នក​ឃោសនា​ឡើយ ៕