អូស្ត្រាលី​ស្នើ​ទិញ​នាវាមុជទឹក​12​គ្រឿង​ពី​បារាំង​មាន​ទឹកប្រាក់​ដល់​50​ពាន់​លាន​ដុល្លារ

ទីបំផុត​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៦ មេ​សា សម្រេច​ទិញ​ពី​ក្រុមហ៊ុន​បារាំង DCNS នូវ​នាវាមុជទឹក​១២​គ្រឿង ។ ថវិកា​នៃ​កម្មវិធី​ការពារ​នេះ​តំណាង​ឱ្យ​ថវិកា​យ៉ាងច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​អូស្ត្រាលី ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ប្រមាណ​ជា​៣៤,៣​ពាន់​លាន​អឺ​រ៉ូ ដែល​រួម​មាន​សម្រាប់​ការ​ផលិត ការ​ផ្ទេរ​បច្ចេកវិទ្យា ប្រព័ន្ធ​ប្រយុទ្ធ និង​ការ​ថែរក្សា​រយៈពេល​២៥​ឆ្នាំ ។

នៅ​ឯ​ការដ្ឋាន​នាវា ADELAIDE ភាគ​ខាងត្បូង​ប្រទេស នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក MALCOLM TUMBULL ថ្លែង​ថា ការ​ទិញ​នាវាមុជទឹក​ទាំងនេះ​ពី​បារាំង​ជា​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវការ​របស់​អូស្ត្រាលី ។ នាវាមុជទឹក​ទាំងនេះ​នឹង​ជា​នាវាមុជទឹក​ទំនើប​បំផុត​នៃ​ពិភពលោក ហើយនឹង​ផលិត​នៅ​ទី​នេះ​ក្នុង​ប្រទេស​អូស្ត្រាលី ។

វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ បាន​សម្តែង​ការ​អបអរ​ភ្លាម​ៗ​តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ចំពោះ​ការ​ជ្រើសរើស​ជា​ប្រវត្តិសាស្ត្រ​នេះ​របស់​អូស្ត្រាលី ។ សេចក្តី​ប្រកាស​នេះ​និយាយ​ថា វា​កំណត់​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​២ ដែល​នឹង​រួម​សហការ​គ្នា​រយៈពេល​៥០​ឆ្នាំ​សម្រាប់​សមត្ថភាព​នាវាមុជទឹក ។

វិមាន​អេ​លី​ហ្សេ​បញ្ជាក់​ថា នេះ​ជា​ជ័យជម្នះ​ថ្មី​មួយ​ដែល​នឹង​បង្កើត​ការងារ និង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ទាំង​នៅ​បារាំង​ក៏​ដូច​ជា​នៅ​អូស្ត្រាលី ។ កម្មវិធី​ទិញ​នាវាមុជទឹក​ទំនើប​ទាំងនេះ​មាន​រយៈពេល​៥០​ឆ្នាំ រួច​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នាវាមុជទឹក​ស្នើ​ទិញ​នេះ​ដំបូង​គេ​គ្រោង​ក្នុង​ឆ្នាំ​២០៣០ ។ នាវាមុជទឹក​ទាំងនោះ​នឹង​ជំនួស​នាវាមុជទឹក​ធុន COLLIN បច្ចុប្បន្ន​៦គ្រឿង ៕