លោក TRUMP ឈ្នះ​ក្នុង​រដ្ឋ​5​ទៀត លោកស្រី​ហ៊ី​ល ឡា​រី ឈ្នះ​ក្នុង​រដ្ឋ​4​ថែម

មហាសេដ្ឋី​លោក DONALD TRUMP ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ឈ្នះ​ក្នុង​រដ្ឋ​៥​ទៀត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​សហរដ្ឋអាមេរិក ចំណែក​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ក្នុង​រដ្ឋ​៤​ថែម​ទៀត ធ្វើ​ឱ្យ​លោកស្រី​មាន​សំឡេង​នាំមុខ​ដាច់​កាន់តែ​ឆ្ងាយ​ពី​គូប្រជែង​លោក BERNIE SANDERS ។

លោក DONALD TRUMP មាន​សំឡេង​នាំមុខ​ក្នុង​រដ្ឋ​ម៉ា​រី​ឡែ​ន ផេ​ន​ស៊ី​ល​វ៉ា​នី ដឺ​ឡា​វ៉ា ខេន​នេ​ក​ធី​ខេត និង​រ៉ូ​ដ​អីុ​សឡែ​ន ។ ជ័យជម្នះ​របស់​លោក​ពិតជា​ធំធេង​ដោយ​ទទួល​សំឡេង​ទៅ​តាម​រដ្ឋ​លើស​ពី​៥០% រហូត​ដល់​៦០% ទល់​នឹង​ព្រឹទ្ធ​សមាជិក​រដ្ឋ​តិច​សាស់ លោក TED CRUZ និង​អភិបាល​រដ្ឋ​អូ​ហៃ​យ៉ូ លោក JOHN KASICH ។

ចំណែក​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន វិញ​ឈ្នះ​ក្នុង​រដ្ឋ​ធំ​ម៉ា​រី​ឡែ​ន និង​ផេ​ន​ស៊ី​ល​វ៉ា​នី ព្រមទាំង​ក្នុង​រដ្ឋ​ខេន​នេ​ក​ធី​ខេត និង​រដ្ឋ​ដឺ​ឡា​វ៉ា ។ រីឯ​ព្រឹទ្ធ​សមាជិក រដ្ឋ​វ័​រ​ម៉ុង លោក BERNIE SANDERS ឈ្នះ​តែ​ក្នុង​រដ្ឋ​តូច​រ៉ូ​ដ​អីុ​សឡែ​ន ។

ក្នុង​រដ្ឋ​ទាំង​៥​ខាងលើ ការ​វាយប្រហារ​របស់​កម្លាំង​ពួក​សាធារណរដ្ឋ​ដែល​ប្រឆាំង​លោក DONALD TRUMP ត្រូវ​បរាជ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។

ការ​តតាំង​គ្នា​ពេល​នេះ ស្ថិត​នៅ​បណ្តា​រដ្ឋ​ដែល​ពុំ​សូវ​គាំទ្រ​លោក TRUMP ចាប់ផ្តើម​ពី​រដ្ឋ​អីុ​ន​ឌី​យ៉ា​ណាមួយ​ស​ប្តា​ហ៍​ទៀត ។ សម្រាប់​លោក TRUMP ប្រការ​សំខាន់​គឺ​ពុំ​ត្រឹម​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ឈ្នះ​ក្នុង​បណ្តា​រដ្ឋ​ដែល​នៅ​សល់​ឡើយ តែ​ត្រូវ​ទាញ​យក​ភាគរយ​ឱ្យ​បាន​ខ្ពស់​បំផុត​ក្នុង​រដ្ឋ​១០​ចុង​ក្រោយ ដើម្បី​ឱ្យ​បាន​ចំនួន​ប្រតិភូ​អ្នកបោះឆ្នោត​បាន​១.២៣៧ ដែល​ចាំបាច់ ជាប់​ជា​បេក្ខជន​សម្រាំង​ចុង​ក្រោយ​ពុំ​អាច​ប្រកែក​បាន​មុន​អនុសញ្ញា CLEVELAND នា​ខែកក្កដា ។

ចំពោះ​លោកស្រី​គ្លី​ន​តុ​ន ជាមួយ​ជ័យជម្នះ​ថ្មី​ក្នុង​រដ្ឋ​៤​ទៀត ឈាន​ទៅ​ដល់​ការ​នាំមុខ​ដាច់​កាន់តែ​ឆ្ងាយ​លើ​លោក BERNIE SANDERS ៕