ក្រុង​សេ​អ៊ូ​ល​ចង់​បង្កើន​ទ្វេ​ដង​ការ​នាំ​ចូល​ប្រេង​អីុរ៉​ង់

យោង​តាម YONHAP ថា ប្រភព​ព័ត៌មាន​ឧស្សាហកម្ម​ប្រេង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​២៦ មេ​សា ថា ប្រទេស​កូរ៉េ​ខាងត្បូង​ចង់​បង្កើន​ទ្វេ​ដង​ការ​នាំ​ចូល​ប្រេង​ឆៅ​ពី​អីុ​រ៉​ង់ ។

ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តេ​ហេ​រ៉​ង់​ប្រហែលជា​ចុះហត្ថលេខា​នា​ខែ​ខាង​មុខ​នេះ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ស្តី​ពី​ពាណិជ្ជកម្ម​ប្រេងកាត​ទ្វេភាគី​នា​ឱកាស​នៃ​ទស្សនកិច្ច​នៅ​អីុរ៉​ង់​របស់​លោកស្រី​ប្រធានាធិបតី PARK GEUN HYE ដែល​ដឹកនាំ​គណៈប្រតិភូ​មួយ​អមដំណើរ​ដោយ​ពាណិជ្ជករ​ប្រមាណ​ជា​២០០​នាក់ ។

ប្រភព​ឧស្សាហកម្ម​មួយ​និយាយ​ថា កូរ៉េ​ខាងត្បូង និង​អីុរ៉​ង់​ត្រូវ​ចុះហត្ថលេខា​លើ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​ជា​ច្រើន ហើយ​កូរ៉េ​ខាងត្បូង​ស្វែងរក​ប្រភព​ផ្តល់​ប្រេង​ឆៅ​ដែល​មាន​លំនឹង រួច​អីុ​រ៉​ង់​ជា​មូលដ្ឋាន​មួយ​ដែល​មាន​ទីផ្សារ​នៅ​អាស៊ី​ភាគ​ឦសាន ។

យោង​តាម​ប្រភព​នេះ​ថា ក្រុង​សេ​អ៊ូ​ល​ចង់​បង្កើន​នា​ឆ្នាំ​នេះ​នូវ​ការ​នាំ​ចូល​ប្រចាំ​ថ្ងៃ​នៃ​ប្រេង​ឆៅ​មក​ពី​អុ​ី​រ៉​ង់​ប្រមាណ​ជា​២៨០.០០០​ធុង​ទល់​នឹង​១១៥.០០០​ធុង​កាលពី​ឆ្នាំទៅ​មិ​ញ។

អីុរ៉​ង់​ជា​ប្រទេស​នាំ​ប្រេង​ឆៅ​ចេញ​ធំ​មួយ​មក​កាន់​កូរ៉េ​ខាងត្បូង មុន​ពេល​មានទណ្ឌ​កម្មរបស់​អន្តរជាតិ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ។ កាលពី​ឆ្នាំទៅ​មិ​ញ កូរ៉េ​ខាងត្បូង​នាំ​ចូល​ប្រេង​ឆៅ​អីុរ៉ង់​មាន​ទឹកប្រាក់​២,២​ពាន់​លាន​ដុល្លារ មានការ​ចុះ​ថយ​៥១% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​នេះ ។ កូរ៉េ​ខាងត្បូង​បាន​នាំ​ចូល​ប្រេង​ឆៅ​ពី​អីុរ៉​ង់​មាន​ទឹកប្រាក់​ដល់​ទៅ​៩,៣៦​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១១ ។

ការ​នាំ​ចូល​ប្រេង​អីុ​រ៉​ង់​របស់​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​បង្កើន​នា​ឆ្នាំ​នេះ ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​អីុ​រ៉​ង់ ។ រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ការ​នាំ​ចូល​ប្រេង​អីុរ៉ង់​បង្កើន​ដល់​១៧,៦%​មាន​ទឹកប្រាក់ ៨២៩​លាន​ដុល្លារ ពោល​ប្រមាណ​ជា​២២,៨៥​លាន​ធុង ។

កូរ៉េ​ខាងត្បូង​ក៏​ជំរុញ​ផង​ដែរ​គម្រោង​ស្តុក​ប្រេង​ឆៅ រួម​២​លាន​ធុង​នៅ​ឯ​ទីតាំង​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ៕