ព្យុះ​ព្រិល​ប៉ុន​គ្រាប់​កូនគោល​បង្ក​ឱ្យ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ភ័យ​ខ្លាច

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ខណៈ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង​នេះ​ស្រាប់តែ​មាន​ភ្លៀង​លាយ​ព្យុះ​ព្រិល​ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​កូនគោល​បោកបក់​នៅ​ប្រទេស​​មី​យ៉ា​ន់​ម៉ា​។ ព្យុះ​ព្រិល​នេះ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៨​នាក់ ។ ចំណែក​កំពូលចេតិយ និង​អគារ​ជា​ច្រើន​បាន​ខូចខាត ដោយសារ​ព្យុះ​ព្រិល​នោះ​ដែល​កើតឡើង​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​២៣ ដល់​២៤ មេ​សា ២០១៦ ខណៈ​រលក​កម្តៅ​កើន​ខ្ពស់​ដល់​ទៅ​៤០​អង្សា​សេ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ។

លោក​ផា​យូ ឡេ​ឡេ ធុន មន្ត្រី​ក្រសួង​សង្គមកិច្ច​មី​យ៉ា​ន់​ម៉ា​និយាយ​ថា «​អ្វី​ដែល​យើង​បានដឹង​ក្នុង​ពេល​នេះ គឺ​មាន​អ្នក​ស្លាប់​៨​នាក់ និង​ផ្ទះសម្បែង​ខូចខាត​ចំនួន​៧៥០០​ខ្នង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​» ។ បណ្តា​អ្នក​រស់នៅ​ក្នុង​ក្រុង Mandalay និយាយ​ថា ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ខ្យល់​ដែល​បោកបក់​ខ្លាំង រួម​ទាំង​មាន​ភ្លៀង និង​ព្រិល ដោយ​គ្រាប់​ព្រិល​មួយ​ចំនួន​មាន​ទំហំ​ធំ​ប៉ុន​គ្រាប់​កូនគោល ឯ​ភាគច្រើន​មាន​ទំហំ​ប៉ុន​ដុំ​ទឹក​ក​អនាម័យ តូច​ៗ ។

កាសែត « Global New  Light of Myanmar »​ផ្សាយ​ថា ចេតិយ​ជាង​១.៧០០​រង​ការ​ខូចខាត ដោយសារ​ព្យុះ​ព្រិល​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​រដ្ឋ​ឆាន កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា ។

ចំណែក​រូបភាព​បង្ហាញ​នៅ​លើ​ទំព័រ Online បង្ហាញ​ឱ្យ​ឃើញ​កំពូលចេតិយ​អាយុ​ជា​ច្រើន​រយ​ឆ្នាំ​ធ្លាក់​បែកបាក់​រប៉ាត់រប៉ាយ​នៅ​លើ​ដី ៕